តើគួរវិនិយោគអ្វីរវាងដី ផ្ទះល្វែង និងខុនដូ?

0

ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេលទីផ្សារអចលនទ្រព្យ កើនឡើងនូវចំនួនខុនដូយ៉ាងគំហុក និងលំនៅដ្ឋានផ្ទាល់ដី។ តើផ្នែកលំនៅដ្ឋានទាំងពីរនេះមានសក្តានុពលដូចម្តេច សម្រាប់វិនិយោគយកប្រាក់ចំណេញ?។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលមានជំ​នា​ញទិញ លក់លំនៅដ្ឋាននៅតាមបុរីនានា បានថ្លែងឲ្យ Propertyarea.asia ដឹងកាលពីពេលថ្មីៗនេះថា ការទិញអចលនទ្រព្យទាំងនេះ វាអាស្រ័យលើលក្ខខ័ណ្ឌប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់អ្នកវិនិយោគនិមួយៗ។

វិនិយោគទិញដី

ប្រសិនជាចង់វិនិយោគលើដីធ្លី អ្នកវិនិយោគត្រូវដឹងថា ការវិនិយោគបែបនេះមិនមានលំហូរសាច់ប្រាក់ភ្លាមៗនោះទេ។ ហេតុនេះអ្នកវិនិយោគលើដីធ្លីត្រូវមើលលក្ខខ័ណ្ឌប្រាក់ចំណូលរបស់ខ្លួន ព្រោះប្រសិនជាខ្ចីលុយពីធនាគារទិញដី ហើយស្ថានភាពលំហូរសាច់ប្រាក់របស់ខ្លួន មិនមានភាពល្អប្រសើរគួរកុំទិញអី។ ផ្ទុយទៅវិញ ប្រសិនជាអ្នកវិនិយោគមានសាច់ប្រាក់៥០ភាគរយ ហើយខ្ចីលុយធនាគារ៥០ភាគរយ និងមានលំហូរសាច់ប្រាក់អាចដំណើរការបាន គួរវិនិយោគលើដីធ្លីមានឳកាសចំណេញច្រើនជាង។

Advertisement

ការវិនិយោគលើដីធ្លីគួរមើលតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល គួរពិនិត្យលើប្លង់ដីឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសជម្លោះណាមួយ និងគួរមើលពីសក្តានុពលនៅទីតាំងដីរបស់ខ្លួន។

ទិញផ្ទះល្វែង

ការទិញផ្ទះល្វែង ក៏មានឳកាសចំណេញផងដែរ ហើយក៏ជាការវិនិយោគមានលំហូរសាច់ប្រាក់ផងដែរ ព្រោះផ្ទះល្វែងអាចជួលបាន ប៉ុន្តែអ្នកទិញក៏គួរពិនិ​ត្យមើលលំហូរសាច់ប្រាក់របស់ខ្លួន និងទំហំឥណទានដែលត្រូវខ្ចី និងសងត្រលប់ទៅធនាគារបាន។ ការទិញផ្ទះល្វែងនៅតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជ​កម្ម ផ្ទះល្វែងនៅតំបន់ពាណិជ្ជកម្ម មានឳកាសចំណេញខ្ពស់ជាង ប៉ុន្តែក៏មានតំលៃថ្លៃជាងតំបន់លំនៅដ្ឋានសម្រាប់រស់នៅធម្មតាផងដែរ។

ការទិញផ្ទះល្វែង ក៏គួរពិនិត្យទៅលើទីតាំង និងលក្ខខ័ណ្ឌច្បាប់ផងដែរ ដើម្បីបញ្ចៀសហានិភ័យ ដែលធ្វើឲ្យអត្រាចំណេញទាប និងមានហានិភ័យខ្ពស់។

ការទិញខុនដូ

ខុនដូជាវិស័យថ្មីមួយ ដែលទើបមានការពេញនិយមជាបណ្តើរៗនៅកម្ពុជា ។ការវិនិយោគលើខុនដូភាគច្រើនផ្តោតសម្រាប់ជួល យកប្រាក់ត្រលប់មកវិញ ប៉ុន្តែការទុកលក់យកចំណេញ មិនទាន់មានឳកាសចំណេញខ្ពស់ទេ ដោយសារ​លំនៅដ្ឋានជាប់ដី នៅតាមបុរីនានានៅតែមានតម្លសមស្រប និងមានចំនួនច្រើននៅឡើយ។

ហេតុនេះការទិញខុនដូគួរតែវិនិយោគលើទីតាំង ដែលមានការពេញនិយម​ច្រើនពីអ្នកស្នាក់នៅ ដូចជា ក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់ចតុមុខ សង្កាត់បឹងកេងកង១ជាដើម ដែលជាតំបន់មានមនុស្សរស់នៅច្រើន និងមានការពេញនិយម ពីជនបរទេស៕

- Advertisement -

Leave a Reply