រដ្ឋាភិបាល​អនុម័ត​ទុន​វិនិយោគ​ប្រមាណ​ ២២​,៥ពាន់​លាន​ដុល្លារ​លើ​គម្រោង​ចំនួន៨៣១ ក្នុងរយៈពេល​ ៤ឆ្នាំ​

0
អគារ CDC។ រូបថត៖ សហការី

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បានសម្រេច​ឯកភាព​លើ​គម្រោង​វិនិយោគ​ចំនួន៨៣១ គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ២២​,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ចន្លោះ​ឆ្នាំ២០១៦​ ២០១៩នេះ​។

អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​ជា​ វុទ្ធី​បានឱ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ សក្តា​នុ​ពល​វិនិយោគ​នៅ​កម្ពុជា​នា​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ សកម្មភាព​វិនិយោគ​មានការ​កើនឡើង​ជាលំដាប់​រៀងគ្នា​ទាំង​ចំនួន​គម្រោង​ ទាំង​ទុន​វិនិយោគ​។

ជាក់ស្តែង​ CDC​ បានសម្រេច​ឯកភាព​ លើ​គម្រោង​វិនិយោគ​ចំនួន ១៧១គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៦ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៦​ ។ ១៨៣​ គម្រោង​ដែល​មាន​ទុន​វិនិយោគ ៦​,៣ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៧​ ​និង២៥៥​ គម្រោង​ដែល​មាន​ទុន​វិនិយោគ៦​,៤ ពាន់​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ​ ២០១៨​។

លោក​ជា​ វុទ្ឋី​បាន​បន្ថែម​ថា​ នៅក្នុង​រយៈពេល​ដូចគ្នា​នេះ​ដែរ​ សកម្មភាព​វិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក៏​មានការ​កើនឡើង​ជាបន្តបន្ទាប់​ផង​ដែរ​ ដោយ​ក្នុង​ឆ្នាំ២០១៦​ គម្រោង​វិនិយោគ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន៤២ គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ២៨៣លាន​ដុល្លារ​អាមេរិក​។ នៅក្នុង​ឆ្នាំ​ ២០១៧​ មាន៤៧គម្រោង​ ដែល​មាន​ទុន​វិនិយោគ ៤៤៤​លាន​ដុល្លារ​អាមេរិក​ និង​នៅ​ឆ្នាំ២០១៨​ មាន​ ៧៩​គម្រោង​ដែល​មាន​ទុន​វិយោគ៥៥២លាន​ដុល្លារ​អាមេរិក​។

របាយការណ៍​របស់ ​CDC ​បាន​បន្ត​ថា​ ដោយឡែក​ក្នុងរយៈពេល៨ខែ​ដើមឆ្នាំ​ ២០១៩​ នេះ​ គម្រោង​វិនិយោគ​មាន​ចំ​ណួន​ ២២២​ គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង៦ពាន់​លាន​ដុល្លារ​អាមេរិក​ កើនឡើង​ចំនួន៨១គម្រោង​ និង​ទុន​វិនិយោគ​ប្រមាណ ១​,៨៨ពាន់​លាន​ដុល្លារ​អាមេរិក​ បៀ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០១៨​។

ចំណែក​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ បាន​ទាក់ទាញ​គម្រោង​វិនិយោគ​មាន​ចំនួន៧១គម្រោង​ ដែល​មាន​ទុន​វិយោគ​ប្រមាណ៥៧៨លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​មានការ​កើនឡើង​ចំនួន២៦គម្រោង​ និង​ទុន​វិនិយោគ១៩លាន​ដុល្លារ​អាមេរិក​។ គិត​ត្រឹម​ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​កំពុង​មាន​ប្រតិបត្តិ​ការ​មាន​ចំនួន២៣តំបន់​ ក្នុង​នោះ​មាន​គម្រោង​វិ​និ​យោ​គចំនះ​នួន ៤៨២គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៦ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ទំហំ​នៃ​ការនាំចេញ​ដែល​មាន​ប្រភព​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ប្រមាណ១៥ភាគរយ​ នៃ​ទំហំ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០១៨​។

ទន្ទឹម​នឹង​កំណើន​នៃ​សកម្មភាព​វិនិយោគ​ជា​រួម​ ដែល​មាន​មានក​កើនឡើង​ជាបន្តបន្ទាប់​នោះ​ គិត​ចាប់ពី​ឆ្នាំ២០១៦​ ដល់​ខែសីហា​ ឆ្នាំ២០១៩​ សកម្មភាព​វិនិយោគ​តាម​វិស័យ​ដែល​លេខ​ធ្លោ​ជាងគេ​វិស័យ​ទេសចរណ៍​ ដែល​មាន​ប្រមាណ៤៧​ % វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ២៤​% វិស័យ​ឧស្សាហកម្ម​ និង​កម្មន្តសាល ២៣​% និង​វិស័យ​កសិកម្ម​ និង​កសិ​-ឧស្សាហកម្ម៦​ % នៃ​ទំហំ​វិនិយោគ​សរុប​។

ជាមួយគ្នា​នេះ​ ក្នុងរយៈពេល៨​ ខែ​ដើមឆ្នាំ២០១៩ចំនួន​ គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​កម្មន្តសាល​មានការ​កើនឡើង​ខ្លាំង​ ខណៈ​ទុន​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​យ៉ាង​គំហុក​ ប្រមាណ​ជាង៩៤​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​៕

LEAVE A REPLY

Please enter your comment!
Please enter your name here