ទីផ្សារលំនៅដ្ឋានតម្លៃមធ្យមក្នុងតំបន់ឬស្សីកែវ នៅតែមានសន្ទុះខ្លាំងក្នុងការទិញលក់

0

ដោយ ៖ វុទ្ធី

ភ្នំពេញ ៖ ទីផ្សារលំនៅដ្ឋាននៅក្នុងខណ្ឌឬស្សីកែវ ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ នៅតែមានសន្ទុះខ្លាំងក្នុងការទិញលក់ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចសកលនៅតែបន្តគំរាមកំហែងក៏ដោយ។

- Video Advertisement -

លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុន Lucky Realty Co Ltd បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះថា បើសម្លឹងមើលទៅតំបន់ភាគខាងជើងនៃរាជនាធីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ គេសង្កេតឃើញថា តំបន់នេះនៅតែបន្តមានសន្ទុះទីផ្សារលើការទិញ-លក់អចលនវត្ថុដដែល ជាពិសេសផ្នែកលំនៅដ្ឋានតម្លៃកម្រិតមធ្យម ពីព្រោះតំបន់នេះ ជាបណ្តុំទីប្រជុំជន សម្បូរទៅដោយផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ស្ថាប័នរដ្ឋ និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

លោកបានថ្លែងថា “សព្វថ្ងៃនេះសន្ទុះនៃការទិញ លក់ អចលទ្រព្យនៅតំបន់នេះនៅតែមានសកម្មភាព ហើយគម្រោងអភិវឌ្ឍសាងសង់លំនៅដ្ឋាន ក៏ដូចជាតម្រូវការពីអ្នកទិញនៅតែមានជាបន្តបន្ទាប់ ដោយអ្នកខ្លះទិញសម្រាប់បំពេញតម្រូវការរស់នៅជាក់ស្ដែង ហើយអ្នកខ្លះទៀតទិញសម្រាប់ធ្វើការវិនិយោគបន្តយកចំណេញ”។

លោកបានឱ្យដឹងទៀតថា “តម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះ ភាគច្រើនស្ថិតនៅកម្រិតទាប និងមធ្យមនៅឡើយ ដូចជាផ្ទះល្វែង ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ដាក់លក់នៅលើទីផ្សារត្រឹមតម្លៃចន្លោះពី ៥ម៉ឺន-៦ម៉ឺនដុល្លារ ហើយប្រភេទលំនៅដ្ឋានកម្រិតខ្ពស់ត្រូវបានដាក់លក់ក្នុងតម្លៃជាង ២០ម៉ឺនដុល្លារ”។ ជាមួយគ្នានេះ លោកក៏បានព្យាករណ៍ថា “ទៅថ្ងៃអនាគត តំបន់នេះនឹងក្លាយជាតំបន់អភិវឌ្ឍន៏ចំរុះ ដែលរួមមានទាំងអគាពាណិជ្ជកម្ម សំណង់លំនៅដ្ឋាន ផ្សារទំនើបខ្នាតតូច សាលារៀនឯកជន និងអាហារដ្ឋានបែបទំនើប ដែលទាំងអស់នេះនឹងជំរុញឱ្យតម្លៃអចលនទ្រព្យនៅទីនោះកើនឡើង”។

យោងតាមសិក្សាដែលធ្វើឡើងដោយគេហទំព័រ Realestate.com.kh និងបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា តម្លៃលំនៅដ្ឋានក្នុងខណ្ឌឬស្សីកែវដែលត្រូវបានដាក់លក់នៅលើទីផ្សារជាមធ្យមបានកើនឡើងប្រមាណ ៧.២៨ភាគរយក្នុងមួយឆ្នាំ។

ដោយឡែក ងាកមកតំបន់ដែលស្ថិតនៅព្រំប្រទល់ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនកំពុងមានការកើនឡើងយ៉ាងគំហុក។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍កាលពីថ្មីៗនេះថា ទីផ្សារលំនៅដ្ឋាននៅកម្ពុជា នៅតែមានភាពល្អប្រសើរបើប្រៀបធៀបទៅនឹងបណ្តាប្រទេសមួយចំនួនដែលស្ថិតនៅក្នុងតំបន់អាស៊ាន។

លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា “និយាយជារួម វិស័យអចលនទ្រព្យត្រូវបានគេមើលឃើញថាមានការធ្លាក់ជាសាកលដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសាកលក្រោមឥទ្ធិពលនៃជំងឺCovid-19 ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគេចចេញពីវិបត្តិដ៏ធ្ងន់ធ្ងរមួយនេះ ហើយបានពង្រឹងលើវិស័យសេដ្ឋកិច្ចបានយ៉ាងប្រសើរ”។

លោកបន្តថា “វិស័យអចលនទ្រព្យនៅកម្ពុជា ក៏ទទួលរងនូវផលប៉ះពាល់ដែរ ប៉ុន្តែហាក់មិនធ្ងន់ធ្ងរខ្លាំងពេកនោះទេ ជាក់ស្ដែងដូចជាវិស័យដីធ្លី និងលំនៅដ្ឋាន គឺនៅតែមានដំណើរការធម្មតា មានការសាងសង់ មានការទិញ-លក់ ដដែល ជាពិសេសនៅតាមតំបន់ជាយក្រុង”៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here