រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ នឹង​សាងសង់​រោងចក្រទឹក​ស្អាត​ចំនួន៣បន្ថែម​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជា​ការសម្រួល​ និង​បង្កើន​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ទឹក​ស្អាត​របស់​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ភ្នំពេញ​ រដ្ឋាករទឹក​ស្វយ័ត​បានសម្រេច​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​ចំនួន៣បន្ថែម​ទៀត​ ដែល​នឹង​ចាប់​អនុវត្ត​គម្រោង​នៅ​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩ខាងមុខនេះ​ ។

រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ចំនួន៣​ ដែល​ស្ថិតនៅ​ក្នុង​គម្រោង​ប្លង់​មេ​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ដែល​គ្រោង​នឹង​ដំណើរការ​សាងសង់​ខាងលើ​នេះ​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​បាក់ខែង​ចំនួន​ ២ គម្រោង​ និង​ ១ គម្រោង​ទៀត​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុង​តាខ្មៅ​ ដោយ​រោងចក្រ​ទាំង​ ៣ នេះ​ អាច​មានលទ្ធភាព​ផលិត​ទឹក​ស្អាត​បាន​រហូតដល់​ទៅ​ប្រមាណ​ ៤២០,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ លោក​ អ៊ុ​ សុ​ថា​ បាន​មានប្រសាសន៍​ថា​ ពេលនេះ​ក្រុម​មន្ត្រី​ជំនាញ​កំពុងតែ​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​ដើម្បី​ធ្វើ​យ៉ាងណា​ជម្រុ​ញដំណើរការ​សាងសង់​ឱ្យ​ទាន់​ទៅតាម​គម្រោង​ផែនការ​ដែល​បាន​កំណត់​ ។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ៖ “ការសាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ទាំងនេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​ និង​បំពេញ​ទៅតាម​តម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​”។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ៖ “បច្ចុប្បន្ន​នេះ​យើង​មាន​រោងចក្រ​រដ្ឋាករទឹក​ស្អាត​រាជធានី​ភ្នំពេញ​ រោងចក្រ​ផលិត​ទឹក​ស្អាត​នៅក្នុង​សង្កាត់​ជ្រោយ​ចង្វា​រ រោងចក្រទឹក​ស្អាត​ក្នុង​ខណ្ឌចំការមន​ និង​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅក្នុង​សង្កាត់​និរោធ​ន៍​ ខណ្ឌ​ច្បារអំពៅ​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “ដោយសារតែ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ទឹក​ស្អាត​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​យ៉ាង​គំហុក​ រោងចក្រ​ផលិត​ទឹក​ស្អាត​ទាំង៤ទីតាំង​ខាងលើ​នេះ​ មិន​អាច​មានលទ្ធភាព​ផ្គត់ផ្គង់​គ្រប់គ្រាន់​នោះ​ទេ​ ដែល​តម្រូវ​ឱ្យ​មានការ​សង់រោង​ចក្រ​បន្ថែម​ទៀត​” ។

នៅក្នុង​ដំណើរការ​នៃ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ទាំង៣ខាងលើ​នេះ​ ត្រូវ​បាន​បែងចែក​ចេញ​ជា​ដំណាក់កាល​។ នៅក្នុង​គម្រោង​ប្លង់​មេ​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ ជា​ជំហាន​ដំបូង​រោងចក្រ​ស្ថិតនៅ​ក្នុង​សង្កាត់​បាក់ខែង​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩ខាងមុខ​ និង​គ្រោង​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២២​ ជាមួយនឹង​លទ្ធភាព​អាច​ផលិត​ទឹក​ស្អាត​បាន​ចំនួន១៩៥,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

ជំហាន​ទី២​ ដែល​ស្ថិតនៅ​ទីតាំង​ដដែល​នេះ​ នឹង​គ្រោង​សាងសង់​នៅ​ឆ្នាំ២០២២​ ហើយ​បញ្ចប់​ការសាងសង់​នៅ​ត្រឹម​ឆ្នាំ២០១៤​ ដែល​មានលទ្ធភាព​ផលិត​ទឹក​ស្អាត​បាន​ចំនួន​ ១៩៥,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ដូចគ្នា​។ ដោយឡែក​ចំពោះ​រោងចក្រ​ផលិត​ទឹក​ស្អាត​ដែល​ស្ថិតនៅ​ក្រុង​តាខ្មៅ​ នឹង​ត្រូវ​សាងសង់​នៅ​ត្រឹម​ឆ្នាំ២០២២​ ហើយ​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២៤ដូចគ្នា​ ប៉ុន្តែ​មានលទ្ធភាព​អាច​ផលិត​ទឹក​ស្អាត​បាន​ចំនួន​ ៣០,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

យ៉ាងណាក៏ដោយ​ ជាមួយនឹង​គម្រោង​នៃ​ការសាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​ទាំង៣ខាងលើ​នេះ​ ក្រៅពី​អាច​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​ប្រើប្រាស់​គ្រប់គ្រាន់​ គឺ​អាច​នឹង​មានការ​បញ្ចុះតម្លៃ​បាន​មួយ​កម្រិត​ទៀតផង​ដែរ​ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​តម្លៃ​ទឹក​ស្អាត​ហាក់​នៅ​មានកម្រិត​ខ្ពស់​នៅឡើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here