ថៃ​គ្រោង​បើក​ច្រក​ទ្វារ​ព្រំដែន​ចំនួន៤​ បន្ថែម​ទៀត​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​

0

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត​

បាង​កកៈ​ លោក​ Weerasak​ Wangsuphakijkosol​ អនុរដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​បង្ហើប​ឲ្យដឹង​ថា​ ក្រសួង​គ្រោង​នឹង​ផ្តួចផ្តើម​គម្រោង​ពាណិជ្ជកម្ម​មួយ​ ដែល​មានឈ្មោះ​ថា ​”Nakorn​ Chaiburin​ Northeast​ Gateway​ to​ Global​ Communities​” ដើម្បី​សហការ​ជាមួយនឹង​កម្ពុជា​ ដើម្បី​បើកទ្វារ​ពាណិជ្ជកម្ម​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ចំនួន៤​។

លោក​បាន​ថ្លែង​ដូច្នេះ​ បន្ទាប់ពី​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភ្នាក់ងារ​ បុត្រ​សម្ព័ន្ធ​ចំនួន៣​ ដែល​មាន​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ នាយកដ្ឋាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ និង​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ ព្រមទាំង​សហគ្រិន​ក្នុង​ស្រុក​មក​ពី​ខេត្ត​នគររាជ​សីមា​។ នេះ​បើ​យោង​តាម​កាសែត​ The​ Nation​ ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​។

គម្រោង​នេះ​ មាន​គោលបំណង​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា​ ដើម្បី​បើកទ្វារ​ពាណិជ្ជកម្ម​នៅ​ខេត្ត​ចំនួន៤​។

លោក​បាន​មានប្រសាសន៍​ថា​ “ខេត្ត​ទាំងនេះ​ គឺ​មាន​ខេត្ត​នគររាជ​សីមា​ ខេ​ត្ត​ឆៃ​យ៉ា​ភូមិ​ (Chaiyaphum​) ខេត្ត​ បុរី​រាម​ (Buri​ Ram​) និង​ខេ​ត្ត​សូរិ​ន”។

លោក​ Weerasak​ បាន​បន្ថែម​ថា​ លោក​បាន​ប្រាប់​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ឱ្យ​សហការ​ជាមួយ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​ថៃ​- កម្ពុជា​ ដើម្បី​រៀបចំ​គោលនយោបាយ​ ដែល​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​។

លោក​បាន​មានប្រសាសន៍​ថា​ ឧទាហរណ៍​ យើង​មាន​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ ដែល​ត្រូវ​បាន​អនុញ្ញាត​ជា​បណ្តោះអាសន្ន​ នៅ​តាម​ព្រំដែន​បូរី​រាម​ (Buri​ Ram​) ទៅជា​ច្រក​ពាណិជ្ជកម្ម​អចិន្រ្តៃយ៍​ ដែល​នឹង​មិន​ត្រឹមតែ​ពង្រីក​ឱកាស​ នៅ​តាម​ព្រំដែន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​ ដែល​នៅ​ក្បែរ​នោះ​ទៀតផង​។

លោក​អនុរដ្ឋ​មន្ត្រី​ថៃ​ក៏បាន​បន្ថែម​ទៀត​ថា​ គម្រោង​នេះ​នឹង​ជួយ​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​សំ​ខាន់​ៗ ដូចជា​ ស្រូវ​ ស្វាយ​ ម្នាស់​ ពោត​ និង​ក្រូចថ្លុង​ ក៏ដូចជា​សិប្បកម្ម​ធ្វើ​ដោយដៃ​ដូចជា​សូត្រ​ Pakthongchai​ ជាដើម​។

លោក​បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​ជឿជាក់​ថា​គម្រោង​ Nakorn​ Chaiburin​ នឹង​នាំ​ផលិតផល​របស់​យើង​ ទៅជា​តំបន់​ពាណិជ្ជកម្ម​សេរី​មួយ​ ដែល​មានជោគ​ជ័យ​បំផុត​នៅ​លើ​ពិភពលោក​ ដោយសារ​តម្លៃ​ពាណិជ្ជកម្ម​រវាង​ថៃ​ និង​កម្ពុជា​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​នឹង​ឈាន​ដល់១៥ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ​ ២០២០​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here