ធនាគារពិភពលោក ផ្ដល់ឥណទាន ៩០លានដុល្លារដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

0

ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័ត ហិរញ្ញប្បទានក្នុងទឹកប្រាក់ចំនួន៩០លានដុល្លារអាម៉េរិក ដល់គម្រោងមួយដែលសំដៅ ជួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើនគុណភាពឧត្តមសិក្សា និងការងារស្រាវជ្រាវរបស់ប្រទេស និងបង្កលទ្ធភាពដល់សិស្សក្រីក្រឱ្យ ទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

លោក ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្វាគមន៍នូវការគាំទ្រ របស់ធនាគាពិភពលោកសម្រាប់ឧត្តមសិក្សា និងការងារស្រាវជ្រាវ ដែលស្របគ្នាល្អណាស់ជាមួយនឹងបណ្តាអាទិភាពនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ របស់កម្ពុជា។ លោក បានបញ្ជាក់ថា«គម្រោងនេះ នឹងជួយក្នុងការឈានទៅបង្កើតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយសម្រាប់ការអភិវឌ្ឍ ឧត្តមសិក្សា ដើម្បីជួយឱ្យនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាមានសមត្ថភាពអាច ឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្លាំងឡើងរបស់ទីផ្សារការងារ និងឱកាសកាន់តែច្រើនសម្រាប់ធ្វើការចល័តទី និងផ្ទេរបច្ចេកវិទ្យានៅក្នុងរង្វង់ សហគមន៍សេដ្ឋកិច្ចអាស៊ាន និងលើសពីតំបន់នេះទៅទៀត”។

ជាមួយគ្នានេះដែរ សម្រាប់រយៈពេល៦ឆ្នាំខាងមុខ គម្រោងបង្កើន សមត្ថភាពស្ថាប័នឧត្តមសិក្សា (Higher Education Institutions Capacity Improvement Project) និងជួយបង្កើនគុណភាពអប់រំ និងការស្រាវជ្រាវនៅតាមស្ថាប័ន ឧត្តមសិក្សាដែលជាគោលដៅ ហើយបង្កើនឱកាសឱ្យទទួលបានការសិក្សានៅឧត្តមសិក្សា និងជួយបង្កើនអភិបាលកិច្ចនៅក្នុងវិស័យនេះផងដែរ។

សូមបញ្ជាក់ថា សម្រាប់បណ្តាវិស័យដែលគម្រោងនេះផ្តោតការយកចិត្តទុកដាក់លើ មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ (STEM) និងកសិកម្ម ហើយត្រូវបានរំពឹងថា និស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាទទួលបានជំនាញ និងចំណេះដែលកាន់តែមានភាពឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានជំនាញងាយផ្ទេរបន្តជាងមុន ដែលអាចជួយប្រទេសធ្វើអន្តរកម្ម ចេញពីសេដ្ឋកិច្ចផ្អែកលើការប្រើពលកម្មតាមបែបប្រពលវប្បកម្ម ឱ្យក្លាយទៅជា សេដ្ឋកិច្ចមួយដែលផ្អែកលើជំនាញនិងចំណេះវិញ។

គម្រោងនេះ នឹងជួយគាំទ្រដល់គោលដៅនៃគោលនយោបាយការអភិវឌ្ឍឧស្សាហកម្ម តាមរយៈសកម្មភាពធំៗចំនួនប្រាំ រួមមាន ផ្តល់មូលនិធិសម្រាប់ការងារសិក្សាស្រាវ ជ្រាវក្នុងមុខវិជ្ជាអាទិភាពនានា ពង្រីកចំនួនបន្ទប់សិក្សា និងមន្ទីរពិសោធន៍ សង់និវេសនដ្ឋានសម្រាប់និស្សិតក្រីក្រស្នាក់នៅ (និស្សិតដែលមកពីគ្រួសារក្រីក្រ និងពីតំបន់ដាច់ស្រយាល ក៏ដូចជានិស្សិតស្រ្តីផងដែរ) ពង្រឹងប្រព័ន្ធធានាគុណភាពនិងប្រព័ន្ធព័ត៌មាន និងធ្វើការជាមួយដៃគូអន្តរជាតិ ក្នុងការកែលម្អកម្មវិធី និងវិធីសាស្ត្របង្រៀននៅក្នុងមុខវិជ្ជាជាអាទិភាព។ ទន្ទឹមនេះ ការសង់និវេសនដ្ឋានសិស្សនឹងសាងសង់នៅរាជធានីភ្នំពេញ និងការពង្រីកអាគារសិក្សា ឬហេដ្ឋារចនាសម្ព័ន្ធស្ថាប័នឧត្តមសិក្សាចំនួនពីរគឺក្នុងខេត្តបាត់ដំបង និងខេត្តស្វាយរៀង។

Advertisement

លោកស្រី អ៊ីហ្គូណា ដូបា្រចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ការកសាងសមត្ថភាពស្រាវជ្រាវមានគុណភាពខ្ពស់មួយ និងការត្រៀមឱ្យនិស្សិតដែលបញ្ចប់ការសិក្សានៅឧត្តមសិក្សាទៅមានជំនាញខ្ពស់ គឺជាអាទិភាពមួយសម្រាប់កម្ពុជា និងធនាគារពិភពលោក។ លោកស្រីបានបន្ដថា ការចាប់ផ្តើមសកម្មភាពពីពេលនេះតទៅ អាចជួយកម្ពុជាមានភាពឈានមុខក្នុងទុនមនុស្ស និងពង្រឹងប្រសិទ្ធភាពនៅក្នុងឧត្តមសិក្សា។

លោកស្រីបានបន្ថែមថែមទៀតថា គម្រោងនេះនឹងជួយបន្តនូវសមិទ្ធផលនានា ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាននាពេលកន្លងមក ក្នុងការកសាងសមត្ថភាពរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។

សម្រាប់គម្រោងការផ្តល់ហិរញ្ញប្បទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនេះ គឺបន្តពីគម្រោងបង្កើនគុណភាពនិងសមត្ថភាពឧត្តមសិក្សានៅកម្ពុជា (Higher Education Quality and Capacity Improvement Project/HEQCIP) ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៧ ដែលបានកសាងមូលដ្ឋានគ្រឹះមួយសម្រាប់សមត្ថភាពតាមវិស័យ និងបង្កើតឱ្យមានបរិស្ថានគោលនយោបាយល្អមួយសម្រាប់ជំរុញឱ្យការវិនិយោគកាន់តែច្រើនទៀត៕

- Advertisement -

Leave a Reply