តោះ​អាន​សារ​ដ៏​រំជួលចិត្ត​របស់​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ដែល​ចប់​អាណត្តិ​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សារ​របស់​ឯកឧត្តម​ ហ៊ី​ដេ​ហ៊ី​សា​ ហូរី​ណូ​អ៊ុ​ជិ​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូនចំពោះ​ប្រជាជន​កម្ពុជា​ នា​ឱកាស​បញ្ចប់​បេ​សកម្ម​របស់​ឯកឧត្តម​នៅ​កម្ពុជា​”។

ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​បន្តិច​ ដែល​ជម្រាប​ជូន​ថា​ នេះ​ជា​សារ​ចុងក្រោយ​របស់ខ្ញុំ​ក្នុងឋានៈជា​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

ពេលវេលា​ពិតជា​ដើរលឿន​។ ប្រមាណ៣ឆ្នាំ​កន្លង​ផុត​ទៅ​ ក្រោយពេល​ខ្ញុំ​និង​ភរិយា​បាន​មកដល់​រាជធានី​ភ្នំពេញ​ នា​ឆ្នាំ២០១៦​។ ៣ឆ្នាំនេះ​ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​សម្រាប់​យើងខ្ញុំ​ទាំងពីរ​។ ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ ៧ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​ និង​កម្ពុជា​ ក៏​មានសន្ទុះ​ឈានទៅមុខ​យ៉ាង​ខ្លាំង​ផង​ដែរ​។ ទាំង​ពាណិជ្ជកម្ម​ទ្វេភាគី​ ការ​វិនិយោគ​ផ្ទាល់​ និង​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​នានា​ ក៏​មាន​កំណើន​ខ្ពស់​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ ខ្ញុំ​ក៏បាន​ចូលរួម​ពិធី​សម្ពោធ​ផ្សេង​ៗ នៃ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​របស់​ រដ្ឋាភិបាល​ជប៉ុន​ ដែល​ជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ​ ដូចជា​ការ​ជួសជុល​ស្ពាន​ជ្រោយ​ចង្វា​រជាដើម​។

ចំណែក​ទំនាក់ទំនង​ក្នុង​វិស័យ​នយោបាយ​វិញ​ ខ្ញុំ​មានភ័ព្វ​សំណាង​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន​ កម្ពុជា​ រវាង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​អាបេ​ និង​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចំនួន៣លើក​ក្នុងរយៈពេល៣ឆ្នាំ​កន្លងទៅ​នេះ​។ ខ្ញុំ​មាន​សេចក្តី​សប្បាយរីករាយ​ ដែល​សម្តេច​តេជោ​បានសម្រេច​ចិត្ត​បំពេញ​ទស្សនកិច្ច​ ទៅកាន់​ប្រទេស​ជប៉ុន​ជា​រៀងរាល់​ឆ្នាំ​។ ប្រទេស​ជប៉ុន​បាន​និង​កំពុង​ចូលរួម​ចំណែក​ ក្នុង​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ យើងខ្ញុំ​បាន​បន្ត​ផ្តល់​ជំនួយ​ដល់​កំណែទម្រង់​ ការបោះឆ្នោត​ ហើយ​បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំមុន​ យើង​បាន​ចាប់ផ្តើម​កម្មវិធី​ ដើម្បី​អញ្ជើញ​យុវជន​កម្ពុជា​ ដែល​មាន​ចំណាប់​អារម្មណ៍​ផ្នែក​នយោបាយ​ មក​ពី​ស្ថាប័ន​នានា​ទៅ​ស្វែងយល់​ពី​បទពិសោធន៍​នៅ​ប្រទេស​ជប៉ុន​។

ម្យ៉ាងវិញទៀត​ ខ្ញុំ​ផ្ទាល់​ក៏​ទទួល​បានការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ដែរ​ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា​។ ជាក់ស្តែង​ ទំព័រ​ហ្វេ​សប៊ុ​ករបស់​ស្ថានទូត​ជប៉ុន​ បាន​ទទួលការ​គាំទ្រ​ និង​មតិ​យោ​បល់​ល្អ​ៗជាច្រើន​។

ខ្ញុំ​ និង​ភរិយា​ នឹង​ចាកចេញ​ពីទី​ក្រុងភ្នំពេញ​សប្តាហ៍​ក្រោយនេះ​ ក៏ប៉ុន្តែ​សម្រស់​នៃ​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ក្តី​ស្រមៃ​ដល់​យើងខ្ញុំ​ថា​ នឹង​ត្រលប់​មកកាន់​ទឹកដី​ដ៏​អស្ចារ្យ​នេះ​ជាថ្មី​នា​ថ្ងៃ​អនាគត​។ រាជធានី​ភ្នំពេញ​ នឹង​ប្រែ​មុខមាត់​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​ ជាមួយ​នឹង​ព្រលា​នយន្តហោះ​ថ្មី​ អា​គារ​ខ្ពស់​ៗជាច្រើន​ ព្រមទាំង​ប្រព័ន្ធ​ដឹកជញ្ជូន​ សាធារណៈ​ថ្មី​។ ខ្ញុំ​ក៏អាច​នឹង​មានឱកាស​សាជាថ្មី​ដើម្បី​និយាយ​ភាសាខ្មែរ​។

ជាចុងក្រោយ​ ខ្ញុំ​សូមជូនពរ​ ប្រជាជន​កម្ពុជា​ទាំងអស់​ សូម​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​សូមឲ្យ​ទំនាក់ទំនង​ជប៉ុន​ និង​កម្ពុជា​កាន់តែ​រីកចម្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here