រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាជម្រុញឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគ

0

ដោយវុត្ថា

ហាណូយ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវ និងជម្រុញឱ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគទៅវិញទៅមក ដើម្បីឈានទៅសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥ប៊ីលានដុល្លារ ដែលបានកំណត់កាលពីឆ្នាំ២០១៥ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានៅក្នុងពិធីបិទវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលរៀបចំឡើងនៅរាជធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃ ៦ ខែធ្នូ ឆ្នាំ២០១៨ បានជម្រាបជូនអង្គវេទិកា អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសេវាកម្មឆ្លងកាត់ព្រំដែន, អនុស្សរណៈផ្លាស់ប្តូរចរាចរណ៍ផ្លូវគោក, កិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា ព្រមទាំងការសាងសង់ “ផ្សារដា” នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «បច្ចុប្បន្នវៀតណាម គឺជាដៃគូវិនិយោគធំបំផុតទី៥ របស់កម្ពុជា! ការវិនិយោគរបស់ក្រុមហ៊ុនវៀតណាម នៅប្រទេសកម្ពុជា មានប្រមាណ ២០៦គម្រោង ស្មើនឹងទឹកប្រាក់ ៣,០២ប៊ីលានដុល្លារ ខណៈក្រុមហ៊ុនរបស់កម្ពុជា វិនិយោគនៅប្រទេសវៀតណាម មានត្រឹមតែ១៨គម្រោង ស្មើនឹងទឹកប្រាក់ ៥៨,១លានដុល្លារ ប៉ុណ្ណោះ» ។

Advertisement

លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ពីសេចក្តីសម្រេចនានា ដែលធ្វើឡើងតាមរយៈកិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ នាពេលកន្លងមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅដែលប្រទេសទាំងពីរបានកំណត់។

នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្ម កម្ពុជា និងវៀតណាម សម្រេចបានទឹកប្រាក់ ២,៧ប៊ីលានដុល្លារ គឺបានកើនឡើង ១៨,៧% ប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម(Viet Nam News) ក្នុងឱកាសវេទិកាពាណិជ្ជកម្មកម្ពុជា-វៀតណាម កាលពីសប្តាហ៍មុននៅរាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះដែរ កាលពីឆ្នាំ២០១៧ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទំហំជាទឹកប្រាក់ ៣,៨ប៊ីលានដុល្លារ គឺកើនឡើង ២៩% ប្រៀបធៀបនឹងឆ្នាំ២០១៦ កន្លងទៅ៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here