មន្រ្តីជំនាញៈទីតាំងព្រលានយន្តហោះថ្មីមិនបានផ្លាស់ប្តូរទេ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា ទីតាំងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មី លើទឹកដីស្រុកកណ្តាលស្ទឹងមិនបាន​ផ្លាស់ប្តូរដូចពាក្យចចាមអារ៉ាមនោះឡើយ។


លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យឲ្យស្ថាប័នខាងលើនេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ ឧសភានេះថា ទីតាំងសាងសង់ព្រលានយន្តហោះថ្មីនេះ ពិតជា​មិនមានការផ្លាស់ប្តូរណាមួយនោះទេ ប៉ុន្តែការសាងសង់នៅពេលណាលោកមិនអាចបញ្ជា​ក់បាននៅឡើយទេ ព្រោះការងារនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន OCIC និងក្រុម​ហ៊ុនចិន ដែលបានសហការសាងសង់ព្រលាននេះ។លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះ អាចចំណាយពេលរហូតដល់៥ឆ្នាំ ដោយមិនទាន់គិតពីការចាក់ខ្សាច់បំពេ​ញផ្ទៃបឹងនោះនៅឡើយទេ។

លោកបន្តថា “តាមធម្មតាការសាងសង់ព្រលានយន្តហោះនិមួយៗ ត្រូវចំណាយពេ​លច្រើន មិនអាចធ្វើមួយឆ្នាំឬពីរឆ្នាំបញ្ចប់បាននោះទេ”។លោកបន្តថា “ព្រលានយន្តហោះថ្មីនេះ នឹងសាងសង់លើផ្ទៃដីប្រមាណ៨០០ហិកតា ហើយផ្ទៃដីដែលនៅសល់នឹងប្រើប្រាស់សម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដើម្បីបំរើ និងទ្រទ្រង់សកម្មភាព​ព្រលានយន្តហោះថ្មីនេះ”។


តាមគំរោងដែលបានស្នើសុំទៅកាន់រដ្ឋាភិបាល ក្រុមហ៊ុន OCIC គ្រោងវិនិយោគព្រលានយន្តហោះនេះលើផ្ទៃដី២៦០០ហិកតា។

លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា តាមធម្មតាការវិនិយោគសាងសង់ព្រលានយន្ត​ហោះត្រូវចំណាយច្រើនណាស់ ដែលធ្វើឲ្យក្រុមហ៊ុនមិនងាយរកផលចំណេញបានមកវិញទេ ហេតុនេះទើបក្រុមហ៊ុននឹងសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម (Airport City) នៅជុំវិញព្រលាន ដើម្បីរកផលចំណេញពីការវិនិយោគរបស់ខ្លួន។

Advertisement

គំរោងសាងសង់ព្រលានយន្តហោះនេះ ត្រូវបានចុះកិច្ចព្រមព្រៀងកាលពីចុងឆ្នាំមុន ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងលោកលី ឃឺឈាងនាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានមកទស្សនកិច្ចនៅកម្ពុជា។
មន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន OCIC បានថ្លែងឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីរៀបចំគំរោងនិងផែនការដាក់ជូនប្រមុខរដ្ឋាភិបាលអនុម័ត មុនពេលសាងសង់ព្រលានយន្តហោះនេះ។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីការចាប់ផ្តើមសាងសង់ព្រលានយន្តហោះនេះនៅពេលណាជាក់លាក់នោះទេ៕

- Advertisement -

Leave a Reply