រថយន្តក្រុង​សាធារណៈ​ចាប់ផ្តើម​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ

0

ដោយ​ដែន ចែងចាំង

ភ្នំពេញ៖ នៅ​ទីបំផុត​សេវាកម្ម​រថយន្ត​សាធារណៈ​របស់​ក្រុង​ចាប់ផ្តើម​ទទួលបាន​ការគាំទ្រ និង​លើក​សើរ​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​ជាបណ្តើរៗហើយ។

- Advertisement -

លោក​សែន ពិសិដ្ឋ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​ជាប្រចាំ​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១១ មករា​នេះ​ថា ពីមុន​សេវាកម្ម​របស់​រថយន្ត​ក្រុង ហាក់​មាន​សភាព​យឺត​ប​ន្តិ​ច ដែល​ធ្វើឱ្យ​ពួកគាត់​ទៅធ្វើ​ការងារ​មិនទាន់​ពេលវេលា ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពួកគាត់​សប្បាយចិត្ត ព្រោះ​សេវា​រថយន្តក្រុង​តាម​បណ្តោយ​ផ្លូវ​នេះ រហ័ស​ជាង​មុន មិន​ពិបាក​រង់ចាំ ហើយ​ពួកគាត់​ទៅធ្វើ​ការងារ​ទាន់ពេលវេលា និង ចំណេញ​ថវិការ​ទៀតផង។

Advertisement

សាលា​រាជធានី​ភ្នំពេញ​បាននិងកំពុង​បន្ថែម រថយន្ត​ជាច្រើន​គ្រឿង និង​ផ្លូវ​បន្ថែមទៀត ទើប​ធ្វើឱ្យ​ការផ្តល់សេវា​នេះ​បាន​ឆាប់រហ័ស និង​ចំណេញ​ពេល។

- Advertisement -

សេវា​ដឹកជញ្ជូន​សាធារណៈ​របស់​រដ្ឋ ឬ​រថយន្តក្រុង នៅ​រាជធានី​ភ្នំពេញ ការផ្តល់​សេវាកម្ម ចាប់ដំណើរការ​ពី ម៉ោង៥ និង៣០នាទី​ព្រឹក រហូតដល់​ម៉ោង៨ និង៣០នាទី​យប់។ ឯ​តម្លៃ​សំបុត្រ ១ពាន់៥រយ​រៀល​ក្នុង​ម្នាក់ តែ​ក៏​ត្រូវបាន លើកលែង​មិន​យក​ថវិកា ចំពោះ​ព្រះសង្ឃ ចាស់ជរា ជនពិកា កម្មករ កម្មការិនី សិស្ស និស្សិត និង​កុមារ​កម្ពស់​ក្រោម មួយ​ម៉ែត្រ​ផងដែរ។

សេវា​ដឹកជញ្ជូន​សាធារណៈ​របស់​រដ្ឋ​នេះ មាន៨ខ្សែ ដែល​ខ្សែ​ទី១ (ពណ៌​បៃតង) ចេញពី​គីឡូម៉ែត្រ​លេខ៩ ដល់​ចំណត​បឹង​ឈូក ប្រវែង២០គីឡូម៉ែត្រ។ ខ្សែ​ទី២ (ពណ៌​ក្រហម) ចេញពី​ផ្សារ​អេ​អន២ ដល់​រង្វង់​មូល​ក្រុង​តាខ្មៅ ប្រវែង១៩.៥គីឡូម៉ែត្រ។  ខ្សែ​ទី៣ (ពណ៌​ខៀវ) ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ដល់​បុរី​សន្តិភាព២ ប្រវែង ២១.៥គីឡូម៉ែត្រ។ ខ្សែ​ទី៤ (ពណ៌​ផ្កាឈូក) ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ប្រវែង ២៨.៥ គីឡូម៉ែត្រ។  ខ្សែ​ទី៥ (ពណ៌​ទឹកសមុទ្រ) ចេញពី​ផ្សារ​អេ​អន២ ដល់​ផ្សារ​អេ​អន១ ប្រវែង១១.៦ គីឡូម៉ែត្រ។  ខ្សែ​ទី៦ (ពណ៌​លឿង) ចេញពី​បុរី​រុងរឿង ដល់​ផ្សារ​ស៊ីន​ជូ​រី​ផ្លា​ហ្សា ប្រវែង១៦គីឡូម៉ែត្រ។  ខ្សែ​ទី៧ (ពណ៌​ទឹកក្រូច) ចេញពី​គីឡូម៉ែត្រ​លេខ៩ ដល់​ផ្សារ​អេ​អន១ ប្រវែង២៤.៥គីឡូ​វ​ម៉ែត្រ និង​ខ្សែ​ទី៨ (ពណ៌​ខ្មៅ) ចេញពី​បុរី​រុងរឿង ដល់ គីឡូម៉ែត្រ​លេខ៩ ប្រវែង១៨.៥គីឡូម៉ែត្រ។

សេវាកម្ម​រថយន្តក្រុង​បាន​ដំណើរការ​ជា​លើកដំបូង នៅ​ដើម​ទសវត្សរ៍​ឆ្នាំ២០០០ ដែល​ពេលនោះ​មាន​លោក ជា​សុផារ៉ា​ជា​អភិបាល​ក្រុងភ្នំពេញ។ សេវាកម្ម​ពេលនោះ​មាន ការឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហ​ប្រតប​ត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA)៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here