តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់ ៣៧២លាន​ដុល្លារ

0

ដោយ​វុត្ថា

ភ្នំពេញ៖ គិត​ត្រឹម​ឆ្នាំ ២០១៨កន្លងទៅនេះ ការនាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មានទឹក​ប្រាក់​ប្រមាណ ៣៧២លាន​ដុល្លារ​អាមេរិក ពោល​កើនឡើង​ប្រមាណ ៦៨ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​នៅក្នុង​ឆ្នាំ ២០១៧ ។ នេះ បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិឌ្ឍន៍​កម្ពុជា (CDC) នៅក្នុង​កិច្ចប្រជុំ​លើក​ទី ៣ នៃ​គណៈកម្មាធិការ​សម្របសម្រួល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩ នេះ​ដែល​ដឹកនាំ​ដោយ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋនាយករ​ដ្ឋ​មន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក Qian Keming អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន។

- Advertisement -

Advertisement

ប្រភព​ដដែល​បន្តថា បច្ចុប្បន្ន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុន​ចំនួន ១៦១ បាន​ចុះបញ្ជី​វិនិយោគ​ដែលមាន​ដើមទុន​សរុប ចំនួន ៩១៨លាន​ដុល្លារ​អាមេរិក និង​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ចំនួន ២២.៤៩៥ នាក់ ក្នុង​មុខសញ្ញា​ផលិតកម្ម​នានា​ដូចជា៖ គ្រឿង​អេឡិចត្រូនិក ខ្សែ​បង្គុំ​អគ្គិសនី សំបក​រថយន្ត គ្រឿងបន្លាស​រថយន្ត ស៊ីម​ទូរទស្សន៍ សម្ភារៈ​បរិក្ខារ​បន្ទប់​ទឹក ផលិតផល​ក្តារ​ប៉ា​កេ និង​ក្តារ​បន្ទៈ សម្ភារៈ​ការិយាល័យ វត្ថុ​អនុស្សាវរីយ៍ សម្ភារៈ​បរិក្ខារ​កីឡា សម្លៀកបំពាក់ ស្បែកជើង កាបូប និង​វ៉ា​លី​ស និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ។ល។

- Advertisement -

ប្រភព​ដដែល​បញ្ជាក់ថា តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-ចិន ស្របតាម​គោលនយោបាយ​ចតុកោណ និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ចិន។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ចម្ងាយ​ប្រមាណ១៣ គីឡូម៉ែត្រ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ ត្រូវបាន​បង្កើតឡើង​តាមរយៈ​អនុក្រឹត្យ​លេខ ២៤ អនក្រ.បក ចុះ​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០០៨ លើ​ទំហំ​ដី ១១១៣ ហិកតា ។ បច្ចុប្បន្ន​ក្រុមហ៊ុន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​លើ​ផ្ទៃដី​ចំនួន ៦២៨ ហិកតា ដូចជា ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី ទឹកស្អាត ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អគារ​ការិយាល័យ​រដ្ឋ​បាល មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here