រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី៤​ ថ្មី​មួយ​បន្ថែម​ទៀត​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​និង​កំពុង​សិក្សា​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ បាន​នឹង​កំពុង​ដំណើរការ​សាងសង់​យ៉ាង​រលូន​ទៅមុខ​។

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​ ផ្លូវ​ខេត្ត​ព្រះសីហនុ​ចំនួន​ពីរ​ខ្សែ​កាល​ថ្ងៃទី​ ២០​ ខែសីហា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤ បាន​នឹង​កំពុង​សិក្សា​សាងសង់​ឆាប់​ខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ កាត់បន្ថយ​ការ​កកស្ទះ​ និង​ការ​ធ្វើ​ចរាចរណ៍​ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចំរើន​។

ទោះជាយ៉ាងណា​លោក​មិនបាន​បញ្ជាក់​លំអិត​ ពី​គំរោង​ផ្លូវ​នេះ​មាន​ប្រវែង​ប៉ុន្មាន​គីឡូម៉ែត្រ​ ចេញពី​តំបន់​ណា​ទៅកាន់​តំបន់​ណា​ និង​ត្រូវ​ចំ​ណយ​ទឹកប្រាក់​ប៉ុន្មាន​លាន​ដុល្លារ​នៅឡើយ​ទេ​។

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ លោក​មិន​ច្បាស់​ថា​ ផ្លូវ​ក្រវាត់ក្រុង​ទី៤​ ដែល​ក្រសួង​កំពុង​សិក្សា​នេះ​ស្ថិតនៅ​ត្រង់ណា​នោះ​ទេ​ ដោយ​លោក​នឹង​សួរ​អ្នកជំនាញ​បន្ថែម​ទៀត​ ប៉ុន្តែ​លោក​អាច​ប៉ាន់ស្មាន​ថា​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី៤នេះ​ នឹង​ធ្វើ​តពី​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នៅ​ត្រើយ​ខាងកើត​ ​ឬក៏​ធ្វើ​ផ្លូវ​ថ្មី​ចេញពី​ផ្លូវ៥១​ មកដល់​ផ្លូវជាតិ​លេខ៣​ ឡើង​ដល់​ភ្នំពេញ​។

លោក​ថា​ “ខ្ញុំ​មិន​អាច​ឆ្លើយ​លម្អិត​បានទេ​ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤នេះ​ អាច​នឹង​សាងសង់​បន្ត​ពី​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ចាប់ពី​ត្រើយ​ខាងកើត​ឆ្ពោះទៅ​ដី​លីយ៉ុង​ផាត់​ បើមិនដូច្នោះទេ​ អាច​នឹង​សាងសង់​ថ្មី​ចេញពី​ផ្លូវជាតិ៥១​ តែ​ខ្ញុំ​មិន​ច្បាស់​ថា​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​ លើកឡើង​សំដៅ​ផ្លូវ​ណាមួយ​នោះ​ទេ​”។

លោក​បញ្ជាក់​ថា​ “ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤នេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​ក្រសួង​បាន​ចាប់ផ្តើម​សិក្សា​យូ​ណាស់​មក​ហើយ​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ បាន​នឹង​កំពុងតែ​ដំណើ​ការ​សង​សង់​ជា​ធម្មតា​ ពុំ​មាន​អ្វី​រំាង​ស្ទះ​នោះ​ទេ​”។

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ត្រូវ​បាន​រដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១៤​ ខែ​ មករា​ ឆ្នាំ២០១៩កន្លងមក​នេះ​ ដែល​មាន​ប្រវែង​ជាង៥០គីឡូម៉ែត្រ​ ក្រោម​ការ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ និង​ចូលរួម​ថវិកាបដិភាគ​ពី​រដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ការ​បោស​សម្អាត​មីន​និ​ងយុទ្ធភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ ពន្ធ​ និង​សួយសារអាករ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here