ទីផ្សារខុនដូនៅកម្ពុជាចាប់ផ្តើមប្រែព៌ណ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ស្របពេលចំនូនខុនដូផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារ បានធ្វើឲ្យនិន្នាការទិញលក់មាន ការប្រែប្រួល នៅក្នុងទីផ្សារនៃវិស័យថ្មីនេះ ដោយចំនួនអ្នកទិញបានងាករកខុនដូ ដែលសាងសង់ជិត បញ្ចប់ជាជាងគំរោងថ្មី។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំកំពុងវិនិយោគ​សាងសង់គំរោង Olympia City ចំនួនរាប់ពាន់យូនីតបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពី​ដើម​សប្តាហ៍នេះថា ស្ថានភាពនៃការលក់ខុនដូនៅឆ្នាំនេះ មានភាពល្អប្រសើរច្រើននៅក្នុងទីផ្សារ ប៉ុន្តែវា​អាស្រ័យលើគុណភាពខុនដូ និងខុនដូដែលបានសាងសង់បញ្ចប់ឬជិតបញ្ចប់។ ចំណែកខុនដូដែល​ទើបប្រកាសគំរោង មិនទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកទិញនោះទេ។
លោកបន្តថា “អ្នកវិនិយោគឬអ្នកទិញខុនដូបច្ចុប្បន្នមានជម្រើសច្រើន មុនសម្រេចចិត្តទិញ ពួកគេតែងគិតពីទីតាំង និងគំរោងខុនដូដែលបានបញ្ចប់ឬជិតបញ្ចប់ការសាងសង់”។លោកបន្តថា “ទោះជាការប្រកួតប្រជែងកើនឡើងនៅក្នុងទីផ្សារក្តី ប៉ុន្តែតម្លៃខុនដូនៅក្នុងទីផ្សារមិនធ្លាក់ចុះនោះទេ”។

លោក ទូច សំណាង បានបន្តថា អ្នកទិញខុនដូបច្ចុប្បន្ន ពិសេសជនបរទេសពួកគេទិញទុកលក់យក​ចំណេញ ព្រោះនៅប្រទេសរបស់ពួកគេ ប្រសិនជាយកប្រាក់ទៅដាក់ធនាគារ ទទួលបានការប្រាក់ទាប​ជាង១ភាគរយ ប៉ុន្តែបើទិញខុនដូទុកលក់យកចំណេញ ពួកគេអាចចំណេញបាន៤ទៅ៥ភាគរយក្នុង​មួយឆ្នាំ។ លោកបន្តថា អ្នកទិញខុនដូនៅកម្ពុជាភាគច្រើនជាជនជាតិចិន ហុងកុង តៃវ៉ាន់ និងសឹង្ហបុរី។ ចំណែកជនជាតិខ្មែរ ក៏បានទិញខុនដូកើនឡើងផងដែរ ប៉ុន្តែមិនមានចំនួនច្រើននៅឡើយ។
យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងថា នៅឆ្នាំ២០១៨នេះ ខុនដូប្រមាណ១៣០០០យូនីតទៀត នឹងដាក់ចូលទីផ្សារ ខណៈចំនួនខុនដូបានដាក់ចូលទីផ្សារ មានប្រមាណ៨០០០យូនីតរួចទៅហើយ។


អ្នកវិនិយោគសាងសង់ខុនដូលក់លោក ទុយ ប៊ុន ភាគហ៊ុនិកនៃក្រុមហ៊ុនលំនៅដ្ឋានL កម្ពុជាភ្នំពេញបានថ្លែងឲ្យដឹងផងដែរថា ស្ថានភាពបច្ចុប្បន្ននេះអ្នកទិញខុនដូជាជនជាតិខ្មែរ ហាក់ស្ងប់ស្ងាត់ជាងឆ្នាំមុន ប៉ុន្តែមានអតិថិជនជាជនជាតិចិនបានកើនច្រើន ដោយអ្នកវិនិយោគចិនបានទិញ១០០យូនីត ឬច្រើនជាងនេះ ដើម្បីលក់បន្តយកចំណេញ។
លោកបន្តថា “ខ្ញុំមិនបារម្ភពីទីផ្សារនេះទេ ដោយសារខុនដូរបស់ខ្ញុំផ្តោតសំខាន់ចំទីផ្សារពិតប្រាកដ ហើយអ្នកវិនិយោគចិនជាច្រើនបានចាប់អារម្មណ៍”។ ខុនដូL លក់ក្នុងតម្លៃចន្លោះពី៩០០ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

Advertisement

យោងតាមការសិក្សារបស់ក្រុមហ៊ុនVTRUST APppraisalបានរកឃើញថា ក្នុងដំណាច់ឆ្នាំ២០១៧កន្លងមកនេះ ចំនួនខុនដូនៅក្នុងទីផ្សារបានកើនដល់ជិត៦០០០០យូនីត ក្នុងនោះប្រមាណ៥០០០យូនីតស្ថិតនៅក្នុងខេត្តព្រះសីហនុ។

អគ្គនាយកក្រុមហ៊ុន Lucky Realty Group លោក ឌិត ចណ្ណា បានថ្លែងថា ទីផ្សារខុនដូនៅរាជធានីភ្នំពេញឆ្នាំនេះ ហាក់មិនមានការប្រែប្រួលជាដុំកំភួននោះទេ ប៉ុន្តែខេត្តព្រះសីហនុ ទីផ្សារខុនដូមានភាពល្អប្រសើរ ទាំងការផ្គត់ផ្គង់ និងតម្រូវការមានការកើនឡើងស្របគ្នាផងដែរ។ លោកបន្តថា “ខ្ញុំមើលឃើញថា និន្នាការទិញខុនដូពីសំណាក់ប្រជាពលរដ្ឋខ្មែរ មិនកើនខ្ពស់នោះទេនាពេលនេះ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា នៅពេលខុនដូសាងសង់កាន់តែច្រើន ពិតណាស់អ្នកទិញនឹងមានជម្រើសកាន់តែច្រើន ហើយអ្នកទទួលបានផលប្រយោជន៍គឺអតិថិជន ហើយអ្នកកំណត់តម្លៃខុនដូក៏ជាអតិថិជន ព្រោះពួកគេអាចជ្រើសរើសតម្លៃតាមអ្វី ដែលពួកគេចង់បាន។
លោកបន្តថា “នៅក្នុងទីផ្សាសេរី អ្នកសាងសង់ខុនដូដែលទទួលបានជោគជ័យ គឺអ្នកមានលុយទិញដី អ្នកមានលុយសាងសង់ មានទីផ្សារសម្រាប់លក់ ទើបគំរោងរបស់ពួកគេទទួលបានជោគជ័យ”។លោកបន្តថា “ក្នុងស្ថានភាពដែលមានអ្នកសាងសង់ច្រើន ប្រាក់ចំណេញអាចធ្លាក់ចុះ ដែលជាសញ្ញាល្អសម្រាប់អ្នកទិញ និងសេដ្ឋកិច្ច”។ លោក គីម ហ៊ាង បានបន្តថា ទោះជាការផ្គត់ផ្គង់ខុនដូកើនឡើងច្រើនក្តី ប៉ុន្តែតម្លៃខុនដូមិនធ្លាក់ចុះនោះទេ ដោយតម្លៃនៃការសាងសង់អាចមានចន្លោះត្រឹម៥៥០ ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃដី៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយអ្នកវិនិយោគអាចសាងសង់កំពស់៣០ ទៅ៤០ជាន់អស់តម្លៃប៉ុន្មាន និងការលក់ចេញក្នុងតម្លៃប៉ុន្មាន វាអាស្រ័យលើការសម្រេចចិត្តរបស់អ្នកអភិវឌ្ឍន៍៕

- Advertisement -

Leave a Reply