មូលហេតុអ្វីនៃការបង្កើនការចំណាយលើអាគារខ្ពស់ជាងគេរហូតដល់៦០០០លានដុល្លារ

0

ដោយ : គង់ សូរិយា

ភ្នំពេញ :  នៅទីបំផុតអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង ដែលមានកំពស់ចុងក្រោយរហូតដល់ជាង៥៦០ម៉ែត្រ បានបង្កើនទំហំទុនវិនិយោគពី៥ពាន់ដល់ជាង​៦ពាន់កានដុល្លារអាមេរិក។

លោកសាស្រ្តាចារ្យ ទួស សាភឿន អ្នកគ្រប់គ្រងនិងស្ថាបត្យករចូលរួមគូប្លង់គំរោងនេះបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារការរៀបចំឌីសាញឡើងវិញ និងការសិក្សាយ៉ាងម៉ត់ចត់ លើមូលដ្ឋាននៃការចំណាយសម្រាប់​សាងសង់អាគារនេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើនទំហំវិនិយោគ សម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេក្នុងតំបន់អាស៊ាននេះ។លោកបន្តថា ការចំណាយសម្រាប់គ្រោងអាគារនេះទាំងមូលមានទឹកប្រាក់ប្រមាណ៣០០០លានដុល្លារ និង៣០០០លានដុល្លារទៀតសំ​រាប់រៀបចំធ្វើយ៉ាងណាឲ្យអាគារនេះដំណើរការដោយជោគជ័យ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងដៃគូ បានបើកពិធីបើកការដ្ឋានជាផ្លូវការ ដើម្បីអនុញ្ញាត្តឲ្យក្រុមហ៊ុនមួយដែលមានជំនាញ ជីកជញ្ជាំងទប់ដីនៅជុំវិញកា​រដ្ឋានសាងសង់អាគារនេះ មុនពេលពិធីបើកការដ្ឋានសាងសង់ចាប់ផ្តើមនៅពេលខាង​មុខ។

Advertisement

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ មិនត្រឹមតែមានអាគារភ្លោះកំព​ស់ជាង៥៦០ម៉ែត្រនោះទេ ប៉ុន្តែគំរោងនេះមានអាគាររណបចំនួន៤ ស្ថិតនៅជុំវិញអា​គារភ្លោះនេះ ដែលអាគាររណបទាំងនោះមានកំពស់៤៥ជាន់ផងដែរ។

អាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង កំពស់១៣៣ជាន់នេះគ្រោងសាងសង់លើផ្ទៃដីជិត៦ហិកតា ស្ថិតនៅតំបន់ឌ្រីមលែនដ៏ ក្នុងសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ។ លោកសាស្រ្តាចារ្យ ទួស សាភឿន បានបន្តថា អាគារពាណិជ្ជកម្មដ៏ធំនេះមាន​បណ្តុះដោយសេវាកម្មចម្រុះ ដែលមានដូចជា ផ្សារទំនើប អាគារការិយាល័​យ អាផាតម៉ិនកម្រិតផ្កាយ៥ អូតែលកម្រិតផ្កាយ៦ ខុនដូប្រណីត សេវាកម្មហាត់​ប្រាណ ស្ទីម ម៉ាស្សា ភោជនីយដ្ឋានលំដាប់អន្តរជាតិ កន្លែងគយគន់ទិដ្ឋភាពក្រុងភ្នំពេញជាដើម។​ លោកបន្តថា នៅពេលអាគារនេះសាងសង់ហើយ វានឹងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ ហើយក្រុមហ៊ុនអន្តរជាតិល្បីៗ នឹងមកបោះទីតាំងនៅលើអាគារនេះ ព្រោះបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនអន្តរជាតិ ច្រើនចូលមកដាក់ការិយាល័យ​នៅទីក្រុងភ្នំពេញនៅឡើយទេ ដោយសារបច្ចុប្បន្នរាជធានីភ្នំពេញ មិនទាន់មានការិយាល័យលំដាប់អន្តរជាតិនៅឡើយទេ

តាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនលំដាប់អន្តរជាតិប្រមាណ៩០ក្រុមហ៊ុន បាននិងកំពុងវិនិយោគនៅកម្ពុជា ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិធំៗទាំង៥០០នៅក្នុងពិភពលោក។

តាមគំរោងអាគារពាណិជ្ជកម្មកប់ពពកនេះនឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd និង​សហការ​វិនិយោគរវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ាកាវ Sun Kian Ip Group​

អគ្គនាយកក្រុមហ៊ុន Ratanaka Realty លោក ងួន ឆាយលាង បានថ្លែងថា តាមធម្មតាអាគារធំបែបនេះ នៅពេលមានការកែប្រែប្លង់អ្វីមួយ វាជារឿងធម្មតាទេក្នុងការ ពន្យាពេលសាងសង់ ប៉ុន្តែនៅពេលនិយាយពីទំនុកចិត្ត វាអាចមានផលប៉ះពាល់តិចតួចជារឿងធម្មតា។លោកបន្តថា អាគារនេះប្រសិនជាធ្វើឲ្យបានល្អ និងមានប្លង់មានភាពទាក់ទាញ វាអាចជាLandmarkមួយសម្រាប់ក្រុងភ្នំពេញ ប៉ុន្តែប្លង់អាគារចាស់សព្វថ្ងៃនេះ វាហាក់ដូចជាអាគារធម្មតា គ្មានអ្វីជាភាពទាក់ទាញនោះទេ ហេតុនេះការឌីសាញអាគារឲ្យមើលទៅមានភាពទាក់ទាញ និងបង្ហាញភាពអស្ចារ្យពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យវាក្លាយជាមុខមាត់មួយសម្រាប់កម្ពុជា។

លោកបន្តថា​” សម្រាប់ខ្ញុំអាគារខ្ពស់ឬទាប វាមិនសូវសំខាន់សម្រាប់ខ្ញុំនោះទេ សំខាន់អាគារនោះពេលសាងសង់ចប់ មានសកម្មភាព និងផលិតភាពសេដ្ឋកិច្ចឬអត់ប៉ុណ្ណោះ”។

អ្នកឯកទេសផ្នែកនគរូបនីយកម្មលោកបណ្ឌិតវ៉ាន់ វ៉ាតបានថ្លែងថា ក្រសួងរៀប

ចំដែនដី បានសិក្សាជាយូរមកហើយពីបច្ចេកទេស និងកំពស់អាគារដែលត្រូវសាងសង់​នៅកន្លែងណាមួយ ពិសេសក្នុងសង្កាត់ចតុមុខ ដែលមានវិមានឯករាជ្យ មានការ​លើកឡើងពីការហាមមិនឲ្យសាងសង់ខ្ពស់ជាងវិមាន ដែលជានិម្មិតរូបនៃឯករាជ្យជាតិ​នេះ ប៉ុន្តែជាលទ្ឋផលគឺបច្ចុប្បន្នមានអាគារខ្ពស់ៗនៅជុំវិញទីតាំងនេះ។លោកបន្តថា ធម្មតាប្រទេសរបស់យើងកំពុងត្រូវទាញអ្នកវិនិយោគ ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ ហើយរដ្ឋាភិបាលលើកទឹកចិត្តឲ្យមានការសាងសង់អាគារខ្ពស់បែបនេះ គឺជាការ​លើកមុខមាត់ប្រទេសជាតិ និងជាមោទនភាពជាតិមួយ ដើម្បីបង្ហាញថាមិនមែនតែប្រទេសរីកចំរើនទើបសង់អាគារខ្ពស់បានទេ កម្ពុជាក៏មានសមត្ថភាពសាងសង់បានខ្ពស់ផងដែរ។

លោកបន្តថា “ការសាងសង់អាគារនេះ វានឹងទាក់ទាញអ្នកវិនិយោគក្នុងនិងក្រៅប្រទេស និងបង្ហាញពីបច្ចេកវិទ្យាទំនើបមួយ ដែលខ្មែរអាចធ្វើបាន ប៉ុន្តែអ្វីសំខាន់អ្នកវិនិយោគត្រូវគិតពីគុណភាព សោភ័ណភាព ព្រោះអាគារកាន់តែខ្ពស់ការរៀបចំគ្រឿងបង្គុំកាន់តែល្អកាន់តែប្រសើរ”។លោកបន្តថា “អ្វីសំខាន់គឺសុវត្ថិភាពទាំងពេល​សាងសង់ ពេលកំពុងសាងសង់ និងពេលបញ្ចប់ការសាងសង់”

- Advertisement -

Leave a Reply