រដ្ឋាភិបាល​នឹង​វិនិយោគ​ទឹកប្រាក់​ ១៧០លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ នៅ​ក្រុង​ព្រះសីហនុ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​បាន​ប្រាប់​ថា​ រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ១៧០លាន​ដុល្លារ​ ដើម្បី​ដំណោះស្រាយ​ និង​បញ្ចៀស​បញ្ហា​ប្រព័ន្ធ​បង្ហូរទឹក​ភ្លៀង​ និង​ទឹក​កខ្វក់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​គម្រោង​ប្រមូល​យក​ថវិកា​ពី​បណ្តា​ម្ចាស់​សណ្ឋាគារ​ អគារ​ពាណិជ្ជកម្ម​នានា​ ផ្ទះសំណាក់​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ និង​ប្រកប​អជីវ​កម្ម​នៅក្នុង​ក្រុង​ព្រះសីហនុ​។

មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ ការសិក្សា​ផែនការមេ​ និង​សមិទ្ធ​លទ្ធភាព​គម្រោង​ អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​ នៅ​ទីក្រុង​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៩នេះ​ លោក​ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ស៊ុន​ ចាន់​ថុល​ បាន​លើកឡើង​ថា​ ជា​យុទ្ធសាស្ត្រ​នៅក្នុង​ការគ្រប់គ្រង​បញ្ហា​ទឹក​កខ្វក់​នៅក្នុង​ក្រុង​ព្រះសីហនុ​ ក្រសួង​នឹង​ដាក់​វិធានការ​ឱ្យ​មានការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដោយ​ការ​ចូល​ជា​ថវិកា​ជាប់​ជាប្រចាំ​។

លោក​បន្ត​ទៀត​ថា​ “ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ រួម​ជាមួយនឹង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​អជ្ញា​ធរ​ដែនដី​ កំពុងតែ​សិក្សា​ពីរ​បៀ​បនៃ​ការ​ប្រមូល​ថវិកា​តាមរយៈ​ការ​ចំណាយ​ទៅលើ​ការប្រើ​ប្រាស់​ទឹក​ស្អាត​ ប៉ុន្តែ​យើង​នៅ​មិនទាន់​កំណត់​ថា​ ត្រូវ​បង់​ក្នុង​ទំហំប៉ុន្មាន​ឱ្យ​ប្រាដក​នៅឡើយ​នោះ​ទេ​”។

លោក​ ស៊ុន​ ចាន់​ថុ​លបា​នប​ញ្ជា​ក់​ថា​ ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​ត្រូវ​បែងចែក​ជា​ផ្នែក​ផ្សេង​ៗជាច្រើន​ និង​ចំណាយ​ថវិកា​យ៉ាង​សន្ធឹក​សន្ធាប់​ប្រមាណ​ជាង១៧០លាន​ដុល្លារ​។

នៅក្នុង​ផែនការមេ​ត្រូវ​ធ្វើ​ប្រព័ន្ធ​អាង​ចម្រោះ​ សម្រាប់​ទឹកទំ​ហំ៤០​,០០០ម៉ែត្រគូប​ ដែល​ត្រូវ​ចំណាយ​ជាង៥០លាន​ដុល្លារ​។ កសាង​ប្រព័ន្ធ​លូ​បង្ហូរទឹក​លូ​មេ៤៥គីឡូម៉ែត្រ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ៤០លាន​ដុល្លារ​។ សាងសង់​បណ្តាញ​បង្ហូរទឹក​តូច​ចេញពី​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ ដែល​គ្រោង​ចំណាយ៨លាន​ដុល្លារ​។ ត្រូវ​បង្កើត​ប្រព័ន្ធ​បូមទឹក​កខ្វក់​បន្ថែម​ ដែល​គ្រោង​ចំណាយ​ប្រមាណ១៥លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ការគ្រប់គ្រង​ប្រព័ន្ធ​លូ​ទឹកភ្លៀង​វិញ​ ក៏​ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ផង​ដែរ​ ដោ​យត្រូ​វា​សាងសង់​បណ្តាញ​ចំនួន២៥គីឡូម៉ែត្រ​ ដែល​តម្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ២៥លាន​ដុល្លារ​បន្ថែម​ទៀត​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ លោក​គួច​ ចំរើន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ “ពេលនេះ​ក្រសួង​ជំនាញ​ និង​ពាក់ព័ន្ធ​កំពុងតែ​សិក្សា​លម្អិត​នៅឡើយ​ មិនទាន់​ដាក់ចេញ​នូវ​ផែនការ​ជាក់លាក់​នោះ​ទេ​”។ លោក​បន្ត​ទៀត​ថា​ “ក្រោយពេល​គោលនយោបាយ​ត្រូវ​បាន​អនុម័ត​ និង​ដាក់ចុះ​ អជ្ញា​ធរ​តំបន់​ រួម​ជាមួយនឹង​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ត្រូវតែ​អនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ទៅតាម​ការកំណត់​របស់​សេចក្ដីណែនាំ​ជាកំហិត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here