រដ្ឋាភិបាល សហការជាមួយសមាជិក ERIA ពិភាក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា ដែលមានអន្តរក្រសួងចូលរួមបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)រៀបចំកម្មវិធីស្វែងយល់ និងសិក្សា ដើម្បីពង្រឹងចំណេះដឹង បទពិសោធន៍ យុទ្ធសាស្ត្រ យុទ្ធវិធី និងគំនិតថី្មៗ និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការវិស័យសេវាហិរញ្ញវត្ថុ និងវិស័យសេវាទូរគមនាគមន៍ និងក្រសួងនានាជាច្រើនទៀត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា និងក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) “Focus Group Discussion for ATISA (Negative List Approach)” ។

អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ពេជ ឬទ្ធី បានមានប្រសាសន៍កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ថា “ដោយទទួលបានអណត្តិពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ ដែលបានអនុម័តដោយប្រមុខដឹកនាំអាស៊ានទាំងអស់ កាលពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅប្រទេសម៉ាឡេស៊ី ដែលបានបង្ហាញពីគោលបំណងរបស់អាស៊ាន ក្នុងការពង្រីក និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេវាកម្ម”។ លោកបានបន្តទៀតថា “ដើម្បីជំរុញសមាហរណកម្មអាស៊ានទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មសកលោក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រទេសសមាជិកអាស៊ានលើវិស័យសេវាកម្មផងដែរ។ ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ដែលត្រូវបានបញ្ចប់ការចរចាដោយជោគជ័យ និងបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី។

លោកស្រីបណ្ឌិត Intan M. Ramli អ្នកស្រាវជ្រាវគោលនយោបាយរបស់វិទ្យាស្ថាន ERIA បានលើកឡើងថា ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវបានណែនាំឲ្យធ្វើការផ្ទេរតារាងសន្យាតាមវិស័យពីកញ្ចប់សន្យាចុងក្រោយរបស់ខ្លួន ជាបញ្ជីវិជ្ជមាន (Positive List) ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសេវាកម្ម (AFAS) ទៅជាបញ្ជីអវិជ្ជមាន (Negative List) ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA)។ ក្នុងនោះផងដែរ ប្រទេសសមាជិកអាស៊ានមួយចំនួន ក៏មានផលវិបាក ក្នុងការផ្ទេរតារាងសន្យាទៅជាបញ្ជីបដិលោម (Non-conforming measures) ជាពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជាកម្ពុជា ដែលមិនធ្លាប់មានបទពិសោធន៍ពីមុនមក និងបញ្ហាធនធានមនុស្សនៅមានកម្រិតផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here