ផ្លូវថ្នល់ប្រមាណ៩០ខ្សែ កំពុងរងគ្រោះដោយសារទឹកជំនន់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងបន្តប្រឈមទៅនឹងគ្រោះជំនន់ដោយទឹកភ្លៀង ជាពិសេស ការទទួលរងនូវសម្ពាធទាបពីព្យុះទី១៧ ដែលនឹងបោកបក់មកដល់ទឹកដីប្រទេសកម្ពុជានៅចុងសប្ដាហ៍ខាងមុខនេះ យ៉ាងហោចណាស់មានផ្លូវថ្នល់ទូទាំងប្រទេសប្រមាណ៩០ខ្សែដែលកំពុងតែទទួលរងនូវការខូចខាត ហើយមួយចំនួនធំត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។

- Video Advertisement -

បន្ថែមពីលើចំនួនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ និងរងគ្រោះពីជំនន់ទឹកភ្លៀងជិត២១គ្រួសារ នៅ១៩ខេត្តក្រុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ផ្លូវថ្នល់សរុបប្រមាណ៩០ខ្សែ ស្មើនឹងជាង២០០កំណាត់ ក៏កំពុងទទួលរងនូវការខូចខាតផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានមានប្រសាសន៍ថា តាមទិន្នន័យបច្ចេកទេសរបស់ក្រសួងបានបង្ហាញថា ផ្លូវដែលទទួលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងនេះ សរុបប្រមាណ៣០០គីឡូម៉ែត្រ ដែលនេះគ្រាន់តែជាទិន្នន័យបច្ចេកទេសរបស់ក្រសួងតែប៉ុណ្ណោះ ខណៈដែល មន្ទីរនៅតាមខេត្តនីមួយៗកំពុងបន្តរាយការណ៍។

នៅក្នុងចំណោមបណ្តាផ្លូវដែលកំពុងទទួលទទួលរងនូវការជនន់លិចខាងលើនេះ សម្រាប់តែនៅក្នុងខេត្តកណ្តាលត្រូវបានប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅតាមផ្លូវថ្នល់សំខាន់ចំនួន៩ខ្សែ ខណៈដែលរាជធានីភ្នំពេញ ក៏បានប្រកាសផ្អាកចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូលផងដែរ។ ដោយឡែកផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ក៏ត្រូវបានផ្អាកចរចារណ៍ជាបណ្តោះអាសន្នផងដែរ ក្រោមក្ដីបារម្ភពីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងពេលធ្វើធ្វើដំណើរ និងជៀសវាងខូចខាតផ្លូវថ្នល់ធ្ងន់ធ្ងរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា “រដ្ឋាភិបាល ក្រោមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រោយការឆ្លងផុតពីគ្រោះទឹកជំនន់ ក្រសួងសាធារណការ នឹងដឹកជញ្ជូន នឹងជម្រុញឱ្យមន្ត្រីចុះសិក្សាលម្អិតពីផលខូចខាត ដើម្បីធ្វើការជួសជុលកែលម្អជាបន្ទាន់ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស”៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here