តោះស្វែង​យល់​ពីព័ត៌មាន​បន្ថែម​ពី​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ថ្មី ខេត្តកណ្តាល

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកណ្តាលនឹងអាចចាប់ផ្តើមបូមខ្សាច់ចាក់បំពេញ នៅក្នុងឆ្នាំនេះឬដើមឆ្នាំ២០១៩ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

អ្នកជំនាញផ្នែកនគរូបនីយកម្ម លោកបណ្ឌិតវ៉ាន់ វ៉ាតដែលបានដឹកនាំការ​រៀបចំប្លង់គោល ខេត្តកណ្តាល ពិសេសក្រុងតាខ្មៅបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិ​លម៉ិញនេះថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងត្រូវដាក់បញ្ចួលជាតំបន់ពាណិជ្ជកម្មរបស់ខេត្ត នៅក្នុងប្លង់គោលរបស់ខេត្តកណ្តាល ដោយសារការវិនិ​យោ​គសាងសង់ព្រលានថ្មីនេះ នឹងជួយ​ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រ​ទេស ពិសេសតំបន់នោះនឹងមានការអភិវឌ្ឍន៍ខ្លាំង។

លោកបណ្ឌិតបន្តថា “អ្វីដែលក្រុមហ៊ុនកំពុងធ្វើគឺសិក្សាប្លង់លំអិត មុនឈា​ន​ទៅបូមខ្សាច់ចាក់បំពេញនៅពេលខាងមុខនេះ”។ លោកបន្តថា “ព្រលានយន្តហោះថ្មីនេះ គ្របដណ្តប់ឃុំចំនួន៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយវា​មិនជាប់ជាមួយក្រុងតាខ្មៅទេ”។

Advertisement

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ត្រូវបានចុះហត្ថលេខាសាងសង់ក្នុងកំឡុងដំនើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន លឺ ឃឺឈាង និងចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិនរូបនេះ។

ក្រុមហ៊ុន OCIC សហការជាមួយក្រុមហ៊ុនចិន នឹងចំណាយទឹកប្រាក់១៥០០លាដុល្លារ ដើម្បីសាងសង់ព្រលាននេះលើផ្ទៃដីប្រមាណ៨០០ហិកតា។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរី វុត្ថាបានថ្លែងថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងអាចសាងសង់មិនយូរទេ ដោយសារប្លង់ព្រលានយន្តហោះនេះ និងទុនវិនិយោគលើគំរោងនេះមាន​រួចអស់ហើយ ហេតុនេះការសាងសង់នឹងអាចចាប់ផ្តើមនៅឆ្នាំ២០១៩ ឬឆ្នាំ​២០២០ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលណាមួយទេ។

លោកបន្តថា ទីតាំងព្រលាននេះ មានផ្ទៃដីប្រមាណ៨០០ហិកតា។ ​ចំនែកផ្ទៃដីដែលនៅសល់នៃផ្ទៃដីសរុប២៦០០ហិកតានោះ នឹងត្រូវសាងសង់ជាមជ្ឈម ណ្ឌលពាណិជ្ជកម្ម ដើម្បីគាំទ្រនិងធ្វើឲ្យតំបន់ជុំវិញព្រលាននេះ មានសកម្មភាពរសរវើក។

លោកបន្តថា “តាមធម្មតាការវិនិយោគព្រលានយន្តហោះ ចំណាយទុនធំណាស់។ បើធ្វើតែព្រលានក្រុមហ៊ុនមិនអាចរកប្រាក់ចំណេញបានទេ ហេតុនេះ ទើបក្រុមហ៊ុនត្រូវរៀបចំជាតំបន់ពាណិជ្ជកម្មនៅជុំវិញ ដែលយើងហៅថា Airport CITY”៕

- Advertisement -

Leave a Reply