ប្រជាជនកម្ពុជាចំណាយប្រាក់កាន់តែច្រើនដើរកំសាន្តនៅបរទេស

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមអ្នកជំនាញទេសចរណ៍បានលើកឡើងថា ប្រជាពលរដ្ឋក្នុងម្នាក់ចំណា​យថវិកាកានើតែច្រើន ដើម្បីធ្វើដំណើរទៅបរទេស ដោយសារប្រាក់ចំណូលរបស់ពួកគេមានការកើនឡើង ស្របពេលសេដ្ឋកិច្ចមានកំនើនល្អប្រសើរ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោកធួន ស៊ីណានបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១១ មេសានេះថា ប្រជាពលរដ្ឋកម្ពុជាចំណាយប្រាក់ចន្លោះពី៣០០ដុល្លារ រហូតដល់១,៥០០ដុល្លារអាមេរិក សម្រាប់ដំណើរកម្សាន្តនៅក្រៅប្រទេស ដូចជា សឹង្ហបុរី ម៉ាឡេស៊ី ជប៉ុន ឌូបៃ និងប្រទេសកូរ៉េជាដើម។

លោកបន្តថា “បើប្រៀបធៀបនឹងឆ្នាំមុន ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ ចេញទៅក្រៅប្រទេសនៅឆ្នាំនេះ គឺមានការកើនឡើងច្រើន ទាំងចំនួនមនុស្ស និងទាំងការចំណាយ”។លោកឲ្យដឹងទៀតថា “ខ្ញុំសន្និដ្ឋានថា កត្តាដែលប្រជាពលរដ្ឋ ហ៊ានចំណាយយ៉ាងច្រើនលើសលុបនេះ ដោយសារតែសេដ្ឋកិច្ចក្នុងគ្រួសារល្អប្រសើរជាងមុន និងជាពិសេសដោយសារកត្តាសុខសន្តិភាព”។

Advertisement

ចំណែកលោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រា​ប់​ឲ្យដឹងផងដែរថា ក្នុងកំឡុងបុណ្យជាតិម្តងៗ ចំនួននៃការដើរកម្សាន្តនៅក្រៅប្រទេសរបស់​ប្រជាពលរដ្ឋកម្ពុជានៅតែមានច្រើន ដោយផ្អែកលើកត្តារីកចម្រើនសេដ្ឋកិច្ច ចំណូ​ល​របស់ប្រជាពលរដ្ឋកើនឡើង និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក និងអាកាសច្រើនជាងមុនព្រមជាមួយនឹងតម្លៃល្អប្រសើ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៧​មានប្រជាពលរដ្ឋកម្ពុជាជាង១លាននាក់ បានចេញដើរកំសាន្តនៅក្រៅប្រទេស ហើយប្រ​ទេស ដែលពួកគេចេញដើរកំសាន្តច្រើនជាងគេ គឺបណ្តាប្រទេសស្ថិតក្នុងតំបន់អាស៊ាន។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទៅកំ​សាន្តនៅបរទេសកើនឡើង ឆ្លុះបញ្ចាំងពីសុខសន្តិភាព និងការកើនឡើងប្រាក់ចំណូល​របស់ប្រជាពលរដ្ឋ ដែលមិនអាចប្រកែកបាន ព្រោះបើពួកគេគ្មានចំណូលកើនឡើង កពួកគេមិនចេញដើរកំសាន្តនៅបរទេសច្រើនដែរ ហើយការចេញដើរកំសាន្តនៅបរទេស ជារឿងធម្មតា ប្រជាជននៅប្រទេសគេក៏មិនដើរកំសាន្តនៅកម្ពុជាច្រើនផងដែរ។

លោកបន្តថា “ក្នុងមនុស្សម្នាក់គិតជាមធ្យមចំណាយពី៣០០ទៅ៥០០ដុល្លារ គឺប្រ​ជាជនកម្ពុជាចំណាយប្រាក់រហូតដល់ចន្លោះពី៣០០ ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំនៅ​បរទេស”៕

- Advertisement -

Leave a Reply