រដ្ឋមន្ត្រី​ដែនដី៖ កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រ​សូង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ចំនួន១ម៉ឺន​ខ្នង​ក្នុង​មូ​យ​ឆ្នាំ ហើយ​ចំនួន​នេះ​គិត​ត្រឹម​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​ប៉ុណ្ណោះ។

ទេសរដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រី​ក្រ​សូង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំ ណង់​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ​ថា ដោយសារ​ការរីកចម្រើន​សេដ្ឋកិច្ច កំនើន​ប្រាក់ចំណូល​ប្រជាពលរដ្ឋ និង​ការកើនឡើង​នូវ​កត្តា​ប្រជាសាស្ត្រ​បានធ្វើ  ឲ្យ​កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១ម៉ឺន​ខ្នង​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​តម្រូវការ​ភាគច្រើន​សម្រាប់​ប្រជាជនមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម។ ហេតុនេះ​អ្នក​អភិវឌ្ឍន៍ គួរផ្តោត​វិនិយោគ​សាងសង់​លំនៅដ្ឋាន មានតម្លៃ​ទាប​បន្ថែមទៀត​នៅ​តំបន់​ជាយក្រុង។

លោក​បន្តថា “ខ្ញុំ​គិតថា​បើ​សាងសង់​លំនៅដ្ឋាន មិនមាន​ការ​រចនា​និង​បំពាក់​សម្ភារៈ​បរិក្ខា​ច្រើន លំនៅដ្ឋាន​សាងសង់​រួច​អាច​លក់​ក្នុងតម្លៃ​ទាប​បាន។លោក​បន្តថា “ជាមួយគ្នានេះ​ពលករ​កម្ពុ​ជាជាង១,២លាន​នាក់ ដែល​កំពុងធ្វើការ​នៅ​បរទេស​បាន​ផ្ញើរ​ប្រាក់២០០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហេតុនេះ​អ្នក​អភិវឌ្ឍន៍​គួរ​ធ្វើការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ឬ​ក្រសួង​ពាក់​ព័​ន្ឋ ដើម្បី​ទទួលបាន​លុយ​ទាំងនោះ ដែល​អាច​ឲ្យ​អ្នកធ្វើការ​នៅ​បរទេស​អាច​ទិញ​ផ្ទះ​បាន។

Advertisement

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​លោក​ឧកញ៉ា​លី ហួរ​បាន​យល់ស្រប​នឹង​ការលើកឡើង​របស់ ទេសរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដោយ​លោក​បាន​ថ្លែងថា លំនៅដ្ឋាន​មានតម្លៃ​ទាប​ពិត​ជាមាន​តម្រូវការ​ច្រើន ដោយសារ​ប្រជាជន​ស្ថិតក្នុង​ជីវភាព​បែបនេះ​មាន​ចំនួន​ច្រើន ជាក់ស្តែង​លោក​បានចាប់ផ្តើម​គំរោង​ថ្មី ដែល​សាង​សង់ផ្ទះ​តម្លៃ​សមរម្យ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា គឺ​លក់ដាច់​យ៉ាង​ឆាប់រហ័ស​ក្រោយ​ប្រកាស​គំរោង​រួច។លោក​បន្តថា លោក​នឹង​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប នៅពេល​ខាងមុខនេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការកើនឡើង​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក។

លោក​បន្តថា “ខ្ញុំ​មើលឃើញថា​លំនៅដ្ឋាន​មានតម្លៃ​ខ្ពស់ ការលក់​មាន​ភាពយឺត​យ៉ាវ ខណៈ​តម្រូវការ​ពិតប្រាកដ​ភាគច្រើន​ជា​អ្នកមាន​ជីវភាព​មធ្យម។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន៤ កំពុង​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​សមរម្យ នៅ​តំបន់​ជាយក្រុង​ភ្នំពេញ ក្នុងនោះ​ក្រុមហ៊ុន​មួយ​ជាក​ម្មសិ​ទ្ឋ​របស់​អ្នកវិនិយោគ​ជប៉ុន។

លោក​ឧកញ៉ា​លី ហួរ​បាន​បន្តថា បច្ចុប្បន្ន​ការផ្គត់ផ្គង់​លំនៅដ្ឋាន​មិនទាន់បាន​ឆ្លើយតប​នឹង​តម្រូវការ​ពេញលេញ​នៅឡើយ​ទេ ពិសេស​ក្រុម​ប្រជាជនមាន​ប្រាក់ចំណូល​ទាប និង​អ្នកមាន​ជីវភាព​មធ្យម ដែលមាន​ចំនួន​ច្រើន​និង​កំពុង​កើន​ឡើងជា​រៀងរាល់ឆ្នាំ៕

- Advertisement -

Leave a Reply