រដ្ឋាភិបាលស្វែងរកដៃគូវិនិយោគទីក្រុងនាគរាជសម្តេចតេជោ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលបាន និងកំពុងស្វះស្វែងរកដៃគូវិនិយោគពីវិស័យឯកជន ដើម្បី​សាងសង់ទីក្រុងថ្មីមួយ ដែលគ្រោងដាក់ឈ្មោះថា ទីក្រុងនាគរាជសម្តេចតេជោស្ថិតនៅប្រជុំរវាងទន្លេសាប និងទន្លេមេគង្គ។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកភឿង សុភ័ណបានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបាននិងកំពុងស្វែងរកដៃគូវិនិយោគពីក្រុមហ៊ុនឯកជន ដើម្បីសាងសង់ទីក្រុងថ្មីមួយដែលមានទំហំផ្ទៃដីពី២ទៅ៣ម៉ឺនហិកតា និងគ្រោងចំណាយទឹកប្រាក់វិនិយោគ៨០ពាន់លា​ន​ដុល្លារអាមេរិក។លោកបន្តថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនវិនិយោគចិនចំនូន៣ ដែលបានចាប់អារម្មណ៍លើគំរោងនេះ តែមិនទាន់ប្រាកដប្រជាទេ  ប៉ុន្តែបើពួកគេប្រាកដប្រជាទាល់តែពួកគេទំលាក់លុយចូលមក។

លោកបន្តថា “ការសាងសង់ទីក្រុងថ្មីនេះ នឹងដំណើរការនៅពេលណាមាន​ថវិកា ព្រោះរដ្ឋាភិបាលមិនចង់ចំណាយទឹកប្រាក់ច្រើនបែបនេះទេ ទើបយើងចង់បាន​ការសហការពីវិស័យឯកជន”។លោកបន្តថា “ទីក្រុងថ្មីនេះអាចនឹងចំណាយរយៈពេលជាង១០ឆ្នាំក្នុងការសាងសង់ ប្រសិនជាមានថវិកាគ្រប់គ្រាន់ ហើយប្លង់មេរបស់ទីក្រុងនេះបានរៀបចំរួចរាល់ហើយ”។

លោកភឿ សុភ័ណ្ឌបានបន្តថា រយៈពេល៥៨០ឆ្នាំហើយ កម្ពុជាមិនធ្លាប់ក​សាងទីក្រុងថ្មីទេ ហេតុនេះទើបយើងនឹងសាងសង់ទីក្រុងថ្មីនេះ ដោយដាក់ឈ្មោះទីក្រុងនាគរាជសម្តេចតេជោ ត្រូវនឹងឆ្នាំកំនើតរបស់សម្តេច ដែលអាគារក្នុងទីក្រុងនេះនឹងរចនាដូចរូបនាគផុសចេញពីដី។ លោកបន្តថា យើងបានរៀបចំហេដ្ឋារច​នាសម្ព័ន្ឋផ្លូវក្រោមដី ផ្លូវគោក និងផ្លូវទឹករួចរាល់ក្នុងប្លង់មេរួចហើយ ដោយធានាថា មិនមានបញ្ហាចរាចរណ៍បានរយៈពេល៥០០ឆ្នាំទៅមុខទៀត។

Advertisement

លោកបន្តថា “សំណង់ទីក្រុងនេះនឹងមានលក្ខណៈទំនើប តាមរចនាបទខ្មែរទំនើប ដើម្បីរក្សាអត្តសញ្ញាណជាតិ”។

ទោះជាយ៉ាងណាលោកភឿង សុភ័ណ្ឌមិនបញ្ជាក់ឲ្យដឹងពីទីតាំងនៃទីក្រុង​នេះច្បាស់លាស់នៅឡើយទេ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបាន​ថ្លែងថា លោកស្វាគមន៍គំរោងនេះ ប្រសិនជាសាងសង់បានវានឹងជួយចូលរួមអភិ​វឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែលោកមិនសូវមានសុទិដ្ឋិនិយម ពីការសាងសង់ទីក្រុងនេះឡើយ ដោយលោកបានថ្លែងថា លោកមិនសូវមានជំនឿពីការសាងសង់ទីក្រុងនេះទេ យើងរង់ចាំមើល ប៉ុន្តែបើសាងសង់បានលោកពិតជាអបអរសាទរ។

លោកបន្តថា “និយាយពីការសាងសង់ទីក្រុង វាងាយស្រួល សរសេរក៏ងាយស្រួល តែការធ្វើពិតប្រាកដមិនងាយស្រួលទេ។ ជាក់ស្តែងមើលតែក្រុងនៃត្បូងឃ្មុំរហូតមកទល់ពេលនេះ ធ្វើបានប៉ុណ្ណាហើយ”។

ទោះជាយ៉ាងណាលោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានសម្តែងសុទិដ្ឋិនិយមចំពោះគំរោងអភិវឌ្ឍន៍នេះ ដោយលោកបានថ្លែងថា សម្រាប់គំរោងសាងសង់ទីក្រុងថ្មីនេះ និងទំហំទីក្រុងថ្មីនេះមិនធំនោះទេ។ អ្វីសំខាន់គឺការរៀបចំឲ្យមានប្លង់មេច្បាស់​លាស់ ពិតជាល្អប្រសើរនិងអាចធ្វើទៅបានហើយ។

លោកបន្តថា “ទីក្រុងធំបែបនេះ មិនមែនសាងសង់មួយឆ្នាំឬពីរឆ្នាំទេ វាត្រូវ​ការរយៈពេល១០ឆ្នាំឡើងទៅ ព្រោះវាជាពេលវេលាសមស្រប ដោយសារកំនើនប្រជាសាស្រ្ត និងប្រាក់ចំណូលប្រជាជនក៏កើនឡើង”។ លោកបន្តថា “ប្រសិនជាទីក្រុង​នេះស្ថិតនៅស្របផ្លូវជាតិលេខ៦ វាពិតជាល្អប្រសើរ ព្រោះតំបន់នេះមានទីក្រុង​រណបពីរបីរួចទៅហើយ ហេតុនេះបើសិនគំរោងទីក្រុងថ្មីមកតំបន់នេះ ពិតជាអាចទៅរួច និងមានសក្តានុពលអាចផ្គួបគ្នាបាន”។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា តំបន់ដែលគ្រោងរៀបចំទីក្រុងនេះមានដីទំនាបបន្តិច ប៉ុន្តែជាតំបន់មានបរិស្ថានល្អ និង​ខ្យល់អាកាសបរិសុទ្ឋ ដោយសារវាជាតំបន់ដីទំនាប និងមានទន្លេនៅជុំវិញ។តែយ៉ាងណា​តំបន់នេះជាទីទំនាម ដែលទាមទារឲ្យមានការសិក្សាឲ្យបានច្បាស់​លា​ស់ ដើម្បីបញ្ចៀសការលិចលង់នាពេ​លអនាគត។លោកបន្តថា ទោះជាយ៉ាងណា រដ្ឋាភិបាល មិនគួរអភិវឌ្ឍន៍តែនៅក្បែរទីក្រុងភ្នំពេញនោះទេ គួរពង្រីកទៅកាន់ខេត្តមានសក្តានុពលសេដ្ឋកិច្ច ដើម្បីឲ្យរបាយនៃការអភិវឌ្ឈមិនឃ្លាតគ្នាពេករវាងទីក្រុង និងជនបទ និងមិនធ្វើឲ្យប្រជាជនចំណាក​ស្រុកច្រើន។

លោកបន្តថា “រដ្ឋាភិបាលសាងសង់ទីក្រុង នឹងបានផលជម្រុញដល់កំនើន​សេដ្ឋកិច្ច ធ្វើឲ្យប្រជាជនទទួលបានការងារ និងផលប្រយោជន៍ ប៉ុន្តែរដ្ឋាភិបាលគួ​រផ្តោតទៅកាន់ខេត្តដទៃ ព្រោះបើគំរោងថ្មីនេះនៅជិតក្រុងភ្នំពេញ វាហាក់ដាក់ទម្ងន់បន្ថែមទៀត សម្រាប់ទីក្រុងនេះ”។ លោកបន្តថា “បើកសាងទីក្រុងក្បែរក្រុងភ្នំពេញ នឹងធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថានបន្ថែមទៀត”៕

- Advertisement -

Leave a Reply