ទីផ្សារ​ការិយាល័យ​ជួល​នៅ​រាជធានី​ភ្នំពេញ​ (Office​ Space​ ) នៅតែ​មាន​ភាពល្អ​ប្រសើរ​

0

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​នៅតែ​មាន​សុ​ទិដ្ឋ​និយម​ពីទី​ផ្សា​រកា​រិាយល័​យសំ​រាប់​ជួល​នៅ​កម្ពុជា​ ពិសេស​ទីក្រុង​ភ្នំពេញ​ ខណៈ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ ដែល​កំពុងតែ​ជួប​សភាព​ទ្រឹង​ក្នុង​ផ្នែក​នេះ​។

លោក​ ទ្បេង​ ឃេ​រី​ នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​ឌីជីថល​នៃ​ក្រុមហ៊ុន​ Riich​ Me​ Co​., Ltd​ ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា​ គ្រប់​អាជីវកម្ម​ទាំងអស់​ មិន​ថា​ចតូច​ឬធំ​នោះ​ទេ​ គឺ​សុទ្ធតែ​មាន​តម្រូវការ​លើ​ទីតាំង​ការិយាល័យ​ ដែល​មាន​ភាពសមរម្យ​សម្រាប់​ប្រតិបត្តិ​ការ​។

លោក​បាន​បន្ត​ទៀត​ថា​ “កាលពីមុន​ការ​បើ​អាជីវកម្ម​ឬមុខ​ជំនួញ​ណាមួយ​ ភាគច្រើន​គេ​តែង​ជួលផ្ទះ​ល្វែង​ធ្វើជា​ការិយាល័យ​ ប៉ុន្តែ​បច្ចុប្បន្ន​ជម្រើស​បែប​បុរាណ​មួយ​នេះ​ស្ទើរតែ​លែង​មាន​ទៀតហើយ​។

ការជួល​អគារ​ការិយាល័យ​ ឬ Office​ Space​ ដែល​ស្ថិតនៅ​ក្នុង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ វា​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត​ ដែល​ក្រៅពី​មាន​ភាព​ងាយស្រួល​ក្នុង​កិច្ចប្រតិបត្តិ​ការ​អាជីវកម្ម​ ថែមទាំង​អាច​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​ ក៏ដូចជា​បណ្តា​ក្រុម​ហ៊ុន​ផ្សេង​ៗដែល​ជា​ដៃគូ​សហការ​ ក្នុង​រូបភាព​ជា​ក្រុមហ៊ុន​ ដែល​មាន​លក្ខ​ណៈ​ស្ដ​ង់​ដារ​ត្រឹមត្រូវ​ ។

លោក​ឡេង​ ឃេ​រី​បាន​បញ្ជាក់​ទៀត​ថា​ ជាទូទៅ​ការ​វិវត្ត​របស់​ពាណិជ្ជកម្ម​តាម​បែប​សម័យ​ទំនើប​ ឬអាជីវកម្ម​តាម​បែប​បច្ចេកវិទ្យា​ គឺ​គេស​ម្លឹង​មើល​ទីតាំង​ការិយាល័យ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ជា​សំខាន់​ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ការ​បង្កើន​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ ជាពិសេស​កិច្ច​ទំនាក់​ទំនង​ផ្សេង​ៗ ដោយសារតែ​ទីតាំង​សម្រាប់​ជួល​ការិយាល័យ​ស្ថិតនៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​។ ដូច្នេះ​វា​ក៏​ជា​ឱកាស​មួយ​ដែល​អាច​បង្កើន​លទ្ធភាព​ប្រតិបត្តិ​ការ​អាជីវកម្ម​ ឬក្រុមហ៊ុន​បាន​មួយ​ចំណែក​ធំ​ដែរ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ថា​ សម្រាប់​តែ​ទីផ្សារ​នៃ​ការជួល​អគារ​ការិយាល័យ​នៅ​កម្ពុជា​ មិនថា​ពេលនេះ​ ឬរហូតដល់​ដំណាច់ឆ្នាំ២០១៩នោះ​ទេ​ គឺ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ដដែល​។

លោកស្រី​បន្ត​ថា​ “តាម​ការសិក្សា​បាន​បញ្ជាក់​ថា​ សកម្មភាព​នៃ​តម្រូវការ​ជួល​ការិយាល័យ​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ភាពរឹងមាំ​ដដែល​ ខុសពី​វិស័យ​ផ្សេងទៀត​”។

តាមរយៈ​របាយការណ៍​ចេញផ្សាយ​ ដោយក្រុម​ហ៊ុន​អន្តរជាតិ​នេះ​បាន​បង្ហាញថា​ ​សម្រាប់​ឆ្នាំ២០១៩នេះ​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​កាលពី​ឆ្នាំ​កន្លងទៅ​ ​ខណៈ​ដែល​តម្រូវការ​នៃ​ការជួល​មាន​ចំនួន​ច្រើន​ ហើយ​ទីផ្សារ​នៃ​ការ​ផ្គត់ផ្គង់​នៅ​មានកម្រិត​នៅឡើយ​ ហើយ​ភាព​ខ្វះខាត​នៃ​ការ​ផ្គត់ផ្គង់​នេះ​ អាច​បន្ត​រហូតដល់​ចុងឆ្នាំ២០២១ឬ​ឆ្នាំ២០២២​ ។ ប៉ុន្តែ​វា​អាច​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​នៃ​ការជួល​ នៅពេល​ដែល​មានការ​ផ្គត់ផ្គង់​ថ្មី​បន្ថែម​ទៀត​ចូលមកធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​រួម​ជាមួយគ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here