រដ្ឋមន្រ្តីកសិកម្មៈ កម្ពុជាទទួបានចំណូលប្រមាណ១២៦០លានដុល្លារពីការនាំចេញស្រូវ-អង្ករទៅកាន់ទីផ្សារអន្តរជាតិ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ វិស័យកសិកម្ម បាននាំចំណូលដល់កម្ពុជាជាង១២៦០លានដុល្លារ តាមរយៈការនាំចេញស្រូវ-អង្ករទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។

លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍៍ពិសេសនាព្រេកថ្ងៃទី១២ មករានេះថា កម្ពុជាបានឆ្លងផុតក្នុងនាមប្រទេសខ្វះស្បៀងមុនឆ្នាំ១៩៩៥ ហើយបានក្លាយទៅជាប្រទេស ដែលមានស្បៀងគ្រប់គ្រាន់ តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលទទួលបាននូវសុខសន្ដិភាព យ៉ាងពេញលេញ និងឈានដល់ការដាក់ចេញ នូវគោលនយោបាយនាំចេញស្រូវ អង្ករទៅកាន់ទីផ្សារអន្តរជាតិ។

- Video Advertisement -

លោបន្តថា “”នៅត្រឹមឆ្នាំ២០១០យើងបាននាំចេញអង្ករជាជំហានៗ ដែលទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ហើយជាពិសេសនៅមុនពេលមាន ការរីករាលដាលនូវជំងឺកូវីដ១៩ វិស័យកសិកម្មបានចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក្នុងរង្វង់ជាង៧ភាគរយក្នុងមួយឆ្នាំ ដែលធ្វើឱ្យស្ថានភាពនៅកម្ពុជាមានការផ្លាស់ប្ដូរមុខមាត់ច្រើន ទាំងជីវភាពនៃការរស់នៅ ក៏ដូចជាការហូបចុកប្រកបដោយសុវត្ថិភាព”។

ដោយឡែកស្ថិតនៅក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន រួមជាមួយនឹងការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតផ្នែកកសិកម្ម ពង្រឹងសន្ដិសុខស្បៀងឱ្យបានរឹងមាំ ដើម្បីទ្រទ្រង់ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចកម្ពុជា ក្នុងកាលទេសៈដែលលំបាក ដែលកើតមានឡើងនៅក្នុងវិបត្តិសេដ្ឋកិច្ចជាសាកល ដោយធ្វើយ៉ាងណាប្រែក្លាយពីវិបត្តិ ឱ្យទៅជាឱកាសមាសសម្រាប់កសិករកម្ពុជា។

លោកបន្តថា បន្ថែមពីនេះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញនូវការប្រែក្លាយពីឱកាសដ៏លំបាក នៃភាពប្រឈមទៅជាឱកាសមាស ដែលអាចជួយសម្រួលដល់កម្រិតជីវភាព អាចទទួលបាននូវប្រាក់ចំណូលបន្ថែមនៅក្នុងកំឡុងពេលនៃវិបត្តិ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ជាលទ្ធផល នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ បើទោះបីជាកម្ពុជា មានបញ្ហាប្រឈមជាមួយនឹងកូវីដ១៩ និងគ្រោះរាំងស្ងួតនៅដើមរដូវវស្សា រួមជាមួយនឹងគ្រោះជំនន់ទឹកភ្លៀង ដែលបានកើតឡើងនៅចុងឆ្នាំ២០២០យ៉ាងណាក្ដី ប៉ុន្តែយើងបានរៀនសូត្រពីកត្តាធម្មជាតិ ហើយថែមទាំងអាចដោះស្រាយបញ្ហាបាន”។ លោកបន្តថា “ក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងឃើញថាផលដំណាំស្រូវទាំងរដូវ និងរដូវវស្សាក្នុងឆ្នាំ២០២០កន្លងទៅសម្រេចបាននូវភាពល្អប្រសើរក្នុងកំណើន០,២៤ភាគរយធៀបទៅនឹងឆ្នាំ២០១៩”។

លោកវេង សាខុនបានបន្តថា ជារួមនៅក្នុងឆ្នាំ២០២០ យើងផលិតបានស្រូវសរុបចំនួន១០,៩លានតោន ហើយស្បៀងដែលនៅសល់មានប្រមាណ៥,៩តោន។ ដោយឡែកការនាំចេញអង្ករ កាលពីឆ្នាំ២០២០មានចំនួន៦៩ម៉ឺនតោន កើនឡើង១១,៣១ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩ ដែលមានត្រឹម៦២ម៉ឺនតោនតែប៉ុណ្ណោះ ខណៈដែលការនាំស្រូវចេញទៅក្រៅប្រទេសបានប្រមាន២,៩លានតោន ហើយគិតជាចំណូលសរុបពីការនាំចេញស្រូវ-អង្ករសរុបបានប្រមាណ១២៦០លានដុល្លារ”។

លោក វេង សាខុន បានមានប្រសាសន៍បន្តថា គ្រប់គ្នាបានដឹងហើយថា អ្វីជាទស្សនៈវិស័យរបស់សម្ដេចតេជោហ៊ុន សែន ដែលបានដាក់ចេញជាយុទ្ធសាស្ត្រ ក្នុងការអភិ​វ  ឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្រសួងកសិកម្មបានចាប់ច្បាមយកនូវអ្វី ដែលជាទស្សនៈវិស័យរបស់សម្ដេចមកអនុវត្ត  និងធ្វើជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងក្នុងចូលរួមជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅជាប្រទេសមួយ ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៥០ ខណៈដែលក្រសួងក៏បានរៀបចំផែនការមេ សម្រាប់អនុវត្តរហូតដល់ឆ្នាំ២០៣០ ពីការធ្វើទំនើបកម្មកសិកម្មប្រកប​ដោយការប្រកួតប្រជែងបរិយាបន្ន ធនជាមួយការប្រែប្រួលអាកាសធាតុក្នុងគោលបំណងជំរុញផលិតកម្មស្បៀង និងអាហារូបត្ថម្ភកម្ពុជា រួមជាមួយនឹងការជំរុញការផលិតប្រកប​ដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាជន។

ជាមួយនឹងការធ្វើពិពិធម្ម នៃវិស័យកសិកម្មបែបទំនើបកម្ម ស្របតាមផែនការមេដែលជាយុទ្ធសាស្ត្រនេះ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាបានសហការជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ជាច្រើន ក៏ដូចជាស្ថាប័នកំពូលពិភពលោកដូចជាមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម ដើម្បីធ្វើយ៉ាងណាអាចប្រមូលផ្តុំ និងការផ្សារភ្ជាប់ជាខ្សែច្រវ៉ាក់ផលិតកម្មចេញពីមួយទៅមួយ ដើម្បីធានាបង្កើនទំនុកចិត្តដល់ប្រជាកសិករ ដែលជាអ្នកផលិតមានទីផ្សារល្អ រួមជាមួយនឹងការទទួលបានតម្លៃខ្ពស់៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here