ដោយវុត្ថា
ភ្នំពេញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ចេញវិធានការផ្នែកពន្ធដារដើម្បីកាត់បន្ថយផលប៉ះពាល់ នៃបញ្ហាប្រឈមលើសហគ្រាសឧស្សាហកម្ម ផ្នែកវាយនភណ្ឌកាត់ដេរ ដែលបង្កឡើងដោយការព្យួរ ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ឬ EBA។
យោងតាមសេចក្តីប្រកាសលេខ៣១៩ សហវ ដែលចុះហត្ថេលេខាដោយលោកឧបនាយកដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្សព្វ ផ្សាយនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សេចក្តីប្រកាសនេះអនុវត្តចំពោះសហគា្រសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតការបូបយួរ និងកាបូបដៃ និងផលិតមួក នៅក្នុងប្រទែសកម្ពុជា ដែលរងផលប៉ះពាល់បណ្តាមកពីការព្យួរប្រព័ន្ធនុគ្រោះពន្ធ (EBA)។
សេក្តីប្រកាសនេះបញ្ជាក់ទៀតថា លើកលែងពន្ធលើប្រាក់ចំណូល រយៈពេល៦ខែ សម្រាប់រោងចក្រសហគ្រាស ដែលរងផលប៉ះពាល់កម្រិត២០% ទៅ៣០ % ដោយលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំចំនួន៥០% នៃប្រាក់ពន្ធត្រូវបង់សរុប និងលើកលែងពន្ធចំណូលរយៈពេលមួយឆ្នាំ សម្រាប់រោងចក្រសហគ្រាស ដែលរងផលប៉ះពាល់កម្រិត ៤០ % ទៅ ១០០ % ដោយលើកលែងការបង់ពន្ធ លើប្រាក់ចំណូល១០០% នៃប្រាក់ត្រូវបង់ពន្ធសរុប។
គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០បានសម្រេចដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា១៩នៃបទប្បញ្ញត្តិស្តីពី ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។
សហភាពបញ្ជាក់ថា ការដកនេះមានចំនួនប្រហែលមួយភាគប្រាំ ឬ១ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំ របស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប ពោលស្មើនឹងប្រមាណ២០ភាគរយ នៃផលិតនាំចេញទៅសហភាពអឺរ៉ុបតែប៉ុណ្ណោះ។
សម្តេចតេជោហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា កាលពីកន្លងមកនេះប្រកាសលើកលែងពន្ធដល់រោងចក្រសហគ្រាស ក្នុងរយៈពេលចាប់ពី៦ខែ ទៅ១ឆ្នាំ ចំពោះរោងចក្រសហគ្រាសណា ដែលរងគ្រោះផលប៉ះពាល់បណ្តាមកពីវីរុសកូរ៉ូណា និងEBA។
សម្តេចតេជោបន្តទៀតថា “វិធានការរបស់រាជរដ្ឋាភិបាលពេលនេះ បានបង្ហាញឲ្យច្បាស់ថា កម្ពុជាមិនត្រូវការពន្ធ២០% ដែលអឺរ៉ុបបានសម្រេចព្យួរពីកម្ពុជានោះទេ”។
សម្តេចតេជោ បានប្រកាសយ៉ាម៉ឺងមាត់ពីការអនុវត្តច្បាប់របស់កម្ពុជា កម្ពុជាត្រូវរក្សាឯករាជ្យ និងអធិបតេយ្យភាពកម្ពុជារបស់ខ្លួន។ កម្ពុជានឹងមិនស្នើសុំពន្ធ២០% ពីអឺរុបវិញនោះទេ សម្តេចកម្ពុជាបានអះអាងថា កម្ពុជាបានត្រៀមរួចជាស្រេចចំពោះវិបត្តិកូរ៉ូណា និងបញ្ហា EBA នេះ៕