ទីផ្សារ​លំនៅ​ដ្ឋាន​ក្នុង​ក្រុង​បាត់ដំបង​ផ្តើម​ផុលផុស​ខណៈ​តម្រូវការ​កើនឡើង​

1
ទិដ្ឋភាពបុរីមួយកន្លែងក្នុង​ក្រុង​បាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ រ៉ា​ណេត​

បាត់​ដំ​បងៈ​ អាជ្ញា​អធរ​មូលដ្ឋាន​ និង​អ្នក​អភិវឌ្ឍន៍​បាន​អះអាង​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​ក្រុង​បាត់ដំបង​កំពុង​មាន​សកម្មភាព​ផុសផុល​ ខណៈ​តម្រូវការ​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ ស្រប​ពេល​កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

អភិបាលក្រុង​បាត់ដំបង់​ លោក​ ផេង​ សិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅពី​ព្រឹក​ថ្ងៃទី១៦​ ខែឧសភា​ នេះ​ថា​ បច្ចុប្បន្ន​នេះ​ ក្រុង​បាត់​ដំ​បង់​ដែល​មាន​ចំនួន១០សង្កាត់​ កំពុងតែ​ខិតខំ​ធ្វើការ​កែ​លម្អ​រប​ន្ថែម​ ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ទាំងមូល​ ដើម្បី​បង្កើន​សោភ័ណភាព​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ស័ក្ដិ​សមទៅ​នឹង​កេរ្តិ៍ឈ្មោះ​ជា​តំបន់​ទេសចរណ៍​ល្អឯក​ ជាពិសេស​ក៏​មានការ​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យ​មាន​របៀបរៀបរយ​ ខណៈ​ដែល​កំណើន​ប្រជាសាស្ត្រ​ កាន់តែ​មានការ​កើនឡើង​ជាប្រចាំ​ដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​នេះ​បាន​កើន​រហូតដល់​ប្រមាណ១៥ម៉ឺន​នាក់​។

លោក​បាន​បន្ត​ទៀត​ថា​ “ដោយសារ​ប្រជាសាស្ត្រ​កាន់តែ​មាន​កំណើន​ជាប្រចាំ​ បាន​ជំរុញកា​រវិ​និ​យោគ​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ផ្នែក​សំណង់​លំនៅ​ដ្ឋាន​មានការ​កើនឡើង​យ៉ាង​ខ្លាំង​”។ លោក​បន្ត​ថា​ “រាប់ទាំង​ការសាងសង់​សំណង់​លំនៅ​ដ្ឋាន​សម្រាប់​លក់​ពីសំណាក់​អ្នក​វិនិយោគ​កម្រិតមធ្យម​ ក៏ដូចជា​ការ​អភិវឌ្ឍ​ជា​សំណង់​បុរី​ផង​ដែរ​ ដូចជា​បុរី​លោក​ឧកញ៉ា​ ភូ​ ពុយ​, បុរី​រំចេក​ និង​បុរី​រស្មី​បាត់ដំបង​ជាដើម​”។

​ក្រៅពីនោះ​ក៏​មាន​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​លក់​ច្រើន​ទីតាំង​ផង​ដែរ​ ជាពិសេស​នៅ​ទិសខាងកើត​ ឈៀង​ខាងជើង​ និង​ទិសខាងជើង​ ឈៀង​ខាងលិច​ ដែល​មានតម្លៃ​ខ្ពស់​ចាប់ពី​ជាង១០​,០០០​ ទៅ២០​,០០០​ ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍​។

លោក​ឧកញ៉ា​ ហេង​ តុលា​ ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​រស្មី​បាត់ដំបង​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាត់ដំបង​នៅ​ឆ្នាំ​ គឺ​មាន​ភាពល្អ​ប្រសើរ​ជា​ឆ្នាំ​កន្លងទៅ​ ខណៈ​ដែល​អ្នក​វិនិយោគ​ក្នុង​ស្រុក​មួយចំនួន​ទៀត​ ក៏​កំពុងតែ​សម្លឹង​មើល​ឱកាស​ដើម្បី​ចូលខ្លួន​មក​ធ្វើការ​អភិវឌ្ឍ​ ក្នុង​វិស័យ​លំនៅ​ដ្ឋាន​ផង​ដែរ​»។

លោក​បន្ត​ទៀត​ថា​ ជា​បទពិសោធន៍​ និង​តាម​ការសង្កេត​មើល​ជាក់ស្ដែង​របស់ខ្ញុំ​ផ្ទាល់​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ក៏ដូចជា​ឆ្នាំ​កន្លងទៅ​នេះ​ សកម្មភាព​នៃ​ការទិញ​លក់​វិស័យ​អចលនទ្រព្យ​ រួមមាន​ដូចជា​សំណង់​លំនៅ​ដ្ឋាន​ ក៏ដូចជា​ដី​ឡូ​តិ៍​ មិនសូវ​ជាម​មា​ញឹក​នោះ​ទេ​ ប៉ុន្តែ​នៅ​ឆ្នាំ២០១៩នេះ​ ទាំង​អ្នក​វិនិយោគ​ក្រៅ​ស្រុក​ ក៏ដូចជា​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​តែម្ដង​ មានការ​ចាប់អារម្មណ៍​ចូលខ្លួន​មក​ធ្វើការ​វិនិយោគ​គួរ​ឱ្យ​កត់សម្គាល់​។ ជាក់ស្ដែង​ដូចជា​គម្រោង​លំនៅ​ដ្ឋាន​ក្នុង​បុរី​របស់ខ្ញុំ​ស្រាប់​ គឺ​មាន​អតិថិជន​ច្រើន​ ហើយ​ភាគច្រើន​គឺជា​ការទិញ​ដោយ​បង់​រំលស់​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​ និង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ក្នុង​បុរី​របស់ខ្ញុំ​ភាគច្រើន​ ផ្តោត​លើ​អតិថិជន​ដែល​មាន​ចំណូល​មធ្យម​ និង​ក្រោម​មធ្យម​ ដែល​មានតម្លៃ​ចាប់ពី​ប្រមាណ​ ១៥​,០០០ដុល្លារ​ឡើង​ទៅ​ (ជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិត​ស្រាល​) រហូតដល់​ប្រមាណ​ជាង​ ៣០​,០០០ដុល្លា​”។

លោក​ឧកញ៉ា​ភូ​ ពុយ​ ដែល​ជា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​នៅក្នុង​ក្រុង​បាត់ដំបង​ផង​ដែរ​នោះ​ ក៏បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាត់ដំបង​ មិនមែន​ទើបតែ​មាន​សក្ដានុពល​នោះ​ទេ​ ពោល​គឺ​ខេត្ត​ក្រុង​មួយ​នេះ​មាន​ភាពល្អ​ប្រសើរ​ជាយូរមកហើយ​។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ភាព​ពុះ​កញ្ច្រោ​លនា​ពេលនេះ​ ក៏​ព្រោះតែ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដែល​កាន់តែ​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ក្នុង​ការ​រកចំណូល​បាន​ច្រើនជាង​មុន​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ភាគច្រើន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មួយ​នេះ​គឺ​អាស្រ័យ​ដោយ​ផល​កសិកម្ម​ ដូច្នេះ​នៅពេល​សេដ្ឋកិច្ច​ជាតិ​មាន​ភាពល្អ​ប្រសើរ​ ផលិតផល​កសិកម្ម​មានតម្លៃ​ល្អ​ វា​បាន​ជម្រុ​ញឱ្យ​ពួកគាត់​មាន​ចំណូល​គួរសម​ដែល​អាច​ផ្តល់​លទ្ធភាព​ក្នុង​ការទិញ​លំនៅ​ដ្ឋាន​បាន​ជាមួយនឹង​វិធីសាស្ត្រ​បង់​រំលស់​”។

លោក​បន្ត​ថា​ “ការទិញ​-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​បាត់ដំបង​នា​ពេលនេះ​ ថ្វីត្បិតតែ​មិនទាន់​អាច​ប្រៀបប្រដូច​ទៅ​នឹង​តំបន់​មួយចំនួន​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ​ និង​ក្រុង​សៀមរាប​ក៏​ពិតមែន​ ប៉ុន្តែ​វា​កំពុងតែ​ធ្វើដំណើរ​ទៅតាម​ក្រោយ​ជា​បណ្តើរ​ៗហើយ​ ស្រប​ពេល​ដែល​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ក៏ដូចជា​អ្នក​វិនិយោគ​អន្តរជាតិ​កំពុងតែ​ងាក​មក​ចាប់អារម្មណ៍​បោះទុន​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​”។

ខ្លោងទ្វារច្រកចូលបុរីមួយនៅ​ក្រុង​បាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ

​លោក​ឧក​ញ៉ាភួ​ ពុយ​បាន​បញ្ជាក់​ថា​ ចំពោះ​សំណង់​លំនៅ​ដ្ឋាន​របស់​លោក​ ភាគច្រើន​គឺ​ផ្តោត​ទៅលើ​កម្រិតមធ្យម​ ដែល​មានតម្លៃ​ចាប់ពី​ជាង៣០​,០០០ដុល្លារ​ឡើង​ទៅ​ ដែល​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​ ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​អតិថិជន​ផង​ដែរ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here