ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន និងក្រុមអ្នកធ្វើដំណើរបានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា

0

ដោយ ប៊ី

ភ្នំពេញៈ ថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិជាច្រើន និងក្រុមអ្នកធ្វើដំណើរលើនាវា MS Westerdam ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែព្រះសីហនុ បានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ចូលចតនេះ បន្ទាប់ពីប្រ​ទេស និងកោះចំនួន៦បានបដិសេធមិនឲ្យចូលចត ក្រោមហេតុផលបារម្ភពីCOVID-19។

- Video Advertisement -

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy កាលពីថ្ងៃទី១៣ កុម្ភៈកន្លងមកនេះ បានផ្ញើសារជាវីដេអូដល់បងប្អូនប្រជាពលរដ្ឋអាមេរិក ដែលធ្វើដំណើរតាមនាវា Westerdam ចូលសំចតនៅក្រុងព្រះសីហនុបានថ្លែងថា ទូតរបស់អ្នកនៅទីនេះ ចាំទទួលស្វាគមន៍អ្នកដែលមកដល់កម្ពុជា។ អ្នកបានឆ្លងកាត់ច្រើនណាស់រយៈពេលច្រើនថ្ងៃកន្លងមកនេះ ហើយសង្ឈមថា អ្នកនឹងត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។

លោកបានថ្លែងថា “យើងធ្វើការយ៉ាងជិតសិទ្ធិជាមួយក្រុមហ៊ុន Holland America និងរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការចុះចតនៅទីក្រុងព្រះសីហនុ។ យើងសូមថ្លែងអំណរគុណដល់កម្ពុជា ដែលមានឆន្ទៈក្នុងការផ្តល់ជំនួយដល់នាវា Westerdam”។

លោកបានបន្តថា “សុវត្តិភាពរបស់ប្រជាជនអាមេរិក នៅក្រៅប្រទេសគឺអទិភាពខ្លាំងបំផុតរបស់ខ្ញុំ។ ក្រុមការងាររបស់ទូតយើងឥឡូវនេះ មានវត្តមាននៅទីក្រុងព្រះសីហនុតៀមខ្លួនរួចជាស្រេច ជួយអាជ្ញាធរកម្ពុជាជាមួយការចូលចត និងផ្ទេរអ្នកតំណើរអាមេរិកទៅកន្លែងបន្ទាប់”។

លោកបន្ថែមថា “យើងដឹងថាអាជ្ញាធរកម្ពុជា កំពុងធ្វើត្រួតពិនិត្យសុខភាព ដែលទាមទាររយៈពេលមួយចំនួន ហើយវានឹងទាមទារឱ្យមានអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការ ប៉ុន្តែយើងកំពុងធ្វើការជាមួយនឹងអាជ្ញាធរ ដើម្បីសម្រេចកិច្ចការនេះធ្វើបានឆាប់តាមដែលធ្វើទៅបាន។ អរគុណច្រើន”។

ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានផ្ញើរសារអរគុណផងដែរថា ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់ អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យ​នាវា Westerdam ចូលចត និងសូមសម្តែងនូវការអាណិតអាសូរ ចំពោះអ្នកដំណើរនិង សមាជិកនាវិកនៃនាវាទាំងអស់ ដោយសង្ឃឹមថាពួកគាត់ នឹងធ្វើមាតុភូមិ និវត្តន៍ប្រកប​ដោយសុវត្ថិភាពនាពេលឆាប់ៗ។

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ចំពោះជំនួយដ៏មានតម្លៃរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាសម្រាប់អ្នកដំណើរនៃនាវា Westerdam ក្រោមការការពារកុងស៊ុលរបស់ស្ថានទូតបារាំង។

ជាមួយគ្នានេះដែរ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានសរសេលើTwitterរបស់ខ្លួន ដោយបានសំដែងការរីករាយ ចំពោះ​លទ្ធផលតេស្តិ៍អវិជ្ជមាន សម្រាប់ជំងឺរលាកសួត COVID-19 លើអ្នកដំណើរ២០នាក់ លើនាវាMS Westerdam ដែលមានអាការៈមិនស្រួល។

សម្រាប់អគ្គនាយកអង្គការសុខភាពពិភពលោករូបនេះ វាជាដំណឹងដ៏ល្អមួយ ហើ​យលោកបានអរគុណម្តងទៀត ចំពោះក្រសួងសុខាភិបាល និងរដ្ឋាភិបាលកម្ពុជាចំពោះសាមគ្គីភាព និងសកម្មភាពមនុស្សធម៌។

លោក Tedros ក៏បានបង្ហាញពីក្តីរំភើបផងដែរ ពេលនាវា Westerdam ដែលផ្ទុកអ្នកដំណើរ២២៥៧នាក់ (បុគ្គលិកនាវា៨០២នាក់) បានសំចតនៅកំពង់ផែព្រះសីហនុ នាល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេស និងកោះចំនួន៦បានបរិសេធ ក្រោមហេតុផលបារម្ភពី COVID-19 ដែលក្នុងនោះរួមមាន ជប៉ុន កូរ៉េ តៃវ៉ាន់ ហ្គាម ហ្វីលីពីន និងថៃ។

ពាក្យពេចន៍ថ្លែងអំណរគុណយ៉ាងព្រោងព្រាត ត្រូវបានក្រុមអ្នកទេសចរនៅលើនាវា Westerdam បានបង្ហោះចេញក្រអៅបេះដូងរបស់ពួកគាត់ និងបានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានបរទេសធំៗ លើកសរសើរយ៉ាងពន់ពេក ចំពោះទឹកចិត្តដ៏មនុស្សធម៌មិនអាចរកបាន របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានសម្រេចអនុញ្ញាតឲ្យកប៉ាល់របស់ពួកគេ ដែលកំពុងតែលតោលនៅលើផ្ទៃសមុទ្របានចូលចត នៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមទេសចរខ្លះបានប្រើពាក្យ និងចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជា “នាយករដ្ឋមន្ដ្រីម្នាក់ មានបេះដូងដ៏អស្ចារ្យ”។

អ្នកនាងAnna Marie Melone (មកពីអូស្ត្រាលី) ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអាមេរិកAPបានថ្លែងយ៉ាងដូច្នេះថា “វាពិតជាអស្ចារ្យណាស់ ដែលបានមកដល់ទីនេះ។ សូមអរគុណ លោកនាយករដ្ឋមន្ត្រី។ លោកមានបេះដូងដ៏អស្ចារ្យ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ (ពេលមកដល់កម្ពុជា)”។

សម្រាប់អ្នកនាង Christina Kerby បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា “យើងកំពុងបង់កជាមួយក្រម៉ាប្រពៃណី ដែលជាអំណោយពីប្រទេសកម្ពុជា។ ខ្ញុំស្រក់ទឹកភ្នែក ព្រោះការបង្ហាញការគាំទ្រនៅពេលនេះ គឺច្រើនលើសលុប”។

ស្របពេលនេះដែរ សារព័ត៌មានអន្តរជាតិជាច្រើនដូច CNN New, York Times, Reuters, BBC, AP, AFP, Kyodo, BBC,និងសារព័ត៌មានអន្តរជាតិជាច្រើនទៀត  ក៏បានចុះផ្សាយពីកម្ពុជា ដែលមានទឹកចិត្តសប្បុរសធម៌ជួយដល់នាវា Westerdam ដែលផ្ទុកអ្នកដំណើរ២២៥៧នាក់។

ចំណែកលោកកឹម សុខាអតីតប្រធានគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានលោក មុត ចន្ថា មនុស្សជំនិត លោក កឹម សុខា បាន ស្រង់ សម្តី មេដឹកនាំ ខ្លួន មក សរសេរ លើ ហ្វេ ស ប៊ុ ក ដូច្នេះ ថា “ការអនុញ្ញាត នេះ គឺជា កាយវិការមនុស្សធម៌ និងការចូលរួមរក ដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកទេសចរ ដែលមកពីបណ្តាប្រទេស ផ្សេងៗ”។

លោកកឹម សុខា បានថ្លែងបែបនេះ ទៅកាន់អ្នកកាសែតបរទេសម្នាក់ ដែលបានសួរ លោក ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យកប៉ាល់ ដែលដឹកអ្នកទេសចរជាង២,០០០នាក់ ជាប់គាំង នៅលើនាវាអស់ រយៈពេលជាច្រើនថ្ងៃ ចូលចតនៅ ខេត្តព្រះសីហនុនេះ។ នេះ បើតាមលោកមុត ចន្ថា៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here