ដោយៈ រ៉ាណេត
ព្រះសីហនុៈ គម្រោងស្ដារប្រឡាយមេសំខាន់ៗចំនួន៥ នៅក្នុងគម្រោងស្ដារ និងស្ថាបនាផ្លូវប្រឡាយទាំង៣៤ខ្សែ នៅទាំងក្រុងព្រះសីហនុ គ្រោងនឹងបើកសម្ពោធការដ្ឋាននៅត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះហើយ។
ជាការឆ្លើយតប និងអនុវត្តតាមគម្រោងការរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងខេត្តព្រះសីហនុចំនួន៣៤ខ្សែដែលប្រគល់ឱ្យក្រុមហ៊ុនចំនួន៨ ទទួលខុសត្រូវលើការសាងសង់នោះ នៅព្រឹកថ្ងៃ៣ ខែធ្នូ ឆ្នាំ២០១៩ នេះ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដឹកនាំកិច្ចប្រជុំស្តីពីការងារស្តារអូរ ប្រឡាយទាំង៥ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយគ្រោងយកព្រឹកថ្ងៃទី៩ ដើមសប្ដាហ៍ក្រោយនេះ ជាថ្ងៃបើកការដ្ឋាន។
លោកបុរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានធ្វើបទបង្ហាញស្តីពីស្ថានភាពអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដែលជាគម្រោងការងារស្តារអូរ ប្រឡាយទាំង៥ខ្សែ មានប្រវែង២៦,៥៩៧គីឡូម៉ែត្រ ក្នុងនោះមានដូចជា អូរប្រឡាយអូរឈើទាល មានអូរតូច៥ផ្សេងទៀត ប្រវែងសរុប១៦.៦៣០ម៉ែត្រ។ អូរប្រឡាយអូរអេម៉ារីយូ មានប្រវែង១.៩០០ម៉ែត្រ។ អូរប្រឡាយ អូរសំអាតប្រវែង៣.៧៧៥ម៉ែត្រ។ អូរប្រឡាយស្ពានឆេះ ប្រវែង១.១៧០ម៉ែត្រ និងអូរប្រឡាយ អណ្តូងអ៊ុនតាក់ ប្រវែង ៣.១១៦ម៉ែត្រ ដើម្បីធ្វើការស្តារ រំដោះយកចំណីអូរប្រឡាយមកវិញ។
ការរំលោភបំពានដីចំណីអូរប្រឡាយ ជាមូលហេតុចំបងបណ្តាលឱ្យមានការកកស្ទះទឹកលិចលង់នៅរដូវវស្សា ព្រោះដោយសារមានការសាងសង់សំណង់ខុសច្បាប់រំលោភយកដីចំណីប្រឡាយ អូរទាំង៥ខ្សែ ។ ក្នុងចំណោមអូរ ប្រឡាយទាំង៥ខ្សែខាងលើ និងមានប្រឡាយតូចៗជាច្រើនខ្សែផ្សេងទៀត ដែលមានទទឹងចាប់ពី៣ម៉ែត្រ និងកន្លែងខ្លះទៀត មានទទឹងរហូតដល់ទៅជាង៦០ម៉ែត្រ តាមនិយាមការប្លង់សុរិយោដី។
លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ទីរដែនដី ត្រូវសហការគ្នា រៀបចំបោះបង្គោលកំណត់និយាមការទីតាំងអូរ ប្រឡាយទាំង៥ខ្សែ ដើម្បីឱ្យក្រុមការងារចុះការស្តារអូរ ប្រឡាយ មានភាពងាយស្រួល ពិសេសអាជ្ញាធរក្រុងចូលរួមសហការ ចុះបាញ់ថ្នាំ និងអប់រំឱ្យប្រជាពលរដ្ឋរុះរើសំណង់ទាំងឡាយណា ដែលប៉ះពាល់ការងារស្តារអូរប្រឡាយរបស់យើង និងងាយស្រួលដល់ក្រុមការងារដាក់គ្រឿងចក្រចុះកាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ ។
លោកអភិបាលខេត្តបានបញ្ជាក់ថា “យើងកំពុងមានការមមាញឹក ក្នុងការស្ថាបនាផ្លូវទាំង៣៤ខ្សែ ដូច្នេះប្រព័ន្ធអូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ ក៏ត្រូវធ្វើការស្តារឡើងវិញជាមួយគ្នា ដើម្បីចញ្ចៀសនូវជំនន់ទឹកភ្លៀង កុំឱ្យជន់លិចក្នុងរដូវវស្សា នៅឆ្នាំ២០២០ខាងមុខនេះ”៕