រដ្ឋាភិបាល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​ពន្លឿន​ការសិក្សា​បញ្ចប់​គម្រោង​ប្លង់​មេ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​តំបន់ឆ្នេរ​

0

ដោយ ​វត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​អន្តរក្រសួង​ស្ថាប័ន​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិស្វកម្ម​សៀងហៃ​ (Shanghai​ Engineering​ Co​., Ltd​) ដែល​ជា​ក្រុមហ៊ុន​ចិន​ ពន្លឿន​ការសិក្សា​បញ្ចប់​ ផែនការមេ​អភិវឌ្ឍន៍​បណ្តាញ​លូ​ទឹក​កខ្វក់​ និង​លូ​ទឹកភ្លៀង​ក្នុង​ក្រុង​ជាប់មាត់​សមុទ្រ​មាន​ក្រុង​កំពត​ និង​ក្រុងកែប​ ឱ្យ​បាន​លឿន​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​រីក​ចំរើន​នៃ​ក្រុង​ទាំងពីរ​នេះ​។

យោង​តាម​កិច្ចប្រជុំ​អន្តរក្រសួង​ និង​តំណាង​ក្រុមហ៊ុន​វិស្វកម្ម​សៀងហៃ​នៅ​ថ្ងៃទី​ ២ ខែធ្នូ​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​ អង្គប្រជុំ​បង្ហាញ​ការ​ពេញចិត្ត​គាំទ្រ​លើ​លទ្ធផល​ការសិក្សា​គម្រោង​ និង​ស្នើ​ពន្លឿន​ការសិក្សា​ផែនការមេ​បញ្ចប់​ ដោយ​យោង​តាម​ផែនទី​ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​ចក្ខុវិស័យ​ឆ្នាំ២០៣០​ ដើម្បី​ឈាន​ដល់​ការសាងសង់​ ព្រោះ​បញ្ហា​ទឹក​កខ្វក់​ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​លូ​ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ជា​កិច្ចការ​អាទិភាព​ខ្ពស់​របស់​រដ្ឋាភិបាល​អណត្តិ​ទី៦​។

កិច្ចប្រជុំ​នេះ​បាន​ផ្តោត​លើ​ការ​ត្រួតពិនិត្យ​ ពិភាក្សា​ផ្តល់​យោបល់​ លើ​លទ្ធផល​បឋម​ “គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព​ និង​ផែនការមេ​អភិវឌ្ឍ​បណ្តាញ​លូ​ទឹក​កខ្វក់​ និង​លូ​ទឹកភ្លៀង​ក្នុង​ក្រុង​កំពត​ ខេត្តកំពត​ និង​ក្រុងកែប​ ខេត្ត​កែប​ ” សិក្សា​ដោយក្រុម​ហ៊ុន​វិស្វកម្ម​សៀងហៃ​ (Shanghai​ Engineering​ Co​., Ltd​) សហការ​ជាមួយ​នាយកដ្ឋាន​សំ​ណង់​ប្រព័​ន្ឋ​ចម្រោះ​ទឹក​កខ្វក់​ (SMCD​/MPWT​) នៃ​អគ្គនាយក​ដ្ឋាន​សាធារណការ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​។

ការសិក្សា​សមិទ្ធិ​លទ្ធភាព​ និង​ការរៀបចំ​ផែនការ​គម្រោង​ចាប់ផ្តើម​តាំងពី​ពាក់​ណ្តាល​ឆ្នាំ២០១៩ក​កន្លងមក​នេះ​ មាន៥​ដំណាក់​កាល​ផ្សេង​ៗ ដោយ​ចាប់ផ្តើម​ពី​ការ​ប្រមូល​ទិន្នន័យ​ពី​បណ្តា​មន្ទីរ​ខេត្ត​ និង​ក្រសួង​ពាក់​ព័ន្ឋ ហើយ​ការសិក្សា​ត្រូវ​ចំណាយពេល​សិក្សា៥​ ទៅ៧ខែ​។ ក្នុង​នោះ​ ក្រុមការងារ​បាន​ចុះ​ទស្សនកិច្ច​ទីតាំង​មួយចំនួន​ ដូចជា​ទីតាំង​គ្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ស្ថានីយ​បូមទឹក​ឆៅ​ក្រុង​កំពត​ បណ្តាញ​លូ​បង្ហូរ​ ប្រភព​បំពុល​មួយចំនួន​ដែល​បណ្តាល​មក​ពី​ទឹក​កខ្វក់​ ស្ថានីយ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ និង​ពិនិត្យ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ផ្សារ​ក្តាម​ខេត្ត​កែប​។

ក្រោយ​រយៈពេល៣ខែ​ ក្រុមការងារ​សិក្សា​គម្រោង​ នឹង​ដាក់​ជូន​នូវ​ពង្រាង​ការសិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍ​បណ្តាញ​លូ​ទឹក​កខ្វក់​ និង​ទឹកភ្លៀង​ ដល់​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​កែ​លម្អ​បន្ថែម​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ធ្លាប់​បានឱ្យ​ដឹង​ថា​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​កំពុងតែ​សិក្សា​ផែនការមេ​ និង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វ​ ក់​នៅ​តាម​បណ្តា​ខេត្ត​ដូចជា​ កំពត​ កែប​ កោះកុង​ បាត់ដំបង​ កំពង់ចាម​ និង​ខេ​ត្ត​ផ្សេង​ៗទៀតផង​ដែរ​ ដែល​ជាក់ស្តែង​ខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើការ​សិក្សា​ផែនការមេ​នេះ​រួចហើយ​ ហើយនឹង​បន្ត​ធ្វើ​ផែនការមេ​នេះ​ ​ឱ្យ​គ្រប់២៥ខេត្ត​ក្រុង​តែម្តង​។

លោក​បន្ថែម​ថា​ “នៅពេល​ដែល​ការសាងសង់​ប្រព័ន្ធ​លូ​ទាំងនេះ​ រួចជាស្រេច​នៅ​ថ្ងៃខាងមុខ​ យើង​នឹង​លែង​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​ទៀត​ឡើយ​ ព្រោះ​មុននឹង​បង្ហូរ​ទៅ​សមុទ្រ​ យើង​នឹង​ចម្រោះ​វា​ឱ្យ​ស្អាត​ជាមុន​សិន​ តែបើ​សិន​ជា​ការប្រើ​ប្រាស់​ទឹក​កាន់តែ​ច្រើន​ ទឹក​កខ្វក់​ហូរចេញ​ពី​ផ្ទះ​ពលរដ្ឋ​ អគារ​សណ្ឋាគារ​ផ្សេង​ក៏​កាន់តែ​ច្រើន​ ដូច្នេះហើយ​ត្រូវការ​សាងសង់​ប្រព័ន្ធ​លូ​ និង​អាង​ចម្រោះ​ជាបន្តបន្ទាប់​ទៀតផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here