តើ​ការ​រៀប​ចំ​ប្រព័​ន្ធ​បង្ការ​ភ្លើង​ឆេះ​លើ​អា​គារ​ខ្ពស់​ៗត្រូវ​បាន​រៀបចំ​ដូចម្តេច​នៅ​កម្ពុជា​

0
សំណង់អគារខ្ពស់ៗដែលកំពុងសាងសង់ និងសាងសង់រួច​នៅក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​ភាព​រីកចម្រើន​យ៉ាង​លឿន​ នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ជាពិសេស​ វត្តមាន​នៃ​សំណង់​អគារ​ខ្ពស់​ៗចាប់ពី​កម្ពស់១០ជាន់ឡើង​ បាន​និង​កំពុង​កើនឡើង​រហូតដល់​ជាង១០០០អាគារ​នៅ​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​សំណួរ​សួរ​ថា​តើ​អ្នក​អភិវឌ្ឍទាំងនោះ​បាន​រៀប​ចំ​ប្រព័​ន្ធ​បង្ការ​ហានិភ័យ​ ករណី​មាន​អគ្គិភ័យ​ឆេះ​មាន​ស្តង់​ដា​បែប​ណា​នៅតែ​ជា​សំណួរ​មួយ​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ អ្នកនាង​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៥​ ឧសភា​កន្លងមក​ថា​ នៅ​កម្ពុជា​វិធានការ​ការពារ​ហានិភ័យ​អគ្គីភ័យ​នៅ​តាម​អគារ​ខ្ពស់​ៗ ដែល​មាន​កម្ពស់​ចាប់ពី ១០ ជាន់ឡើង​ទៅ​ ភាគច្រើន​ហាក់​នៅ​មាន​ភាព​ចន្លោះប្រហោង​ច្រើន​នៅឡើយ​ ដោយហេតុថា​ការ​ចំណាយ​ទៅលើ​ឧបករណ៍​បង្ការ​ និង​សង្គ្រោះ​បឋម​ដែល​ត្រូវ​បំពាក់​នៅ​តាម​ជាន់​នី​មួយ​ៗនៃ​អគារ​ខ្ពស់​ៗទាំងអស់​នោះ​គឺ​មានតម្លៃ​ថ្លៃ​ ខណៈ​ដែល​ច្បាប់​បង្ការ​នៅ​កម្ពុជា​នៅ​មិនទាន់​មានការ​រឹ​តបណ្តឹ​ងនៅ​ឡើយ​។

អ្នកនាង​បាន​បន្ត​ទៀត​ថា​ “ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​យ៉ាង​គំហុក​នៅ​កម្ពុជា​ គឺ​មាននៅ​ត្រឹម​រយៈពេល​ប្រមាណ ១០ឆ្នាំ​ចុងក្រោយ​នេះ​ ជាពិសេស​ចំពោះ​កំណើន​នៃ​វត្តមាន​អគា​ពាណិជ្ជកម្ម​ចម្រុះ​ ក៏ដូចជា​សំណង់​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ឬហៅ​ថា​ ខុន​ដូរ​ ដែល​មាន​កម្ពស់​ខ្ពស់​ៗ តែម្ដង​”។ អ្នកនាង​បន្ថែម​ថា​ “យើង​ហាក់​មិនទាន់​មានការ​ត្រៀមខ្លួន​ និង​រៀបចំ​ច្បាប់​ក្នុង​ការគ្រប់គ្រង​ហានិភ័យ​ដូចដែល​បាន​លើកឡើង​ខាងលើ​នេះ​នៅឡើយ​”។

ទោះជាយ៉ាងណា​អ្នកនាង​ធីតា​បាន​ទទួលស្គាល់​ថា​ ក្នុងចំណោម​អ្នក​អភិវឌ្ឍ​ទៅលើ​វិស័យ​សំ​ណង់​ធំៗ​ និង​ខ្ពស់​ៗទាំងអស់​នោះ​ ក៏​មានការ​ត្រៀម​ទុក​ និង​ធ្វើឡើង​ទៅ​តាម​ស្ដ​ង់​ដា​នៃ​អគារ​ខ្ពស់​ៗផង​ដែរ​ ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​បរទេស​ ដោយ​ពួកគេ​យក​តម្រាប់​តាម​ស្ដ​ង់​ដារ​នៅក្នុង​ប្រទេស​គេ​។

លោក​ នេត​ វន្ថា​ ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ និង​ពន្លត់​អគ្គីភ័យ​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តាម​ភាព​ជាក់ស្តែង​ នាយកដ្ឋាន​បង្ការ​និង​ពន្លត់​អគ្គីភ័យ​របស់​យើង​ អាច​មានលទ្ធភាព​ក្នុង​ការគ្រប់គ្រង​ និង​សង្គ្រោះ​ត្រឹម​អគារ​ដែល​មាន​កម្ពស់៤​-៥ ជាន់​តែប៉ុណ្ណោះ​ បើ​ខ្ពស់​ជាង​នេះ​ យើង​នៅ​មិនទាន់​មានលទ្ធភាព​នៅឡើយ​ទេ​។ ប៉ុន្តែ​ក្នុង​នោះ​ច្បាប់​ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋាភិបាល​ និង​ដាក់​ឱ្យ​អនុវត្ត​ក៏បាន​បញ្ជាក់​ពី​កាតព្វកិច្ច​ និង​ការទទួលខុសត្រូវ​របស់​អ្នក​អភិវឌ្ឍ​ ក៏ដូច ជា​ម្ចាស់​អគារ​ ត្រូវតែ​មានការ​ចូលរួម​ទទួលខុសត្រូវ​ទៅលើ​តួ​សំណង់​អគារ​នី​មួយ​ៗ ដោយ​ចាំបាច់​ត្រូវតែ​មានការ​បំពាក់​នូវ​ឧបករណ៍​បង្ការ​ និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​នៅ​តាម​បន្ទាប់​ នៅ​តាម​ជាន់​នី​មួយ​ៗ ជាមួយ​បច្ចេកទេស​ដែល​អាច​ទុកចិត្ត​បាន​។

​លោ​កបន​ន្ត​ថា​ “ចំណុច​នេះ​យើង​អត់មាន​គិតថា​ខ្ពស់​ ឬទាប​នោះ​ទេ​ តែ​ត្រូវ​អនុវត្ត​មាន​អនុក្រឹត្យ​លេខ១៣១​ និង​អនុក្រឹត្យ​លេខ​ ៨៧​ ស្តី​ពី​ចំណាត់ថ្នាក់​សំណង់​ ដែល​បាន​កំណត់​នូវ​ទំ​ហ៊ុនៃ​ចំនួន​ក្រឡាផ្ទៃ​ ដែល​កំណត់​ត្រូវតែ​មាន​បំពាក់​ឧបករណ៍​ និង​ប្រព័ន្ធ​បង្ការ​ និង​ពន្លត់​អគ្គីភ័យ​ជាចាំបាច់​”។

លោក​បន្ត​ថា​ យើង​មាន​ក្រុម​អធិការកិច្ច​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ នៅ​តាម​គោលដៅ​ ហើយ​បើ​ឃើញថា​ មាន​ម្ចាស់​សំណង់​អគារ​ណាមួយ​ដែល​មិនបាន​អនុវត្ត​ និង​គោរព​ទៅតាមច្បាប់​នោះ​ យើង​នឹង​មានការ​អនុវត្ត​ចំនួន៣វិធានការ​ ដោយ​ទី១​ មាន​ការ​ធ្វើ​លិខិត​ព្រមាន​លាយ​ល័ក្ខ​ជា​អក្សរ​ ទី២​ ផ្អាក​សម្ម​ភាព​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ប្រតិបត្តិ​ការ​ផ្នែក​ណាមួយ​របស់​សំណង់​អាគារ​ ហើយ​ទី៣​ នឹង​ឈាន​ដល់​ការ​ផាកពិន័យ​ និង​បញ្ចូន​ទៅ​តុលាការ​ ព្រមទាំង​ផ្អាក​សកម្មភាព​ទាំងស្រុង​តែម្ដង​។

​លោក​នេត​ វន្ថា​បាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​បង្ការ​គ្រោះ​អគ្គីភ័យ​ ដែល​អាច​កើតមាន​ជាយថាហេតុ​ ដូច្នេះ​មានតែ​ការចូលរួម​សហការ​ពីសំណាក់​ម្ចាស់​អគារ​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​នានា​ ធ្វើ​យ៉ាងណា​គោរព​ទៅតាម​គោលការណ៍​ដែល​បាន​កំណត់​ និង​ដាក់ចេញ​ឱ្យ​អនុវត្ត​ជាដាច់ខាត​ ដើម្បី​បញ្ចៀស​នូវ​គ្រោះ​មហ​រន្ត​រាយ​ និង​ការខាតបង់​។ ជាពិសេស​ត្រូវ​មានការ​យកចិត្ត​ទុក​ដាក់​ខ្ពស់ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ ក៏ដូចជា​ការ​ដឹកជញ្ជូន​ ការ​រក្សាទុក​នូវ​សម្ភារ​ផ្សេង​ៗដែល​ងាយ​បង្ក​ជា​អគ្គីភ័យ​។

អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​នេះ​ បាន​និយាយ​ការពារ​និង​សម្រាល​ហានិភ័យ​លើ​បញ្ហា​នេះ​។

លោក​ឧកញ៉ា​សៀ​ រិទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ World​ Bridge​ Land​ Group ​ដែល​កំពុង​អភិវឌ្ឍន៍​អាគារ​កប់​ពពក​ចំនួន​ពីរ​នៅ​ក្បែរ​កោះ​ពេជ្រ​ គឺ​គំរោង​ The​ Bridge​ និង​គំរោង ​The​ PeAk​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ អ្នក​អភិវឌ្ឍន៍​ឬអ្នក​វិនិយោគ​សាង​សង់​អា​គារ​ខ្ពស់​ៗ ពួកគេ​ចំណាយ​ទុន​រាប់​លាន​ដុល្លារ​អាមេរិក​ ហេតុនេះ​ពួកគេ​បាន​គិតគូរ​ពី​បញ្ហា​នេះ​រួចហើយ​ ទាក់ទង​នឹង​ប្រព័​ន្ឋ​សុវត្ថិភាព​នៅ​តាម​អាគារ​និ​មួយ​ៗ ដូចជា​ជណ្តើរ​សង្រ្គោះ​ ប្រព័​ន្ឋ​កណ្តឹ​ងរោទ៍​នៅ​តាម​អាគារ​និ​មួយ​ៗ មាន​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ និង​ប្រព័​ន្ឋ​បាញ់​ទឹកជា​ស្វ័យប្រវត្តិ​ផង​ដែរ​។

លោក​ឧកញ៉ា​បន្ត​ថា​ “ប្រព័​ន្ឋ​បង្ការ​អគ្គិភ័យ​ តែងតែ​ត្រូវ​បាន​គិត​គូ​ជាអាទិភាព​របស់​អ្នក​វិនិយោគ​សាងសង់​អា​គារ​ខ្ពស់​ៗ ព្រោះ​គំរោង​និ​មួយ​ៗចំណាយ​ទុន​ច្រើន​ ដែល​មិន​អាច​ប្រហែស​បាន​នោះ​ទេ​”។

សំណង់អគារខ្ពស់ៗដែលកំពុងសាងសង់ និងសាងសង់រួច​នៅក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

អនុប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ តាមធម្មតា​នៅពេល​និយាយ​ពី​ហានិភ័យ​ ការ​ធ្វើអ្វី​មួយ​ក៏​មាន​ហានិភ័យ​ដែរ​ ប៉ុន្តែ​ការ​រក​វិធី​បង្ការ​ជាមុន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ជា​រឿង​ចាំបាច់​ដែល​អ្នក​វិនិយោគ​សាងសង់​អា​គារ​ខ្ពស់​ៗ បាន​ចាត់ទុកជា​អាទិភាព​រួចហើយ​ ព្រោះ​បើសិនជា​ម្នា​ក់ៗ​ភ័យខ្លាច​ស្នាក់នៅ​អា​គារ​ខ្ពស់​ៗ ពិភពលោក​នេះ​នឹង​មិន​មាន​អាគារ​ខ្ពស់​ ដែល​កំពុង​សាងសង់​ប្រណាំងប្រជែង​គ្នា​ពី​បណ្តា​ប្រទេស​នានា​ឡើយ​។

លោក​បន្ត​ថា​ “ប្រព័​ន្ឋ​បង្ការ​ហានិភ័យ​នៅ​តាម​អា​គារ​ខ្ពស់​ៗ ពិតជា​រឿង​មួយ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ពី​អ្នក​អភិវឌ្ឍន៍​នានា​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​អ្នក​អភិវឌ្ឍន៍​ដែល​មាន​លុយរាប់​រយ​លាន​ដុល្លារ​ នឹង​មិន​ប្រហែស​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​អាគារ​ពួកគេ​ដោ​យងាយៗ​ឡើយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here