តំបន់​ជ្រៃធំ​នឹង​ក្លាយជា​បេះដូង​របស់​ខេត្តកណ្តាល​

0

ដោយ​ រ៉ា​ណេត​

កណ្តា​ល៖​ តំបន់​ជ្រៃធំ​ ដែល​រដ្ឋាភិបាល​កំពុងតែ​ធ្វើការ​អភិវឌ្ឍ​ ដើម្បី​កែប្រែ​មុខមាត់​ក្នុងនាម​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ កម្ពុជា​ – វៀតណាម​ នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​ក្លាយ​ទៅ​មណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​ ក្នុង​ការដោះដូរ​ទំនិញ​ និង​ជា​បេះដូង​យ៉ាង​សំខាន់​របស់​ខេត្ត​កណតាល​ទាំងមូល​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ខេត្តកណ្តាល​។

ផ្អែក​តាម​សន្ទុះ​នៃ​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំ​ណង់​ធំៗ​ក្រោម​ការ​បណ្តាក់​ទុន​វិនិយោគ​ ពីសំណាក់​អ្នកជំនួញ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ជាពិសេស​ក្រុមហ៊ុន​ចិន​តែម្ដង​ បាន​ជំរុញ​ឱ្យ​តំបន់​ជ្រៃធំ​កែប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ ក្នុង​នោះ​មាន​តំបន់​សេដ្ឋកិច្ច​ និង​ជា​ច្រក​ទ្វារ​អន្តរជាតិ​សម្រាប់​ដោះដូរ​ទំនិញ​។

លោក​នៃ​ ចារី​ អភិបាលរងខេត្ត​កណ្តាល​ មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ប្លង់​គោល​ប្រើប្រាស់​ដី​ ទីប្រជុំជន​ជ្រៃធំ​ ឃុំ​សំពៅពូន​ ស្រុក​កោះធំ​ សម្រាប់​ការ​អភិវឌ្ឍ​ និង​ការ​អភិរក្ស​ប្រកបដោយ​ចីរភាព​ កាលពី​ព្រឹក​ថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅ​សាលាខេត្ត​កណ្តាល​ថា​ តំបន់​ព្រំដែន​ជ្រៃធំ​ និង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​ ប្រែក្លាយ​ជា​បេះដូង​របស់​ខេត្ត​កណ្ដាល​ និង​មានការ​រីកចម្រើន​ពិតប្រាកដ​នា​ពេល​អនាគត​ បន្ទាប់ពី​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​ប្លង់​គោល​។

លោក​បាន​បញ្ជាក់​ថា​ “ទៅ​ថ្ងៃ​អនាគត​តំបន់​ជ្រៃធំ​ និង​ក្លាយជា​ទីប្រជុំជន​ ដែល​មាន​លក្ខណៈ​ស្តង់ដារ​តាមរយៈ​ការកំណត់​តំបន់​ប្រើប្រាស់​ដី​សមស្រប​ ដូចជា​ តំបន់​លំនៅឋាន​ កសិកម្ម​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ទេសចរណ៍​ រដ្ឋបាល​ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បាន​យ៉ាង​ល្អ​ប្រសើរ​ ដែល​ធ្វើឲ្យ​តំបន់​ព្រំដែន​ជ្រៃធំ​ ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​ ក្លាយជា​បេះដូង​របស់​ខេត្ត​កណ្ដាល​ និង​មានការ​រីកចម្រើន​ពិតប្រាកដ​នា​ពេល​អនាគត​”។

អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​បនី​យក​ម្ម​ និង​សំណង់​ លោក​មាន​ ច័ន្ទ​វ៉ាន់​នី​ បាន​លើកឡើង​ថា​ ប្លង់​គោល​ដី​ទីប្រជុំជន​ជ្រៃធំ​ ឃុំ​សំពៅពូន​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ ត្រូវ​បានសម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដោយ​សេចក្ដីសម្រេច​លេខ​ ០០៥​ សសរ ចុះ​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៨​។

លោក​បាន​បន្ត​ថា​ “ការរៀបចំ​ដែនដី​ និង​នគរូបនីយកម្ម​ ត្រឹមត្រូវ​បាន​រួមចំណែក​ក្នុង​ការធានា​ការ​អភិវឌ្ឍ​ និង​អភិរក្ស​ ប្រកបដោយ​ចីរភាព​ តុល្យភាព​ និង​សមធម៌​ ថែមទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ជម្រុ​ញកំ​ណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្នុងរង្វង់៧ភាគរយ​ ក្នុង១ឆ្នាំ​ តាមរយៈ​កំណើន​នៃ​ការ​អភិវឌ្ឍ​ និង​ការសាងសង់​ជា​រៀងរាល់​ឆ្នាំ​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ខេត​ អឹ​ព្រេហ្សល​ (KAT​ APPRAILSAL​) អ្នកនាង​ ចេវ​ សុ​ឃុន​ បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ជ្រៃធំ​ ជាពិសេស​នៅ​ជិត​ច្រកព្រំដែន​ តម្លៃ​ដី​ និង​អចលនទ្រព្យ​នានា​កើនឡើង​ថ្លៃ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​មានការ​រីក​លូតលាស់​ និង​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​។

អ្នកនាង​បាន​បញ្ជាក់​ថា​ “ហេតុផល​ដែល​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ នៅ​តំបន់​នេះ​កើនឡើង​ខ្លាំង​ ក៏​ព្រោះតែ​តំបន់​ច្រក​ជ្រៃធំ​មានការ​អភិវឌ្ឍ​លឿន​ ដែល​វា​ក្រៅពី​ជា​ច្រកចេញ​ចូល​ និង​ដឹកជញ្ជូន​នូវ​ទំនិញ​រវាង​កម្ពុជា​ -វៀតណាម​ វា​ក៏​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​ ជាពិសេស​ជនជាតិ​ចិន​ និង​ម៉ាឡេស៊ី​ ដែល​ភាគច្រើន​ពួកគេ​ផ្តោត​សំខាន់​ លើ​ការ​វិនិយោគ​ផ្នែក​វិស័យ​សំណង់​”។

អ្នកនាង​បន្ត​ថា​ “វិស័យ​សំ​ណង់​ធំៗ​ដែល​កំពុង​សម្រុក​សាងសង់​ រួមមាន​ដូចជា​ សណ្ឋាគារ​ ផ្ទះសំណាក់​ កាស៊ីណូ​ មណ្ឌល​កម្សាន្ត​ អាហារដ្ឋាន​ និង​ហាង​លក់ទំនិញ​ ហើយក៏​មានការ​វិនិយោគ​ផ្នែក​រោងចក្រ​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here