ផ្លូវ​ចំនួន៣៤ខ្សែ​ នឹង​ត្រូវ​ស្ថាបនា​ឡើងវិញ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​

0

ដោយ​៖ រ៉ា​ណេត​

ព្រះសីហនុ​៖ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ ឱ្យទៅ​ជាទី​ក្រុង​ដ៏​ទំនើប​ ពោរពេញ​ទៅ​ដោយ​សោភ័ណភាព​ បរិស្ថាន​ល្អ​ សម្រាប់​ការរស់នៅ​ ទេសចរណ៍​ និង​ធុរកិច្ច​ ជាពិសេស​ធានា​បាន​នូវ​គុណភាព​ខ្ពស់​ ដែល​អាច​ប្រើប្រាស់​បាន​យូរអង្វែង​ តាមរយៈ​ក្រសួង​រៀបចំ​ដែន​ នគរូបនីយកម្ម​ និង​សំណង់​ រដ្ឋាភិបាល​ បានសម្រេច​ធ្វើការ​ស្ថាបនា​ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​រហូតដល់​ចំនួន​ ៣៤​ ខ្សែ​ ស្មើនឹង​ប្រមាណ​ជាង​ ៨០គីឡូម៉ែត្រ​ ។

ជាមួយនឹង​ការសម្រេច​លើ​ការស្ថាបនា​ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ក្រោម​វត្តមាន​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ជា​ សុ​ផា​រ៉ា​ កាលពី​ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ស្ដីពី​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ទូទាំង​ខេត្ត​ផង​ដែរ​។

នៅក្នុង​គម្រោង​ស្ថាបនា​ និង​សាងសង់​ផ្លូវ​ទាំង៣៤ខ្សែ​ ស្មើនឹង​ ៨៤៥០៥​ ម៉ែត្រ​ ក្នុង​ក្របខណ្ឌ​នៃ​ថវិកា​ទទួល​បាន​ពី​ការ​ដោះដូរ​​ធនធាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ធ្វើការ​បែងចែក​ជា៣ប្រភេទ​ ដើម្បី​ងាយស្រួល​ក្នុង​ការអនុវត្ត​ និង​គោរព​ទៅតាម​គោលការណ៍​ លក្ខណៈ​បច្ចេកទេស​ដូច​ខាងក្រោម​ ៖

1. គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ ចក្ខុវិស័យ​ឆ្នាំ​ ២០៣០​ ដែល​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​អនុក្រឹត្យ​លេខ​ ៨១​ អន​ក្រ.បក​ ចុះ​ថ្ងៃទី​ ១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៨​។

2. កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុច​កណ្តាល​នៃ​ដី​ចំណី​ផ្លូវ​សាធារណៈ​ស្របតាម​ប្លង់​សុរិយោដី​។

3. សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត​ (detailed​ design​) នៃ​ខ្សែ​ផ្លូវ​នី​មួយ​ៗ ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ អនុលោម​តាម​បទដ្ឋាន​របស់​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​៖

– ទ្រូងផ្លូវ​ធ្វើ​ពី​បេតុង​កម្រាស់​ ២៥០​ មី​លី​ម៉ែត្រ​ ក្រាល​កៅស៊ូ​បេ​ទីម​ (Asphalt​ Concrete​) កម្រាស់​ ៧០​ មី​លី​ម៉ែត្រ​។ បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែកសរសៃ​ទំហំ​ ១២​ មី​លី​ម៉ែត្រ។

​- ចិញ្ចើម​ផ្លូវ​មានផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង​ (Concrete​ Slab​) និង​ផ្លូវ​ជិះកង់​ទទឹង​ ១,៥០​ ម៉ែត្រ​ ក្រាល​កៅស៊ូ​បេ​ទីម​ កម្រាស់​ ៥០​ មី​លី​ម៉ែត្រ​ និង​មាន​ដាំ​ស្មៅ​ និង​ដើមឈើ​ជា​ផ្ទៃ​ជ្រាប​ទឹក​

– ដាំ​ដើម​តែ​នៅ​តាមផ្លូវ​ដែល​មាន​សួន​កណ្តាល​ចែកផ្លូវ​

– បង្កប់​លូ​ទឹកភ្លៀង​មុខកាត់​ ១ ម៉ែត្រ​ និង​លូ​ទឹក​កខ្វក់​មុខកាត់​ ១ ម៉ែត្រ​ តាម​បណ្តា​យស​ងខាង​ផ្លូវ​

– មាន​បង្គោល​ភ្លើង​ប្រើ​ថាមពល​ព្រះអាទិត្យ​- មាន​គំនូស​និង​ផ្លាក​សញ្ញា​ចរាចរណ៍​ តាម​បទដ្ឋាន​បច្ចេកទេស​។

អំពី​ការគ្រប់គ្រង​គម្រោង​

1. រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជា​អាណាប័ក​ដើម​ខ្សែ​និង​ជា​អ្នក​ម្ចាស់ការ​ក្នុង​ការអនុវត្ត​គម្រោង​។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ត្រូវ​អនុវត្ត​គម្រោង​ក្រោម​ការណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

2. អ្នកទទួលការ​ មាន​

១. កង​វិស្វកម្ម​តេជោ​ ហ៊ុន​សែន​ សៀមរាប​ (នាយ​ឧត្តមសេនីយ៍​ ខេង​ សុមេធ​)

២.កង​វិស្វកម្ម​លេខ​ ១៧៨​ ស្ពាន​-ថ្នល់​ (ឧត្តមសេនីយ៍ឯក​ សឿន​ រឿត​)

៣.ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ និង​ ៤.ក្រុមហ៊ុន​ឯកជន​មួយចំនួន​ដែល​មានបទពិសោធន៍​និង​ស្នាដៃ​ល្អ​ក្នុង​ការអនុវត្ត​គម្រោង​សហប្រតិបត្តិ​ការ​ និង​ពុំ​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ដៃគូ​អភិវឌ្ឍន៍​។

3. អ្នក​ម្ចាស់ការ​ ត្រូវ​អនុវត្ត​នីតិវិធី​ចរចា​ថ្លៃ​ និង​ចុះ​កិច្ចសន្យា​ផ្ទាល់​ជាមួយ​អ្នកទទួលការ​ តាម​ការណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

4. រយៈពេល​សាងសង់​ត្រូវ​បាន​កំណត់​ ៨ (ប្រាំបី​) ខែ​ គិត​ចាប់ពី​ថ្ងៃខែ​ឆ្នាំ​ ចុះ​កិច្ចសន្យា​ ដែល​គ្រោង​នៅដើម​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​។

5. គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ មាន​ភារកិច្ច​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here