រដ្ឋាភិបាល​រំពឹង​ថា​ ជប៉ុន​នឹង​បង្កើន​ទុន​វិនិយោគ​ដល់​ជិត​ ២៥០លាន​ដុល្លារ​នៅ​ឆ្នាំនេះ​

0

ដោយ ​ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិ​វឌ្ឈ​ន៍​កម្ពុជា​បាន​ព្យាករណ៍​ថា​ ប្រទេស​ជប៉ុន​នឹង​បោះទុន​វិនិយោគ​ជិត ២៥០​លាន​ដុល្លារ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ២០១៩នេះ​ ខណៈ​ការ​វិនិយោគ​របស់​ជប៉ុន​ បាន​កើនឡើង​ខ្លាំង​ក្នុង​ប៉ុន្មាន​ចុងក្រោយ​នេះ​។

រូបភាពគម្រោង ARAKAWA Residence។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ ប្រទេស​ជប៉ុន​ បាន​បង្កើន​ការ​ផ្តល់​មូលនិធិ​របស់​ខ្លួន​ដល់​គម្រោង​វិនិយោគ​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ទិន្នន័យ​ពី​របស់​ស្ថាប័ន​នេះ​បាន​ឲ្យដឹង​ថា​ ការ​បង្កើន​មូលនិធិ​វិនិយោគ​របស់​ជប៉ុន​មាន​ទឹកប្រាក់​ពី ១១៩​,៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៦​ ដល់១៧១​,៨លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៨​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ប៉ាន់ស្មាន​ថា​ប្រទេស​ជប៉ុន​ នឹង​វិនិយោគ​ដល់​គម្រោង​វិនិយោគ​ដែល​មានតម្លៃ​ ២៤៩​,៤ លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។

ទោះជាយ៉ាងណា​បើ​ប្រៀបធៀប​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​នៅតែ​បន្ត​ធ្លាក់ចុះ​។

ទុន​វិនិយោគ​របស់​សហភាព​អឺរ៉ុប​ បាន​ធ្លាក់ចុះ​ពី៧០​,៣លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៤​ មក​ត្រឹម២៦​,៧លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ចំណែក​សហរដ្ឋអាមេរិក​បាន​វិនិយោគ​ដែល​មានតម្លៃ៩១​,៦លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៤​ ​និង​មានត្រឹមតែ៣៥​,៧លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ទំនិញ​កម្ពុជា​ដែល​មានតម្លៃ​ជាង១​,៦ ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន​ ហើយ​ទំនិញ​ដែល​មានតម្លៃ៤២១លាន​ដុល្លារ​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ជប៉ុន​។

ការនាំចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​ភាគច្រើន​ ជា​ប្រភេទ​សម្លៀកបំពាក់​ និង​ស្បែកជើង​ ខណៈ​ដែល​ការនាំចូល​ពី​ប្រទេស​ជប៉ុន​រួមមាន​គ្រឿងម៉ាស៊ីន​ ឡាន​ សាច់គោ​ ដែក​ គ្រឿង​អេឡិចត្រូនិក​ និង​ឱសថ​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here