រដ្ឋាភិបាល​កំណត់​ឱ្យ​អ្នក​អភិវឌ្ឍ​គម្រោង​សំ​ណង់​ធំៗ​ត្រូវ​បង្កើត​តំបន់​បៃតង​ ឱ្យ​បាន​ ៣០ភាគរយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ការប្រកាស​ និង​ទទូច​សារ​ជាថ្មី​ដល់​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​គម្រោង​សំណង់​គ្រប់​ប្រភេទ​ ត្រូវ​បង្កើត​តំបន់​បៃតង​ឱ្យ​បាន​រង្វង់៣០ភាគរយ​ ដើម្បី​ធានា​ដល់​បរិស្ថាន​ជុំវិញ​ និង​ផាសុកភាព​ដល់​អ្នក​រស់នៅ​ក្នុង​តំបន់​ផ្ទាល់​។

អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​លោក​ ប៊ិន​ សម្បត្តិ​ថា​រ័ត្ន​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី១៩​ កក្កដា​កន្លងមក​ថា​ ការបង្កើត​តំបន់​បៃតង​នៅ​ជុំ​សំណង់​អគារ​ គឺជា​កក្តា​ចាំបាច់​ដែ​លត្រូ​តែ​មាន​។

នៅក្នុង​គោលការណ៍​ច្បាប់​បាន​ចែង​ និង​កំណត់​រួចរាល់​ជាស្រេច​ ប៉ុន្តែ​ទាស់​ត្រង់​ក្រុ​ហ៊ុន​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​គម្រោង​មួយចំនួន​មិន​អនុវត្ត​។ លោក​បាន​បន្ត​ទៀត​ថា​ តាមច្បាប់​បាន​កំណត់​ថា​ រាល់​ការសាងសង់​សំណង់​អគារ​ ត្រូវ​រក្សាទុក​ និង​បង្កើត​តំបន់​បៃតង ៣០ភាគរយ​នៃ​ផ្ទៃដី​ដែល​នៅសល់​ពី​តួ​សំណង់​។

លោក​បាន​បញ្ជាក់​ថា​ “ការកំណត់​បែបនេះ​ ដោយសារតែ​រដ្ឋាភិបាល​សង្កត់ធ្ងន់​ទៅលើ​ការ​ថែរក្សា​បរិស្ថាន​ បង្កើន​សោភ័ណភាព​ក្នុង​តំបន់​អភិវឌ្ឍ​ ជាពិសេស​គឺ​សំដៅ​ដល់​ការធានា​ផាសុកភាព​អ្នក​រស់នៅ​ក្នុង​តំបន់​ ឬអគា​អភិវឌ្ឍន៍​”។

អ្នកជំនាញ​ផ្នែក​ស្ថាបត្យករ​ លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ បាន​មានប្រសាសន៍​ថា​ ការ​ថែរក្សា​តំបន់​បៃតង​ចាំបាច់​គឺ​ត្រូវតែ​មាន​ ព្រោះ​គ្រប់​ទីតាំង​អគារ​ទាំងអស់​ មិនថា​ចំពោះ​សំណង់​អគារ​ធំៗ​ខ្ពស់​ៗ ឬសំណង់​បុរី​លំនៅ​ដ្ឋាន​នោះ​ទេ​ គឺ​ត្រូវតែ​មាន​លំហ​របៃ​តង​។

លោក​បាន​បន្ត​ទៀត​ថា​ “សំណង់​អគារ​ធំ​ និង​ខ្ពស់​ៗក្រៅពី​ទុក​តំបន់​បៃតង​ ក៏​ត្រូវ​បែងចែក​ទៅលើ​ទីធ្លា​ទូលាយ​ ផ្នែក​ខាងក្រៅ​នៃ​តួ​សំណង់​ផង​ដែរ​ ប៉ុន្តែ​អ្នក​អភិវឌ្ឍ​ខ្លះ​ ដោយសារតែ​គិត​លើ​ផល​ចំណេញ​ពេក​ក៏​បំពានច្បាប់​”។ លោក​បន្ត​ទៀត​ថា​ “ការ​បែង​ចែក​ទុក​ទីធ្លា​ខាងក្រៅ​នៃ​តួ​អគារ​ ក៏ដូចជា​បង្កើត​តំបន់​បៃតង​ គឺ​សុទ្ធតែ​គិតគូរ​ទៅដល់​ការចូលរួម​ចំណែក​នៃ​សោភ័ណភាព​ គុណភាព​ និង​ផាសុកភាព​ដល់​ការរស់នៅ​ទាំ​អស់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here