រដ្ឋាភិបាល​កូរ៉េ​គ្រោង​បង្កើន​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​

0

ដោយ​ ដន

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ គ្រោង​នឹង​បង្កើន​ជំនួយ​ទ្វេដង​ដល់​បណ្តា​ប្រទេស​អាស៊ាន​ចំនួន៦​ រួមមាន​ប្រទេស​កម្ពុជា​ផង​ដែរ​នៅ​ត្រឹម​ឆ្នាំ​ ២០២៣​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​កូរ៉េ ​(KOICA​) ។

ទីភ្នាក់ងារ​ (KOICA​) នឹង​បង្កើន​ជំនួយ​សរុប​ដល់​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​ ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន​គិត​ជា​ទឹកប្រាក់ ១៥១លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣​ ដែល​ជាផ្នែក​មួយ​ នៃ​គោលនយោបាយ​ថ្មី​ខាងត្បូង​របស់​ខ្លួន​ និង​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​ និង​សេដ្ឋកិច្ច​ជាមួយ​អាស៊ី​អាគ្នេយ៍​ និង​ឥណ្ឌា​។

លោក​ Lee​ Mi​-kyung​ ប្រធាន​ទីភ្នាក់ងារ​ (KOICA​) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កំឡុង​ពេល​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “KOICA​ នឹង​បង្កើន​ទំហំ​ជំនួយ​អភិវឌ្ឍន៍​ នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​២០ភាគរយ​ ជា​រៀងរាល់​ឆ្នាំ​ និង​ជំរុញ​ការ​ធ្វើស​មា​ហរ​ណកម្ម​ ឲ្យ​មានប្រសិទ្ធភាព​នៃ​ជំនួយ​នេះ​ តាមរយៈ​ការ​សហការ​ជាមួយ​ដៃគូ​ក្នុង​ និង​ក្រៅប្រទេស​”។

ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ចំនួន៦៣២លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​ ១៩៩៦​ ដល់​ឆ្នាំ​ ២០១៨​ ជិត​ពាក់​កណ្ដាល​នៃ​ជំនួយ​សរុប​របស់​ខ្លួន​។ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ក៏បាន​ប្រកាស​ផ្តល់​ជំនួយ​សម្បទាន​ចំនួន២០០​ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា​ដែល​នឹង​ត្រូវ​ផ្តល់​ឱ្យ​រហូតដល់​ឆ្នាំ២០២៣​។

ការ​ផ្តោត​លើ​ការ​យកចិត្ត​ទុកដាក់​ជាថ្មី​ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​លើ​អាស៊ាន​បាន​និង​កំពុង​លេចឡើង​ ដោយសារតែ​ប្រទេស​ចិន​បាន​ពង្រឹង​ភាពរឹងមាំ​របស់​ខ្លួន​នៅក្នុង​តំបន់​នេះ​ដែល​មានការ​វិនិយោគ​ដោយ​ផ្ទាល់​យ៉ាង​ធំ​សម្បើម​ និង​ជាផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ក្រ​វ៉ាត់​ និង​ផ្លូវ​មួយ​ និង​ប្រាក់កម្ចី​សម្បទាន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។

បណ្តា​ប្រទេស​អាស៊ាន​ មាន​ប្រជាជន​សរុប​ជាង៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​) មាន​សរុប​ចំនួន២​,៤ ពាន់​ពាន់​ដុល្លារ​ធ្វើ​ឱ្យ​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​” ។ អង្គការ​មូលនិធិ​រូបិយវត្ថុ​ (IMF​) ព្យាករ​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី​បួន​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ២០៥០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here