រដ្ឋាភិបាល​ជំរុញ​និស្សិត និង​អាជីវករ បន្ត​បង្កើត​បង្កើន​មុខរបរ​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាល​តាមរយៈ​ប្រធានសភា​មុខរបរ​និង​មីក្រូ​សហគ្រាស​កម្ពុជា បានស្នើ​ឲ្យ​សិស្ស និស្សិត និង​អាជីវករ​ទាំងអស់ ឲ្យ​បន្ត​បង្កើត​បង្កើន​មុខរបរ ឬ​អាជីវកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត  ដោយមាន​សភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា​រង់ចាំ​ជួយ​ជានិច្ច។

លោក​ស៊ុន គន្ធរ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានសភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា​បែបនេះ បានធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ទស្សនវិស័យ បញ្ហា​ប្រឈម និង​ឱកាស នៃ​ការអភិវឌ្ឍ សហគ្រាស មីក្រូ​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នា​ភូមិភាគ​ពាយ័ព្យ​កាលពីដើម​សប្តាហ៍​នេះ​ថា បើ​អាជីវករ និង​និស្សិត អាច​ពង្រីក​និង​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន នោះ​គឺជា​ឱកាស​ក្នុងការ​បង្កើត​បង្កើន​ចំណូល សម្រាប់​សម្របសម្រួល​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង។ បើ​ប្រជាជន​ក្នុង​មូលដ្ឋាន​មានមុខ​របរ មាន​ចំណូល​នោះ ក៏​ជាការ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ។

លោក​បន្តថា “យើង​មាន​អ្នកជំនាញ​ចាំ​ជួយ​បំពាក់បំប៉ន និង​លើកទឹកចិត្ត​ដើម្បី​ឲ្យ​និស្សិត​អាចបង្កើត​មុខរបរ​ផ្ទាល់ខ្លួន ហើយ​អាជីវករ​អាច​ពង្រីក​មុខ​របរ​របស់ខ្លួន​បាន។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ​ហ៊ុន សែន​កាលពី​ពាក់កណ្តាល​ឆ្នាំនេះ បានប្រកាស​បង្កើត​ធនាគារ​សម្រាប់​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដោយ​គ្រោង​ចំណាយ​ទុន១០០លាន​ដុល្លារ​ដើម្បី​បង្កើត​ធនាគារ​នេះ។

Advertisement

ជាមួយគ្នានេះ បណ្ឌិត​សួង ណ​យ អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ១ផលិតផល១ ក៏បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​ចំណេះដឹង អំពី​ផែនការអាជីវកម្ម ការចាប់ផ្តើម​អាជីវកម្ម និង​លក់​ផលិតផល​ក្នុងស្រុក ដល់​អ្នកចូលរួម​ឲ្យ​បាន​យល់​បន្ថែម​អំពី​ឱកាស នៃ​កិច្ចដំណើរការ​អាជីវក​ម្ម​របស់ខ្លួន ស្របទៅតាម​បរិបទ​សង្គម និង​គោលនយោបាយ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​យើង។

លោក​ក៏បាន​បំផុស​ឲ្យ​សិស្ស និស្សិត និង​អាជីវករ ជាប់​ផ្តើម​បង្កើត​បណ្តាញ​អាជីវកម្ម​ក្នុង​មូលដ្ឋាន ឈានទៅ​សហការ​ជាមួយ​ដៃគូ​ក្នុង​តំបន់​ដទៃ ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការលក់​របស់ខ្លួន ឲ្យ​កាន់​តែមាន​សក្តានុពល​ប្រកបដោយ​ចីរភាព៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here