ប្រទេសសេដ្ឋកិច្ចយក្សចំនួន ៥ ប្រកាសប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់អាមេរិក
ដោយ Donald Lee
ភ្នំពេញ៖ ប្លុកពាណិជ្ជកម្ម BRICS រួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងបានប្តេជ្ញាចិត្តប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលបានធ្វើឡើងនៅប្រេស៊ីលនៅសប្តាហ៍នេះ។
ប្លុកពាណិជ្ជកម្ម BRICS តំណាងឱ្យ ៤០ ភាគរយនៃប្រជាជនពិភពលោក ២៣ ភាគរយនៃផលិតផលសរុបរបស់ពិភពលោក និងមានផលិតផលក្នុងស្រុកសរុបចំនួន ១៨,៦ ទ្រីលានដុល្លារកាលពីឆ្នាំមុន។ ប្លុកនេះបានសន្យាថានឹងធ្វើការរួមគ្នា និងប្រើប្រាស់កម្លាំងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមដើម្បីប្រឆាំងនឹងនយោបាយពាណិជ្ជកម្ម និងការគាំពារនិយមរបស់លោក Trump ដែលបានអូសទាញសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះ។
-->
សេចក្តីប្រកាសស្តីពីកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០១៩ បានឱ្យដឹងថា “ចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់យើង កំណើនសេដ្ឋកិច្ចពិភពលោកបានចុះខ្សោយ ហើយហានិភ័យបានកើនឡើង។ ភាពតានតឹងពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៃគោលនយោបាយបានជះឥទ្ធិពលដល់ទំនុកចិត្តពាណិជ្ជកម្ម ការវិនិយោគ និងកំណើនសេដ្ឋកិច្ច”។
សេចក្តីប្រកាសស្តីពីកិច្ចប្រជុំកំពូល BRICS បានបង្ហាញថា “យើងបានរំលឹកឡើងវិញពីសារៈសំខាន់នៃទីផ្សារបើកចំហ ស្ថានភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មដោយយុត្តិធម៌ និងមិនរើសអើង ការកែទម្រង់រចនាសម្ព័ន្ធ ការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ជំរុញការវិនិយោគ និងការច្នៃប្រឌិត ក៏ដូចជាការផ្តល់ហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ។
យើងសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចូលរួមកាន់តែច្រើនរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក”។
លោកប្រធានាធិបតីលោកស៊ី ជិនពីង បានមានប្រសាសន៍ថា “ប្រទេសអភិវឌ្ឍន៍ ដូចជាអាមេរិកកំពុងគំរាម សេដ្ឋកិច្ចដែលកំពុងរីកចម្រើនជាមួយនឹងការទាមទារពាណិជ្ជកម្មដោយគ្មានការខ្មាស់អៀន និងធ្វើឱ្យខូចគោលការណ៍ពាណិជ្ជកម្មបើកចំហ”។
សេចក្តីអត្ថាធិប្បាយពីកាសែត Global Times របស់ចិន បានឱ្យដឹងថា “ឆ្នាំនេះមិនល្អសម្រាប់ពិភពលោកទាំងមូល។ ផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្មដែលចាប់ផ្តើមដោយអាមេរិកប្រឆាំងនឹងចិនកំពុងតែរីករាលដាល”។
សេចក្តីអត្ថាធិប្បាយបានបន្ថែមថា “កាលពីអតីតកាល បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវឆ្លងកាត់លោកខាងលិចដើម្បីស្វែងយល់ពីពិភពលោក និងឆ្លងកាត់ពិភពលោក។ ប៉ុន្តែកិច្ចសហប្រតិបត្តិការ BRICS បានរំលឹកដល់ ប្រជាជនថាមានពិភពលោកដ៏ធំមួយ ក្រៅលោកខាងលិច”។
លើសពីនេះទៀត ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីនបានអំពាវនាវឱ្យសមាជិកប្លុកពាណិជ្ជកម្មទាំងអស់ប្រើរូបិយប័ណ្ណជាតិ ខណៈពេលធ្វើប្រតិបត្តិការអន្តរប្លុក ហើយពឹងផ្អែកតិចលើប្រាក់ដុល្លារអាមេរិក។ លោកក៏បានគាំទ្រដល់ធនាគារអភិវឌ្ឍន៍ថ្មីរបស់ BRICS ឱ្យប្រើប្រាស់រូបិយប័ណ្ណជាតិជំនួសឱ្យដុល្លារអាមេរិក។
លោកពូទីន បានមានប្រសាសន៍ថា “យើងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងពាណិជ្ជកម្មអន្តរជាតិដោយបង្កើនចំណងទាក់ទងទៅវិញទៅមកជាមួយប្រទេសក្រៅដែលជាដំបូង និងសំខាន់បំផុតគឺដៃគូ BRICS របស់យើង។
នៅឆ្នាំ ២០១៨ ពាណិជ្ជកម្មរបស់យើងជាមួយប្រទេសទាំង ៤ មានតម្លៃលើសពី ១២៥ ពាន់លានដុល្លារ”។ អង្គការ UNCTAD ដែលជាស្ថាប័នដ៏សំខាន់របស់អង្គការសហប្រជាជាតិទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម និងការអភិវឌ្ឍបានចេញផ្សាយរបាយការណ៍មួយកាលពីសប្តាហ៍មុនស្តីពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនក្នុងរយៈពេលមួយឆ្នាំទៅលើសេដ្ឋកិច្ចពិភពលោកទាំងមូល។
របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា “ជម្លោះពន្ធពាណិជ្ជកម្មរវាងចិន និងអាមេរិកគឺជាស្ថានភាពចាញ់-ចាញ់ សម្រាប់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល ហើយវាទំនងជាយ៉ាប់យ៉ឺន ដរាបណាមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានកើតឡើង”៕