ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសចម្រុះចំពោះកិច្ច សិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយ ផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 និងការព្យួរប្រព័ន្ធអនុ គ្រោះពន្ធលើមុខទំនិញមួយចំនួន ក្នុងក្របខណ្ឌ”ទំនិញគ្រប់យ៉ាងលើកលែង តែសព្វាវុធ (EBA)”។
យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលដែលបានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ កន្លងមកនេះបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចនេះមានសមាសភាព៨រូប មកពីក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ៤រូប និងធនាគារជាតិ នៃកម្ពុជា៤រូប ដោយផ្តោតលើការសិក្សា និងវាយតម្លៃ សាភាពការណ៍នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងការព្យួរ EBA។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីនេះ បានចេញរបាយការណ៍របស់ខ្លួនដោយបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នឹងធា្លក់នៅត្រឹម២,៣ភាគរយ ដោយសារតែការរីករាលដាលជាកលនៃជំងឺ COVID-19 ក្នុងនិងក្រៅប្រទេស ។
លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំកម្ពុជា និយាយថា ក្នុងឆ្នាំ២០២០ វិស័យធំៗដែលជំរុញកំនើនសេដ្ឋកិច្ចកម្ពុជាបានធា្លក់ចុះ ស្ទើគ្រប់វិស័យដោយសារតែវិបត្តិសកលលោកនៃមេរោគ COVID-19 ។ ក្នុងនោះផ្នែកសេវាកម្មរបស់កម្ពុជា នឹងធ្លាក់ចុះប្រមាណ១,៧ភាគរយ ដោយសារឱនភាពវិស័យទេសចរ និងការថមថយនៃកំនើនអចលនទ្រព្យ។
រីឯកំណើនវិស័យឧស្សាហកម្ម នឹងចុះដល់៦,៥ភាគរយ ដោយសារកម្រិតទាប នៃផលិតកម្ម សម្លៀកបំពាក់ សម្រាប់ការនាំចេញ ក៏ដូចជាវិស័យសំណង់ដែលបន្ថយល្បឿន។ ការធ្លាក់នៃកំនើនតាមវិស័យនីមួយៗនេះ នឹងនាំឲ្យកម្ពុជាដែលជាប្រទេសមានសន្ទុះសេដ្ឋកិច្ចខ្លាំងក្នុងពីរទសវត្សរ៍(២០ឆ្នាំ) ចុងក្រោយនេះ មានកំណើនសេដ្ឋកិច្ចជាតិនៅត្រឹម២,៣ភាគរយសម្រាប់ឆ្នាំ២០២០ ។
យ៉ាងណាក៏ដោយតាមការព្យាករណ៍ និងការរំពឹងទុករបស់ ADB បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងហត់ឡើងវិញ ដល់កម្រិត៥,៧ភាគរយក្នុងឆ្នាំ២០២១ ប្រសិនបើការរាតត្បាតនៃជំងឺ Covid-19 ត្រូវបញ្ចប់ ហើយសកម្មភាពសេដ្ឋកិច្ច នឹងវិលមករកភាពប្រក្រតីវិញ តាមរយៈការចាក់វិធានការនានាជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាបានទទួលរងនូវផលប៉ះពាល់ ដោយសារការរាតត្បាត Covid-19 ជាពិសេសលើវិស័យទេសចរណ៍ និងឧស្សាហកម្មផ្សេងៗផងដែរ តែមិនមែនរងផលប៉ះពាល់ដោយសារតែការព្យួប្រព័ន្ធអនុគ្រោះពន្ធ EBA របស់គណៈកម្មការសហភាពអឺរ៉ុបនោះទេ។
សម្តេចបន្តថា “ការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះព័ន្ធ EBA របស់សហភាពអឺរ៉ុប យូនិងឆាប់គង់តែកាត់បាត់ទាំងអស់ ហើយជាមួយគ្នានេះ យើងក៏មានលទ្ធភាពបង់ពន្ធ ដែលតាមការប៉ាន់ស្មាន គឺប្រមាណ១០០លានដុល្លារក្នុងមួយឆ្នាំ។ សម្តេចបន្ថែមថា “យើងមិនយកអធិតេយ្យភាពកម្ពុជា ដោយារផ្តល់ជំនួយណាមួយនោះឡើយ។
យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលរូបនេះកាលពីកន្លងមកនេះ បានដាក់ចេញនូវវិធានការផ្សេងៗជាច្រើន ដើម្បីស្រោចស្រងសេដ្ឋកិច្ចកម្ពុជា ក្នុងកាលៈទេសៈនៃការរីករាលដាលជាសកល នៃជំងឺ Covid-19 ទៅលើសណ្ឋាគារ រោងចក្រកាន់ដេរ សហគ្រាសធុនតូច និងមធ្យមជាដើម៕