អ្នកវិនិយោគចិនបង្កើតសួនសហគ្រាសថ្មីផលិតឧបករណ៍អេឡិចត្រូនិកនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ ប្រតិភូធុរជនមកពីទីក្រុងឆុងជីង នៃសាធារណរដ្ឋប្រជាមានិតចិន បានបំណងបង្កើតសួនសហគ្រាសឆុងជីងនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតនូវឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន សំដៅកាត់បន្ថយភាពក្រីក្រ។

ក្នុងជំនួបពិភាក្សារវាង លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ប្រតិ​ភូធុរជនទីក្រុងឆុងជីង ដឹកនាំដោយលោកបណ្ឌិត Wu Jianbo អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ផ្នែកដែនសមុទ្រ និងជាសមាជិកគណៈកម្មការឧស្សហកម្មថ្មី សហព័ន្ធទីក្រុងវៃឆ្លាត និងទីក្រុងវិថីសូត្រនៃសាធារណរដ្ឋប្រជាមានិតចិន លោកWu Jianboបានឲ្យដឹងថា ប្រតិភូវិនិយោគចិន គោលបំណងស្វែងរកឱកាសវិនិយោគ និងពង្រីកទីផ្សារនៅក្នុងប្រទេសកម្ពុជា តាមរយៈបង្កើតសួនសហគ្រាសឆុងជីង ដើម្បីផលិតឧបករណ៍អេឡិចត្រូនិក សម្ភារៈកុំព្យូទ័រ គ្រឿងបង្គុំទោចក្រយានយន្ត និងរថយន្ត ព្រមទាំងគ្រឿងចក្រផ្សេងៗ ដោយយកគំរូតាមសួនសហគ្រាសទីក្រុងឆុងជីង នៅក្នុងប្រទេសចិន។

លោកបណ្ឌិតបានបន្តថា “ឆុងជីង គឺជាទីក្រុងឧស្សាហកម្មធំមួយនៅលើពិភពលោក ដែលធ្វើការផលិតសម្ភារៈកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិក ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈផ្លូវរថភ្លើងដែលតភ្ជាប់ពីទីក្រុងឆុងជីងនៃប្រទេសចិន ទៅកាន់ប្រទសអាល្លឺម៉ង់ ឆ្លងកាត់ប្រទេសរុស្សី”។

Advertisement

លោកប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះគម្រោងវិនិយោគនេះ ហើយបានជម្រាបលោកបណ្ឌិត Wu Jianbo អំពីគោលនយោបាយបើកចំហរ និងគោលការណ៍លើកទឹកចិត្តវិនិយោគិន ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលគម្រោងវិនិយោគនានារបស់ធុរជនជាតិ និងអន្តរជាតិ។ លោកក៏បានលើកឡើងពីវត្ថុបំណង នៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រាប់វិនិយោគិនដែលចង់មកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។

បន្ថែមលើនេះលោកប៉ាន សូរស័ក្តិ បានស្នើប្រតិភូធុរជនចិននៃទីក្រុងឆុងជីង ពិចា​រណាវិនិយោគលើការកែច្នៃផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងចាប់ដៃវិនិយោគជាមួយធុរជនក្នុងស្រុក ជាពិសសេសសហគ្រិនវ័យក្មេងរបស់កម្ពុជា ដើម្បីបង្កើតសេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)៕

- Advertisement -

Leave a Reply