រយៈពេល៦ខែ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​- កូរ៉េ​កើនឡើង៨៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​

0

ដោយៈ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅ​ត្រឹម​ឆមាស​ទី១នៃ​ឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​-កូរ៉េ​ ទទួល​បាន​លទ្ធផល​វិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់​។ ជាក់ស្ដែង​នៅ​ត្រឹម​ដំណាច់ខែ​ឧសភា​កន្លងទៅ​នេះ​ វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​ មានបាន​កើនឡើង​រហូតដល់៨៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

យោង​តាម​ការប្រកាស​លើ​បណ្តាញ​ទំ​នា​ក់់​ទំនង​សង្គម​របស់​ លោក​ឡូង​ ឌី​ម៉ង់​ឯកអគ្គ​រដ្ឋទូត​របស់​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នា​ព្រឹក​ថ្ងៃទី១២​ មិថុនា​នេះ​បាន​ឲ្យដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ កម្ពុជា​-កូរ៉េ​ ក្នុង​ខែឧសភា​ ២០១៩​ នេះ​មាន​ទឹកប្រាក់​ចំនួន ៨៥​លាន​ដុល្លារ​ ក្នុង​នោះ​ប្រទេស​កូរ៉េ​បាន​ធ្វើការ​នាំចូល​មកកាន់​កម្ពុជា​មាន​ទំហំ​ ៦៣.៤លាន​ដុល្លារ​ កើនឡើង​ប្រមាណ១១.២១ភាគរយ​។

ចំណែក​ឯប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េ​មាន​ទំហំ២១.៦លាន​ដុល្លារ​ កើនឡើង​ប្រមាណ៤.៣៨​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ដូច្នេះ​មានន័យថា​ ប្រទេស​កម្ពុជា​នៅ​មាន​ឱនភាព​ពាណិជ្ជកម្ម​ ជាមួយ​ប្រទេស​កូរ៉េ​ចំនួន៤១.៨លាន​ដុល្លារ​ នៅក្នុង​ខែឧសភា​កន្លងទៅ​នេះ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាល​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ ដោយ​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​ពី​វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​នេះ​ ហើយ​លោក​ជឿ​ថា​ នៅពេល​បន្ទាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នេះ​ នឹង​នៅតែ​បន្ត​មានការ​កើនឡើង​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “កូរ៉េ​ខាងត្បូង​ និង​កម្ពុជា​ គឺ​មាន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ជា​យូរណាស់​មក​ហើយ​ ជាពិសេស​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​តែម្ដង​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ ការ​វិនិយោគ​របស់​កូរ៉េ​មកកាន់​កម្ពុជា​ ភាគច្រើន​គឺជា​ការនាំចូល​ផលិតផល​សម្រេច​ដូចជា​សម្ភារៈសំណង់​ គ្រឿងអគ្គិសនី​ គ្រឿង​អេឡិចត្រូនិក​ គ្រឿងចក្រ​យានយន្ត​ និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ប្រភេទ​ ខណៈ​ដែល​​ទីផ្សារ​នៅ​កម្ពុជា​មាន​ជំនឿ​ជឿជាក់​ ទៅលើ​កម្រិត​គុណភាព​នៃ​ផលិតផល​របស់​ប្រទេស​មួយ​នេះ​”។

​លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ សម្រាប់​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​វិញ​ ភាគច្រើន​ជា​ផលិតផល​លើ​វិស័យ​កាត់ដេរ​ និង​កសិផល​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here