តើ​វិបត្តិ​នៅ​ទីក្រុង​ហុងកុង​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាស៊ី​ផុយស្រួយ​យ៉ាងដូចម្តេច?

0

ដោយ Donald Lee

ហុងកុងៈ ប៉ូលីស​ហុងកុង​បាន​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ ដែល​កាន់កាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង រយៈពេល​ពីរ​ថ្ងៃជាប់ៗគ្នា ខណៈដែល​ជម្លោះ​ដែលមាន​អាយុកាល​ជាង ១០សប្តាហ៍​មាន​ភាពច្របូកច្របល់។

ការតវ៉ា​បានចាប់ផ្តើម​នៅពេល​រដ្ឋបាល​ហុងកុង ដែល​គាំទ្រ​ដោយ​ចិន​បានស្នើ​ច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​ប្រជាជន​ហុងកុង ទៅកាន់​តុលាការ​ចិន​នៅលើ​ដីគោក។ ដើម្បី​ធ្វើឱ្យ​ពួក​បាតុករ​ស្ងាប់​ស្ងាត់ រដ្ឋបាល​ហុងកុង​ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ Carrie Lam បាន​ព្យួរ​ច្បាប់​នេះ​ចោល។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន បាន​ពណ៌​នាពី​កន្លែងកើតហេតុ​នៅក្នុង​ទីក្រុង​ហុងកុង​ថា​ជា “តំបន់​សង្គ្រាម” ហើយ​បាន​និយាយ​សំដៅទៅ​ក្រុមអ្នកតវ៉ា​ថា​ជា “ភេរ​វករ” ដែល​ធ្វើឱ្យ​អ្នកវិភាគ​មួយចំនួន​ជឿជាក់ថា ចិន​កំពុង​ត្រៀម​បញ្ជូន​កងទ័ព​ដែល​ប្រមូលផ្តុំ​នៅតាម​ព្រំដែន​ហុងកុង។

ក្រុម​អ្នកជំនាញ​ជឿជាក់ថា ការតវ៉ា​ក៏​ជាប់ទាក់ទង​នឹង​វិសមភាព​សេដ្ឋកិច្ច នៅក្នុង​ទីក្រុង​ថ្លៃ​បំផុត​នៅលើ​ពិភពលោក​ផងដែរ។

ប្រជាជន​ជិត៧,៥លាន​នាក់​រស់នៅក្នុង​ទីក្រុង​នេះ ជាមួយនឹង​តម្លៃ​អចលនទ្រព្យ​ខ្ពស់ជាង​ញូវយ៉ក តូ​ក្យូ សេ​អ៊ូ​ល និង​ឡុង​ដុង ប៉ុន្តែ​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹមតែ ៤,៥០ដុល្លារ​ក្នុង​មួយ​ម៉ោង។ ប្រជាជន​ហុងកុង មិន​ត្រឹមតែ​ធ្វើការ​រយៈពេល​យូរ​បំផុត​មួយ​នៅលើ​ពិភពលោក​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​បង់ថ្លៃ​ឈ្នួល​ខ្ពស់បំផុត​ផងដែរ។

យោងតាម​អាជ្ញាធរ​ហុងកុង​បាន​ឲ្យ​ដឹងថា ប្រជាជន​ជាង២៥០.០០០នាក់​បានដាក់​ពាក្យសុំ ហើយ​កំពុង​រង់ចាំ​ការគាំទ្រ​ពី​រដ្ឋាភិបាល សម្រាប់​ការទទួលបាន​ផ្ទះ​សាធារណៈ។ លក្ខណៈវិនិច្ឆ័យ​សម្រាប់​ការដាក់​ពាក្យសុំ គឺ​សម្រាប់​អ្នក​ដែលមាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ ១២,០០០ដុល្លារ​ឬ​ទាប​ជាង​នេះ។

មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ភ័ស្តុភារ​អាស៊ី

ទីក្រុង​ហុងកុង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​អាស៊ី​អស់​ជាច្រើន​ជំនាន់។ ផ្សារភាគហ៊ុន​ហុងកុង​គឺ​ធំជាងគេ​ទី៤នៅលើ​ពិភពលោក ធំ​ជាង​ផ្សារភាគហ៊ុន​ទីក្រុង​ឡុង​ដែលមាន​មូលធននីយកម្ម​ទីផ្សារ​ជិត៤ទ្រី​លាន​ដុល្លារ។

ការតវ៉ា​អស់​រយៈពេល​ជាង១០សប្តាហ៍ បានធ្វើឱ្យ​តម្លៃ​ភាគហ៊ុន​នៅ​ហុងកុង​ធ្លាក់ចុះ​ដល់៥០០ពាន់​លាន​ដុល្លារ។

លោក Daniel Ten Kate និពន្ធ​នាយក​នៃ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg Asia នៅក្នុង​កម្ម​ពិធី​វិទ្យុ​អាមេរិក​មួយ បាន​និយាយថា “ក្រុមហ៊ុន​ចិន​ជាច្រើន និង​ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ជាច្រើន កំពុង​សម្លឹងមើល​ទីផ្សារ​ហុងកុង​ដើម្បី​បង្កើន​ប្រាក់។

លោក​បាន​បន្ថែមថា “ចិន​មានការ​គ្រប់គ្រង​មូលធន​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យមាន​ការលំបាក​ក្នុង​ការផ្លាស់​ប្តូរប្រាក់​ចូល និង​ចេញ ហើយ​ហុងកុង​គឺជា​កន្លែង ដែល​ក្រុមហ៊ុន​ជាច្រើន​អាចបង្កើត​ហាង​បាន​យ៉ាង​ងាយស្រួល និង​អាច​ចូលទៅ​កាន់​ទីផ្សារ​វិនិយោគ​ជាច្រើន​នៅលើ​ពិភពលោក។

លើសពីនេះ​ទៀត ទីក្រុង​ហុងកុង​ដើរតួនាទី​យ៉ាងសំខាន់ ជា​មជ្ឈមណ្ឌល​ដឹក​ជ​ញ្ចូ​ន​ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ដែល​បានរួម​ចំណែក៥ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ទីក្រុង​នេះ។

ការបិទ​ព្រលានយន្តហោះ​ដោយ​ក្រុមអ្នកតវ៉ា ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ហុងកុង​ដែល​កំពុង​ធ្លាក់ចុះ។

លោក Kate បាន​ថ្លែងថា “បើ​និយាយ​ក្នុងន័យ​ផ្ទុយ​នៅក្នុង​រឿង​នោះ គឺ​ប្រហែលជា​ការតវ៉ា និង​ការពិត​ដែលថា​មាន​ភាព​គ្មាន​ច្បាប់​បែបនេះ នៅក្នុង​ទីក្រុង​ហុងកុង​នៅពេលនេះ ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ហុងកុង ចំពោះ​នីតិរដ្ឋ និង​កំពុង​ធ្វើឱ្យ​ក្រុមហ៊ុន​បរទេស និង​វិនិយោគិន​បរទេស​ទូទៅ​គិត​ពីរដង​អំពី​ក្នុងការ​រស់នៅ​ទីនេះ។

តួនាទី​សំខាន់​របស់​ហុងកុង ក្នុង​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន។

ទីក្រុង​ហុងកុង​ក៏មាន​តួនាទី​សំខាន់ នៅក្នុង​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ (BRI) របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង។

ជិត៦០ភាគរយ​នៃ​ការវិនិយោគ​នៅក្រៅ​ប្រទេស​របស់​ចិន រួមទាំង មូលនិធិ​ពី BRI នៅក្នុង​ប្រទេស​ដទៃទៀត​ត្រូវបាន​ឆ្លងកាត់​តាម​ហុងកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here