ប្រវត្តិសាស្រ្ត! ខ្សែរថភ្លើងដែលគេបំភ្លេចបានចាប់ផ្តើមជាថ្មី

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ជាប្រវត្តិសាស្រ្តថ្មីមួយ ដែលក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះផ្លូវ​រថភ្លើងត្រូវបានគេបំភ្លេចចោល បានចាប់ផ្តើមដំណើរការដឹកជញ្ជូនឡើងវិញជា​មួយនឹងការផ្តល់សេវាកម្ម ដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងរយៈពេល៤ខែ។

លោកទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាមនុស្សកំណែទម្រង់របស់រដ្ឋាភិបាល និងកំពុងមានប្រជាប្រិ​យភាព បានអញ្ជើញដាក់ឲ្យដំណើរការនូវខ្សែរថភ្លើង តភ្ជាប់រវាងក្រុងសិរីសោភ័​ណ និងក្រុងប៉ោយប៉ែត​ជាប្រវត្តិសាស្រ្តនាព្រឹកថ្ងៃទី៤ មេសានេះ។

ខ្សែរថភ្លើងនេះ នឹងដាក់ដំណើរការខ្សែរត់ចំនួនបីលើកក្នុងមួយថ្ងៃ ដែលអនុញ្ញាត្តឲ្យមនុស្សប្រមាណ១០០នាក់អាចធ្វើដំណើរបាន។

Advertisement

លោកស៊ុន ចាន់ថុលបានថ្លែងថា ផ្លូវដែកដែលស្តារឡើងវិញ និងសាងសង់​ថ្មីនេះ ផ្តោតសំខាន់ដល់ការដឹកជញ្ជូនគ្រប់រូបភាព ការធ្វើសមាហរណកម្មផ្ទៃក្នុង  ជាពិសេសការធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ ដោយតភ្ជាប់ទៅកាន់តំបន់អាស៊ាន។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានថ្លែងថា ការតភ្ជាប់ប្រព័ន្ឋដឹកជញ្ជូនថ្មីនេះ ជាការរំញោចនូវសេវាកម្មក្នុងវិស័យទេសចរណ៍​​ជាមួយប្រទេសថៃ ដែលពេលអនាគតខ្សែរថភ្លើងនេះ មិនត្រឹមតែភ្ជាប់ផ្ទៃក្នុងកម្ពុជាទេ តែក៏ជាការភ្ជាប់ជាមួយប្រទេសថៃនាពេលអនាគតផងដែរ។លោកបន្តថា ប្រព័ន្ឋផ្លូវដែកនេះ ក៏ជាការផ្តល់បទពិសោធន៍ថ្មីក្នុងការធ្វើដំនើរ ដែលរយៈពេលជាង៣០ឆ្នាំមកនេះ ខ្សែរថភ្លើងនេះត្រូវបានបោះបង់ចោល ដោយសារសង្រ្គាម។

លោកបន្តថា “ការដឹកជញ្ជូនតាមផ្លូវដែក ក៏ជួយកាត់បន្ថយអត្រាគ្រោះថ្នាក់​ចរាចរណ៍ ជួយកាត់បន្ថយភាពគ្មានសណ្តាប់ធ្នាប់ នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ និងជួយសម្រួលដល់លំហូរទេសចរណ៍អន្តរជាតិផងដែរ”៕

- Advertisement -

Leave a Reply