រាជរដ្ឋាភិបាលកំពុងរៀបចំផែនការថ្មីដើម្បីទាញយកប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល

0

ដោយ :  ដែន ចែងចាំង
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាប្រសើរជាងមុន និងមានកំណើនល្អជាងមុន រាជរដ្ឋាភិបាលកំពុងស្វែងរកគន្លឹះ និងការបញ្ចូលធាតុផ្សំផ្សេងៗ តាមរយៈសេដ្ឋកិច្ចបបែបឌីជីថល។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុត បានលើកឡើងនៅក្នុងវេទិការសាធារណៈស្តីពី សេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាពនៅកម្ពុជានៅទីស្តីការក្រសួងកាលពីថ្ងៃទី៩ ខែឧសភា កន្លងមកថា កម្ពុជាគម្រោងបង្កើតសេដ្ឋកិច្ចឌីជីថល ដែលជាគម្រោងផែនការថ្មី ក្នុងការស្វែងរកធាតុចូលនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីបង្កើតគម្រោង ក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេល១៥ឆ្នាំ នៅក្នុងយុទ្ធសាស្រ្តចតុកោណទី៤ ដែលជាតម្រូវការស្វែងរកទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងទិសដៅជម្រុញកំណើនឲ្យ​មាន ការផ្លាស់ប្តូរវិវត្តន៍ទៅមុខជានិច្ច។
លោកបន្តថា “ដើម្បីរក្សាកំណើនសេដ្ឋកិច្ចនេះ ការចាប់ផ្តើមធ្វើឲ្យប្រសើរឡើងលើបច្ចុប្បន្នកម្ម ទំនើបកម្មដែលមានស្រាប់ រួមមាន ឧស្សាហកម្ម កសិកម្ម កម្មន្តសាល និងវិស័យសេវាជាដើម ជាពិសេសការស្វែងរកប្រភេទឧស្សាហកម្មផ្សេងទៀត ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជម្រុញឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាមុន ក្នុងនោះយើងត្រូវតែធ្វើប្រតិភូកម្មសេដ្ឋកិច្ចម្ខាង និងការបង្កើតភាពប្រគួតប្រជែងម្ចាងទៀត”។


លោក វង្សី វិស្សុត បានបន្តថា “បច្ចុប្បន្នយើងកំពុងងាកទៅរកកំណើនខ្ពស់ គឺយើងងាកចេញពីអតិពលកម្ម ទៅជាការជម្រុញឲ្យមានលទ្ធភាព ក្នុងការងារពលកម្មដែលមានជំនាញ ជាបញ្ហាមួយដែលយើងកំពុងជួបប្រទះ និងជាចំណុចប្រឈម ដែលយើងត្រូវដោះស្រាយ ដើម្បីឈានទៅរក្សាកំណើនរយៈពេលវែង”។
លោក វង្សី វិស្សុត បានបន្តថា កម្ពុជាត្រូវឆ្លងកាត់និន្នាការពិភពលោកធំៗជាច្រើន ដូចជា និន្នាការនយោបាយ ការប្រែប្រួលអាកាសធាតុដែលបានជះឥទ្ធពលមកកម្ពុជា ការកើនឡើងនូវចំនួនមនុស្សចាស់។ ទម្ងន់នៃការរុញពីពិភពខាងលិច មកប្រទេសអភិវឌ្ឍន៍ខាងកើត ដែលកំពុងជះលទ្ធមកលើប្រទេសកម្ពុជា គឺបដិវត្តន៍ឧស្សាហកម្មទំនើប (រួមមានផ្នែកបច្ចេកវិទ្យានេះឯង) ដោយជះឥទ្ឋិពលមកលើ​យើងមិនដឹងខ្លួន។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បានថ្លែងថា កម្ពុជាមិនទាន់ទាញយកផលប្រយោជន៍បានច្រើន​នៅឡើយ ពីសេដ្ឋកិច្ចឌីជីថល ដោយសារកម្ពុជាមិនទាន់មានហេដ្ឋារចនាសម្ព័ន្ឋសមស្រម និងបានរៀបចំរួចនៅឡើយ ពិសេសសមត្ថភាពធនធានមនុស្សនៅមានកម្រិតរបស់កម្ពុជា នឹងធ្វើឲ្យកម្ពុជាទាញយកផលប្រយោជន៍ពីនិន្នាការថ្មីនេះ បានក្នុងកម្រិតមួយនៅតុចតួច​នៅឡើយ។
លោកបន្តថា “រដ្ឋាភិបាលគួរទាក់ទាញអ្នកមានសមត្ថភាព ដែលចេញទៅធ្វើការនៅក្រៅប្រទេសមក ដើម្បីកសាងនូវមូលដ្ឋាននិងរចនាសម្ពន្ធខួរក្បាលមួយ សម្រាប់ទាញយក​ផលប្រយោជន៍ពីនិន្នាការសេដ្ឋកិច្ចថ្មីនេះ”៕

- Advertisement -

Leave a Reply