រដ្ឋបាលខេត្តកណ្តាលកំណត់យកភូមិចំនួន៥ សម្រាប់ធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ

0

ដោយ ៖ វុត្ថា

កណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំនួន៥ រួមមាន មានភូមិពាមតាឯក ភូមិព្រែកតាអុងទី១ ភូមិព្រែកតាអុងទី២ ភូមិព្រែកតាអុងទី៣ និងភូមិវាលធំ ក្នុងឃុំពាមឧកញ៉ាអុង ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល។


អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល លោក ទៀង កុស្យារៈ នៅថ្ងៃទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការចង្អុលបង្ហាញពីទីតាំងដី ព្រំដី ហើយត្រូវផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្ដល់ឯកសារពាក់ព័ន្ធទាំងឡាយដែលក្រុមការងារត្រូវការ ដើម្បីប្រមូលទិន្នន័យទាំងនោះឱ្យបានគ្រប់គ្រាន់ តាមនីតិវិធីដែលបានកំណត់ជៀសវាងកុំឱ្យកើតមាននូវកំហុសឆ្គងណាមួយក្នុងការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានលឿន។

លោកបានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ជាមួយមន្ត្រីជំនាញគឺសំខាន់ខ្លាំងណាស់ គឺបានជំរុញឱ្យក្រុមការងារធ្វើការបានឆាប់រហ័សតាមការគ្រោងទុក និងឆាប់បានផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស។


លោក យី យ៉េន អភិបាលរងស្រុកល្វាឯម បានឱ្យដឹងដែរថា ប័ណ្ណកម្មសិទ្ធិដីធ្លីគឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ ពីព្រោះនៅពេលដែលបងប្អូនមានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ធ្វើឱ្យដីធ្លីរបស់ប្អូនមានតម្លៃថ្លៃ ងាយស្រួលក្នុងការទិញលក់ អាចដាក់បញ្ចាំនៅតាមធានាគារបានងាយស្រួលនៅពេលចាំបាច់ ពិសេសធ្វើឱ្យកាត់បន្ថយនូវទំនាស់ព្រំដី និងអាចការពារដីរបស់បងប្អូនពីការរំលោភយកដីធ្លីដោយខុសច្បាប់ផងដែរ។

លោកបាន ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងត្រូវយកចិត្តទុកដាក់បំផុតជាមួយអាជ្ញាធរ និងក្រុមការងារមន្ត្រីជំនាញដើម្បីពន្លឿនក្នុងការវាស់វែង និងការប្រមូលទិន្នន័យនានា ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស និងត្រឹមត្រូវ។

លោកថា ដូច្នេះបងប្អូនត្រូវចូលរួមផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្សេងទៀតឱ្យបានយល់ដឹង ត្រូវសហការសម្រួលដល់អាជ្ញាធរ និងមន្ត្រីជំនាញ ចំពោះម្ចាស់ដីត្រូវនិយាយគ្នាឱ្យដាច់ស្រេចជាមួយនឹងព្រំដីរបស់អ្នកជិតខាង ត្រូវបោះបង្គោលឱ្យបានច្បាស់លាស់ ត្រូវចង្អុលបង្ហាញទីតាំងដីដោយផ្ទាល់ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីសម្រួលឱ្យក្រុមការងារអាចអនុវត្តការងារបានរលូន និងជោគជ័យ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here