រដ្ឋាភិបាលគ្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិកម្លាំង ៣៦០០មេហ្គាវាត់ ត្រឹមឆ្នាំ២០៣០

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមផែនការនៃការបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេស រាប់ចាប់ពីទីក្រុងរហូតដល់ទីជនបទ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពលឧស្ម័នធម្មជាតិ ដែលមានអនុភាពរហូតដល់ប្រមាណ ៣៦០០ មេហ្គាវាត់នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា “ប្រទេសកម្ពុជា បានធ្វើបច្ចុប្បន្នភាពផែនការថាមពលរបស់ខ្លួនសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដែលក្នុងនោះ យើងបានគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនីក្នុងចំណែកមួយដ៏ធំដែលមានអនុភាពសរុប ៣៦០០ មេហ្គាវ៉ាត ដោយអាចនឹងផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០៣០”។

- Video Advertisement -

លោកបន្តថា “សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំ២០២១ បន្ទាប់ពីថយចុះនៃការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩។ ដូច្នេះ តម្រូវការថាមពលរបស់ប្រទេសកម្ពុជារំពឹងថានឹងមានសន្ទុះឡើងវិញ ក្នុងនេះឧស្ម័នធម្មជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ល្បាយប្រភពថាមពលនៅកម្ពុជា ពិសេសក្នុងវិស័យឧស្សាហកម្ម ដឹកជញ្ជូន ពាណិជ្ជកម្ម និងលំនៅដ្ឋាន”។

ជាមួយនឹងការគាំទ្រដល់ផែនការនៃការផ្គត់ផ្គង់តម្រូវការប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេស កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុម័ត គាំទ្រទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ROYAL Group របស់អ្នកឧកញ៉ា គិត ម៉េង ក្នុងការបង្កើតវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅព្រុំដែននៃខេត្តស្ទឹងត្រែង និងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលធ្យូងថ្មីកម្លាំង៧០០មេហ្គាវ៉ាត់នៅខេត្តកោះកុង ជាមួយនឹងទំហំទុនវិនិយោគរាប់ពាន់លានដុល្លារ បន្ថែមពីលើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីផ្សេងទៀត ដើរដោយប្រេងខ្មៅ និងបន្ទះសូឡានៅតាមបណ្តាខេត្តនានាទូទាំងប្រទេស៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here