រដ្ឋាភិបាល ផ្តល់កាដូរពិសេសដល់ពលរដ្ឋក្រោយបុណ្យចូលឆ្នាំខ្មែរ

0

ដោយ : វត្ថា
ភ្នំពេញ : រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីសិរីសោភ័ណ ទៅបាត់ដំបង មានប្រវែង៦៥គ.ម ដោយអោយប្រជាពលរដ្ឋរបស់ខ្លួនជិញដោយមិនគិតថ្លៃចាប់ថ្ងៃសម្ពោធរហូតដល់ថ្ងៃទី០១ សីហា ២០១៨។


ថ្លែងនៅក្នុងពិធីបើកដំណើរការបណ្តោះអាសន្ន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំណាត់ផ្លូវរថភ្លើងមួយខ្សែនេះដែលត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នជាថ្មីម្តងទៀតបន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការពីភ្នំពេញ-ប៉ោយប៉ែតនៅត្រឹមចុងឆ្នាំ២០១៨ ប្រវែង៣៨៦គ.ម។


លោក ស៊ុន ចាន់ថុល បានបន្តថា ការដាក់ឱ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។ លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះ ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ។


គួររំលឹកផងដែរថា ផ្លូវដែកទិសពាយ័ព្យ ពីប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ទៅបាត់ដំបង មានប្រវែងសរុប១១៣គ.ម ដោយមានស្ថានីយ៍ចំនួន១៥ រួមមាន ស្ថានីយ៍ប៉ោយប៉ែត ស្ថានីយ៍កូប ស្ថានីយ៍សូភី ស្ថានីយ៍សាលាសំរោង ស្ថានីយ៍ទឹកថ្លា ស្ថានីយ៍សិរីសោភ័ណ ស្ថានីយ៍មង្គលបូរី ស្ថានីយ៍ចំការចេក ស្ថានីយ៍ភ្នំតូច ស្ថានីយ៍ទួលសំរោង ស្ថានីយ៍ជ្រោយស្តៅ ស្ថានីយ៍ជណ្តើរស្វា ស្ថានីយ៍អូរតាគី ស្ថានីយ៍សៀម និងស្ថានីយ៍បាត់ដំបង។ ក្នុងនោះកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ មានប្រវែង៤៨គ.ម ទ្រទម្ងន់បាន ២០តោន/អ័ក្ស ដែលបានដាក់ឱ្យដំណើរការពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង មានប្រវែង៦៥គ.ម ទ្រទម្ងន់បាន ១៥តោន/អ័ក្ស ដាក់ឱ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ៕

- Advertisement -

Leave a Reply