មន្ត្រី​ជំនាញ​ហិរញ្ញវត្ថុ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ប្រយ័ត្ន​រងគ្រោះ​ក្នុង​គម្រោង​វិនិយោគ​ខ្យល់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​រូបភាព​ជា​ក្រុមហ៊ុន​ប្រកាស​លក់​ភាគហ៊ុន​ នៅ​លើ​គម្រោង​វិនិយោគ​រួម​កាលពី​ពេល​កន្លងទៅ​ ក៏ដូចជា​បច្ចុប្បន្ន​នេះ​ មាន​បុគ្គល​មួយចំនួន​បាន​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ដាក់​ប្រាក់​វិនិយោគ​ក្រោម​ការ​ឆបោក​ថា​ អាច​ទទួល​បាន​អត្រា​ចំណេញ​ខ្ពស់​ រួម​ជាមួយ​ការ​ទទួល​បានការ​ប្រាក់​ច្រើន​ក្នុងរយៈពេល​ខ្លី​។

អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ លោក​ ស៊ូ​ សុ​ជាតិ​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ បញ្ហា​នៃ​ការ​ឆបោក​ពីសំណាក់​ជនខិលខូច​មួយចំនួន​កាលពី​ពេល​កន្លងទៅ​នេះ​ វា​បាន​ក្លាយជា​ក្ដី​ព្រួយបារម្ភ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ដែល​កំពុង​ស្វះស្វែង​រក​ដំណោះស្រាយ​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​កើតមាន​បន្ត​ទៀត​ ជៀសវាង​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ និង​ខាតបង់​ទ្រព្យសម្បត្តិ​ ឬចាញ់បោក​គេ​។

​លោក​បាន​បន្ត​ទៀត​ថា​ “កាលពី​ពេល​កន្លងទៅ​នេះ​ មាន​ក្រុមហ៊ុន​និង​បុគ្គល​មួយចំនួន​បាន​ដើរ​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ដាក់​សាច់ប្រាក់​វិនិយោគ​នៅក្នុង​គម្រោង​វិនិយោគ​រួម​ដោយ​អះអាង​ថា​ មាន​កិច្ចសហការ​ពីសំណាក់​ក្រុមហ៊ុន​នៅ​បរទេស​ ក្នុង​រូបភាព​ចូលហ៊ុន​គ្នា​ ឬទិញ​ចំណែក​ភាគហ៊ុន​ជាដើម​ ដោយ​ការ​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ និង​ក្នុងរយៈពេល​ខ្លី​”។ លោក​បាន​បន្ត​ទៀត​ថា​ “ជាមួយនឹង​ការ​អះអាង​ទាំងនេះ​ មាន​បុគ្គល​ខ្លះទៀត​ បាន​សន្យា​ផ្តល់​ប្រាក់ចំណេញ​ តាមរយៈ​ការ​ផ្តល់​ការប្រាក់​ជាប្រចាំ​សប្ដាហ៍​ ប្រចាំខែ​ ឬប្រចាំឆ្នាំ​ នៅក្នុង​អត្រា​ការប្រាក់​ខ្ពស់​ខុសពី​ធម្មតា​”។

រហូតមកដល់​ពេលនេះ​ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ទៅលើ​គម្រោង​វិនិយោគ​រួម​ដែល​ស្របច្បាប់​ និង​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ មានត្រឹមតែ៤ក្រុមហ៊ុន​តែប៉ុណ្ណោះ​ ហើយ​ក្រុមហ៊ុន​ចំនួន២ទៀត​ កំពុងតែ​ស្ថិតនៅ​ក្នុង​ដំណើរការ​នីតិវិធី​ និង​ការពិនិត្យ​ឈាន​ដល់​ការសម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​។

លោក​ ស៊ូ​ សុ​ជាតិ​ បាន​បញ្ជាក់​ថា​ “នៅក្នុង​គោលបំណង​ដើម្បី​ការពារ​ផលប្រយោជន៍​ និង​ទ្រព្យសម្បត្តិ​ ប្រជាពលរដ្ឋ​ទាំងអស់​គួរតែ​មានការ​ប្រុងប្រយ័ត្ន​ ឱ្យ​បាន​ខ្ពស់​ចំពោះ​ការសម្រេច​ចិត្ត​ដាក់​ប្រាក់​វិនិយោគ​រួម​ នៅក្នុង​គម្រោង​ណាមួយ​ ជាពិសេស​ ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ក្រុមហ៊ុន​ ក៏ដូចជា​បុគ្គល​ដែល​ដើរ​ផ្សព្វផ្សាយ​អូសទាញ​ ដើម្បី​ឱ្យ​ប្រាកដ​ថា​ ជា​ក្រុមហ៊ុន​ស្របច្បាប់​ ឬជា​ការបោកប្រាស់​”។

ជាមួយនឹង​ការ​បង្ហាញ​ពី​ក្ដី​បារម្ភ​នៅក្នុង​វិស័យ​នេះ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ CEO​ Master​ Club​ Investment​ PLC​ ​ដែល​ទើបតែ​ទទួល​បាន​អជ្ញា​ប័ណ្ណ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​មូល​នី​ធិ​ទី៤​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ លោក​ អោម​ សេង​បូរ៉ា​ បាន​មានប្រសាសន៍​ថា​ “ការសម្រេច​ចិត្ត​ចូលរួម​នៅក្នុង​គម្រោង​វិនិយោគ​ គឺជា​រឿង​ដែល​ល្អ​ សម្រាប់​អ្នក​ដែល​មាន​ដើមទុន​ ប៉ុន្តែ​មិន​មានឱកាស​ ឬមិន​អាច​វិនិយោគ​បាន​ដោយខ្លួនឯង​”។

លោក​បាន​បន្ត​ទៀត​ថា​ “ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ គឺ​អ្នក​វិនិយោគ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការសម្រេច​ចិត្ត​បណ្តាក់​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ ឬជន​ឆបោក​ ដែល​ជា​បទពិសោធន៍​ធ្លាប់​មាន​ច្រើន​រួចមក​ហើយ​ រហូត​មានការ​ដាក់ពាក្យ​ប្ដឹង​ទៅកាន់​តុលាការ​ក៏​មាន​”។

លោក​បាន​បញ្ជាក់​ថា​ “នៅពេល​ដែល​មាន​ក្រុមហ៊ុន​ ឬបុគ្គល​រូប​ណា​ព្យាយាម​អូសទាញ​ ដោយ​ការសន្យា​ផ្តល់​ផលប្រយោជន៍​ច្រើនជាង​ធម្មតា​ វា​គឺជា​ចំណុច​មួយ​ដែល​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ និង​ទាមទារ​ឱ្យ​មានការ​សិក្សា​លម្អិត​ ជៀសវាង​មានការ​រងគ្រោះ​ ខាតបង់​ទ្រព្យសម្បត្តិ​ដោយ​ការ​ឆបោក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here