ផ្សារហ៊ុននៅ Wall Street ដ៏ល្បីល្បាញរបស់អាមេរិកចាប់ផ្តើមងើបឡើងវិញ ខណៈលោកចូ បៃឌិនត្រៀមចូលកាន់តំណែង

0

ដោយៈសុខុម
ញូយ៉កៈ សង្កាត់ហិរញ្ញវត្ថុ Wall Street ក្នុងក្រុងញូវយ៉ក បានបោះជំហានឆ្ពោះទៅរកការចាប់ផ្ដើមដ៏រឹងមាំ កាលពីថ្ងៃអង្គារ ទី១២ ខែមករា នៅពេលការលក់ចេញសញ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យតម្រូវការរូបិយប័ណ្ណដុល្លារកើនឡើង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា សកម្មភាពទិញចូលភាគហ៊ុនអឺរ៉ុបតិចតួចបូករួមគ្មានដំណឹងសំខាន់ៗអំពីក្រុមហ៊ុនសាជីវកម្ម ឬទិន្នន័យសេដ្ឋកិច្ចផងនោះ បានផ្ដល់សញ្ញាតិចតួចណាស់អំពីការតម្រង់ទិសទីផ្សារ។
លោកNed Rumpeltin ប្រធានផ្នែកយុទ្ធសាស្ត្ររូបិយប័ណ្ណនៅធនាគារ TD Securities ដែលជាធនាគារវិនិយោគពហុជាតិសាសន៍របស់ប្រទេសកាណាដាបានថ្លែងថា ទីផ្សារនានាកំពុងតែបញ្ជូនសារចម្រុះសម្រាប់ដើមឆ្នាំ២០២១នេះ នៅពេលដែលភាគហ៊ុនហក់ឡើងខ្ពស់ ហាងឆេងមាស និងរូបិយប័ណ្ណដុល្លារហាក់នៅទ្រឹង ហើយសញ្ញាប័ណ្ណធ្លាក់ចុះ។
លោកបានបន្ថែមថា “វាជាសប្ដាហ៍ដែលតានតឹងខ្លាំងនៅឡើយ សម្រាប់នយោបាយរបស់សហរដ្ឋអាមេរិក ហើយរយៈពេលពីរបីថ្ងៃខាងមុខ អ្វីៗក៏អាចកើតឡើងបានដែរ។ នោះនឹងធ្វើឱ្យបណ្ដាវិនិយោគិនប្រយ័ត្នប្រយែងបន្តិចហើយ”។


បក្សប្រជាធិបតេយ្យបានប្រកាសថា ខ្លួននឹងទុកឱកាសជាលើកចុងក្រោយឱ្យប្រធានាធិបតីដូណាល់ ត្រាំ ចុះចេញពីតំណែងមុនពេលកំណត់ ដោយមិនបាច់រង់ចាំដល់អាណត្តិរបស់លោកផុតជាផ្លូវការនៅថ្ងៃទី២០ មករា ដ៏ខ្លីខាងមុខនេះឡើយ ដោយសារតែលោកបានញុះញង់ឱ្យអ្នកគាំទ្ររបស់ខ្លួនធ្វើការប្រហារទៅលើវិមានរដ្ឋសភាកាពីតូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ មករា កន្លងទៅនេះ។

ក្រឡេកមកមើលផ្សារភាគហ៊ុនវិញឃើញថា ផ្សារភាគហ៊ុន Dow Jones បានហក់ឡើង០,២% ហើយផ្សារភាគហ៊ុន S&P 500 បានហក់ឡើង០,២៦%។ ចំណែកឯផ្សារភាគហ៊ុន Nasdaq បានហក់ឡើង០,៣%។
ក្រុមអ្នកវិភាគលើកឡើងថា ការលក់ចេញសញ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិកធ្វើឡើងដោយសារមានការរំពឹងទុកថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកចូ បៃឌិន ដែលនឹងចូលកាន់តំណែងនៅសេតវិមានសប្ដាហ៍ក្រោយនឹងបញ្ចេញកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចបន្ថែមទៀត៕

- Video Advertisement -
-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here