ម៉ាឡេស៊ី​បង្ហាញ​មហិ​ច្ឆិ​តា​ចង់​ក្លាយជា​អ្នក​វិនិយោគ​ធំជាង​គេ​ទី១នៅ​កម្ពុជា​សាជាថ្មី​

0

ដោយ៖ រ៉ាណេត

ភ្នំ​ពេញៈ​ ម៉ាឡេស៊ី​ ដែល​ជា​ប្រទេស​មួយ​ធ្លាប់​មាន​ភាព​លេចធ្លោ​ កាលពី​អំឡុង​ឆ្នាំ២០០៦​ ក្នុងនាម​ជា​ដៃគូ​វិយោគ​ដោយ​ផ្ទាល់​ជាប់​ចំណាត់ថ្នាក់​លេខ១ នៅ​កម្ពុជា​ ពេលនេះ​ ប្រទេស​នេះ​បាន​បង្ហាញ​ពី​មហិ​ច្ឆិ​តា​របស់​ខ្លួន​សាជាថ្មី​ ក្នុង​ការ​ឈានជើង​ឈរ​នៅ​លំដាប់​កំពូល​លើ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

ថ្លែង​នៅក្នុង​ឱកាស​នៃ​ការ​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ Eldeen​ Husaini​ BIN​ MOHD​ HASHIM​ ឯកអគ្គ​រាជទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ បាន​កោតសរសើរ​ពី​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​។ លោក​បាន​បន្ត​ទៀត​ថា​ ក្នុងនាម​ជា​តំណាង​ប្រទេស​ម៉ា​ស៊ី​ លោក​មានបំណង​ជម្រុ​ញឱ្យ​បណ្តា​ក្រុមហ៊ុន​នានា​របស់​ម៉ាឡេស៊ី​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​។

​លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយចំនួន​បាន​ និង​កំពុង​ដំណើរការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ វិស័យ​សំណង់​ ទេសចរណ៍​ ផ្នែក​ចំណីអាហារ​ និង​សុខាភិបាល​ ការអប់រំ​ និង​វិស័យ​ឌីជីថល​ជាដើម​។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​សាជាថ្មី​ម្ដងទៀត​ ក្នុង​ការរៀបចំ​ផែនការ​ ដើម្បី​ធ្វើ​ឱ្យ​បណ្តា​ក្រុមហ៊ុន​គ្រប់​វិស័យ​របស់​ម៉ាឡេស៊ី​ ចូល​មកកាន់​កម្ពុជា​ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម​យូរអង្វែង​ផង​ដែរ​។

ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​សាទរ​ទៅ​នឹង​គោលបំណង​ខាងលើ​នេះ​ ដោយ​លោក​បាន​លើកទឹកចិត្ត​បន្ថែម​ និង​ជួយ​សម្រួល​ផ្នែក​លក្ខខណ្ឌ​ច្បាប់​ពាក់ព័ន្ធ​មួយចំនួន​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​វិនិយោគ​ភាពជា​ដៃគូ​ ។

លោក​បាន​បន្ត​ទៀត​ថា​ កម្ពុជា​ និង​ម៉ាឡេស៊ី​មាន​ចំណង​ការទូត​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជា​យូ​ឡុង​ណាស់​មក​ហើយ​ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ និង​ក្របខណ្ឌ​អាស៊ាន​នៅ​លើឆាកអន្តរជាតិ​ ហើយ​ក្នុង​នោះ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ក៏​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ឥត​ឈប់ឈរ​ផង​ដែរ​។ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​កម្ពុជា​ នឹង​ផ្តល់​ប្រព្រឹត្តិ​កម្ម​ស្មើភាព​គ្នា​ចំពោះ​បណ្តា​ក្រុមហ៊ុន​នានា​ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​ បាន​ដាក់ចេញ​នៅ​កញ្ចប់​កំណែទម្រង់​គ្រប់​វិស័យ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ សម្រួល​ដល់​ពាណិជ្ជកម្ម​ និង​លើកកម្ពស់​ការប្រកួត​ប្រជែង​នៅ​កម្ពុជា​។ កញ្ចប់​កំណែទម្រង់​នេះ​ មាន​វិសាលភាព​គ្របដណ្ដប់​លើ​គ្រប់​វិស័យ​ និង​គ្រប់ជ្រុងជ្រោយ​ រួម​ទាំង​លើ​ក្របខណ្ឌ​គតិ​យុត្ត​ និង​បច្ចេកទេស​។ ទន្ទឹម​នឹង​នេះ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏បាន​រៀបចំ​យន្តការ​ដោះស្រាយ​បញ្ហា​ដែល​ជា​ឧបសគ្គ​ដល់​ធុរកិច្ច​វិនិយោគ​ និង​ពាណិជ្ជកម្ម​ផង​ដែរ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធគយ​ និង​ពន្ធដារ​។ បន្ថែម​ពីនេះ​ ប្រទេស​ទាំងពីរ​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លុបបំបាត់​ការ​យកពន្ធ​ត្រួតស៊ីគ្នា​នា​ពេល​ឆាប់​ៗខាងមុខនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here