ប្រធាន​សមាគម​ពីរ​អំពាវនាវ​ឱ្យ​អ្នករក​ស៊ី​ផ្នែក​អចលនទ្រព្យ​ប្រកួតប្រជែង​គ្នា​ប្រកបដោយ​តម្លាភាព​

1
លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ / លោក​ឃាង​ ពុទ្ឋី​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​

ដោយ​ គង់​ ម៉ា​លីន​

ភ្នំពេញ​៖ ស្រប​ពេល​ការប្រកួត​ប្រជែង​ក្នុង​វិស័យ​អចលនទ្រព្យ​កើនឡើង​ ប្រធាន​សមាគម​ធ្វើការ​ទាក់ទង​នឹង​វិស័យ​នេះ​ពីរ​រូប​ បាន​អំពាវនាវ​ឲ្យ​ភ្នាក់​បងារ​រកទទួលទាន​ក្នុង​វិស័យ​នេះ​ ត្រូវ​ឈរ​លើ​ភាព​ស្មោះត្រង់​ និង​ប្រកួតប្រជែង​គ្នា​ប្រកបដោយ​តម្លាភាព​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក ​ឃាង​ ពុទ្ឋី​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា​ នៅក្នុង​វិស័យ​អ្វីក៏ដោយ​ ការ​រកស៊ី​តែងតែមាន​ការប្រកួត​ប្រជែង​គ្នា​ដោយ​ជៀង​មិន​រួច​ ប៉ុន្តែ​លោក​ទំ​ពាវ​នាវ​ឲ្យ​អ្នករក​ស៊ី​ ឬភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​មាន​ភាព​ស្មោះត្រង់​ និង​ឈរ​លើ​គោលការណ៍​ឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​ ដើម្បី​ធ្វើឲ្យ​ ទីផ្សារ​នេះ​កាន់តែ​រីកចម្រើន​ និង​បង្កើន​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​។

លោក​បន្ត​ថា​ “ឈរ​លើ​មូលដ្ឋាន​ឈ្នះ​ ឈ្នះ​ ដោយធ្វើ​ការ​សហការ​គ្នា​ និង​ចែក​ផលប្រយោជន៍​គ្នា​ ទោះ​តិច​ឬច្រើន​បានផល​ទាំងអស់គ្នា​ជា​ការ​ប្រសើរ​ ព្រោះ​ការប្រកួត​ប្រជែង​ប្រាសចាក​ក្រម​សីល​ធ៌ម​ ដោយ​ឈរ​តែ​លើ​ផលប្រយោជន៍​ វា​នឹង​បង្ក​ហានិភ័យ​ដល់​វិស័យ​នេះ​”។លោក​បន្ត​ថា​ “កាលណា​យើង​ឈ្លោះ​គ្នា​ យើង​នឹង​បាត់​មិត្ត​ បាត់​ផលប្រយោជន៍​ទាំងសងខាង​ ហេតុនេះ​កុំ​ឈ្លោះ​គ្នា​ តែ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ក្រម​សីល​ធម៌​ និង​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់​”។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ការប្រកួត​ប្រជែង​ដោយ​គ្មាន​តម្លាភាព​ ឬការដែល​មិន​អនុវត្ត​ទៅតាម​គោលការណ៍​នៃ​ច្បាប់​ អាច​កើតមាន​ចំពោះតែ​ក្រុមហ៊ុន​មួយចំនួន​តូច​ ដែល​មិន​មាន​ក្រមសីលធម៌​តែប៉ុណ្ណោះ​ ហើយក៏​អាច​ទទួល​បាន​ប្រយោជន៍​ត្រឹម​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ ដែល​យើង​ក៏​មិន​អាច​ហាមឃាត់​អ្នក​ទាំងនោះ​បាន​ដែរ​ ព្រោះ​វា​ជាទី​ផ្សារ​សេរី​។

លោក​បាន​បន្ត​ទៀត​ថា​ “ករណី​បែបនេះ​ ហាក់​មិនទាន់​អាច​ជះឥទ្ធិពល​អាក្រក់​នៅ​លើ​ទីផ្សារ​រួម​ខ្លាំងក្លា​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​បញ្ចៀស​ការខាតបង់​នោះ​ គឺ​ក្រុមហ៊ុន​ដែល​ជា​ភ្នាក់ងារ​ ត្រូវតែ​មានការ​ចង់​ជា​កិច្ចសន្យា​ជាមុន​ឱ្យ​ត្រឹមត្រូវ​ ទើប​ផ្តល់​កិច្ច​ប្រឹក្សា​ និង​ណែនាំ​អតិថិជន​របស់​ខ្លួន​តាម​ក្រោយ​”។

ទោះជាយ៉ាងណា​ក៏ដោយ​ លោក​ច្រឹក​ សុ​ខនីម​ ក៏​បាន​ទទួ​ចឱ្យ​បណ្តា​ភ្នាក់ងារ​ ដែល​តែង​អនុវត្ត​ប្រាសចាក​ពី​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ទាំងនោះ​ គួរ​ចូលរួម​មក​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ទាំងអស់គ្នា​ ដើម្បី​លើកកម្ពស់​តម្លៃ​ក្រុមហ៊ុន​ ដែល​កំពុង​ប្រកប​អាជីវកម្ម​ដូចជា​ ក៏ដូចជា​ផ្តល់​តម្លៃ​ឱ្យ​ខ្លួនឯង​ផង​ដែរ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here