មេដឹកនាំ​ហុងកុង​បន្ទោស​អាមេរិក​ចំពោះ​ការ​ជ្រៀតជ្រែក​លើទឹក​ដី​របស់​ខ្លួន​

0

ដោយ​ Donald​ Lee​

ហុង​កុងៈ​ មេដឹកនាំ​ទីក្រុង​ហុងកុង​ ដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង​បាន​ស្តី​បន្ទោស​អាមេរិក​ពី​ការ​ជ្រៀតជ្រែក​ចូលក្នុង​នយោបាយ​ខ្លួន​។

លោកស្រី​ Carrie​ Lam​ អភិបាលក្រុង​ហុងកុង​ ដែល​ជា​តំបន់​ពាក់កណ្តាល​ស្វ័យ​ត្ន​ ចិន​បាន​និយាយ​កាល​ក្នុង​សប្តាហ៍​នេះ​ថា​ វា​មិន​អាច​ទទួលយក​បានទេ​ ដែល​អាមេរិក​ព្យាយាម​ជះឥទ្ធិពល​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ទីក្រុង​ហុងកុង​។ លោកស្រី​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​ របស់​លោកស្រី​សំដៅ​ដល់​អាមេរិក​ថា​ “រដ្ឋាភិបាល​ហុងកុង​មិន​យល់ស្រប​ដាច់ខាត​ និង​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ដែល​រដ្ឋសភា​បរទេស​កំពុង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​តាមរយៈ​ច្បាប់​”។

សមាជិកសភា​អាមេរិក​ នឹង​បោះឆ្នោត​លើច្បាប់​មួយ​ដែល​មានឈ្មោះ​ថា ​“ច្បាប់​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ហុងកុង​ឆ្នាំ២០១៩​”។

ច្បាប់​នេះ​ ត្រូវ​បាន​ណែនាំ​ដោយ​សមាជិកសភា​អាមេរិក​ Chris​ Smith​ និង​មានការ​គាំទ្រ​ជាទូទៅ​ពី​គណបក្ស​នយោបាយ​ទាំងពីរ​នៅ​អាមេរិក​។ ប្រសិនបើ​ត្រូវ​បាន​អនុម័ត​ ច្បាប់​នេះ​ អាច​នឹង​បង្ក​ផល​ប៉ះពាល់​បន្ថែម​ទៀត​ដល់​សេដ្ឋកិច្ច​ហុងកុង​ ដែល​កំពុង​ស្ថិត​ក្នុង​គន្លង​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។

សមាជិកព្រឹទ្ធសភា​អាមេរិក​ លោក​ Marco​ Rubio​ បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា​ “អាមេរិក​ត្រូវតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ចំពោះ​ប្រទេស​ចិន​ថា​ ការ​ជ្រៀតជ្រែក​របស់​ខ្លួន​នៅក្នុង​កិច្ចការ​ហុងកុង​នឹង​ចេញ​ជា​លទ្ធ​ផល​ផេ្សង​ៗ”។

ស្ថានភាព​នៅ​ហុងកុង​កាន់តែ​តាន​តឹង​ឡើង​ៗ ខណៈ​មនុស្ស​រាប់ពាន់​នាក់​បាន​ដើរ​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ អាមេរិក​ក្នុង​ការ​តវ៉ា​កាលពី​ចុង​សប្តាហ៍​ ដោយ​ស្រែក​អំពាវនាវ​ដល់​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump ​ឲ្យ​ «រំដោះ​ទីក្រុង​»។

បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ កំពុង​ឆ្ពោះទៅ​កាន់​សប្តាហ៍​ទី១៥​ របស់​ខ្លួន​ដែល​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​ភ័ស្តុភារ​ និង​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នេះ​ មាន​ភាព​ជាប់​គាំង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here